ណីម៉ា អាច​ជាប់​គុក​៦ឆ្នាំ នៅ​អេស្ប៉ាញ!

ចៅក្រមជាតិអេស្ប៉ាញ ដែលត្រូវធ្វើការជំនុំជម្រះ ទៅលើកីឡាករ ណីម៉ា ក្នុងសំនុំរឿងមិនប្រក្រតី ទាក់ទងនឹងការផ្ទេរកីឡាករ ពីប្រទេសប្រេស៊ីល មកកាន់ក្រុមបាសឺឡូន ( អេស្ប៉ាញ) កាលពីឆ្នាំ២០១៣នោះ បានរំពឹងថា កំពូលកីឡាករអាចនឹងជាប់ពន្ធនាគារ ចំនួន៦ឆ្នាំ បើសិនជាកីឡាករ ត្រូវបានរកឃើញថាមានកំហុស នៅក្នុងសំនុំរឿងខាងលើនេះ។ នេះ បើតាមប្រភពមួយស្និតនឹងសំនុំរឿង ដែលត្រូវបានស្រង់សំដី ដោយទីភ្នាក់ងារព័ត៌មានបារាំង «AFP»។
ណីម៉ា អាច​ជាប់​គុក​៦ឆ្នាំ នៅ​អេស្ប៉ាញ!
កីឡាករ ណីម៉ា និងលោក «Josep Maria Bartomeu» ប្រធានក្រុមបាល់ទាត់ បាសឺឡូន។ (រូបថតលើទ្វីសធើរ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០១ វិច្ឆិកា ២០១៨
  • កែប្រែចុងក្រោយ: November 02, 2018
  • ប្រធានបទ: ផ្ទេរកីឡាករ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កីឡាករ ណីម៉ា និងមនុស្សនៅជុំវិញ រួមមានទាំងឪពុកម្ដាយកីឡាករ ទាំងនាយកក្រុមបាល់ទាត់ បាសឺឡូន (FC Barcelone) សព្វថ្ងៃ គឺលោក «Josep Maria Bartomeu»  និងទាំងអតីតនាយកក្រុមបាល់ទាត់ បាសឺឡូន គឺលោក «Sandro Rosell»  ផង កំពុងរង់ចាំថ្ងៃ បើកសវនាការ នៅក្នុងតុលាការនៃប្រទេសអេស្ប៉ាញ់ ពីបទ «ពុករលួយ» ទាក់ទងនឹងសំនុំរឿងផ្ទេរកីឡាកររូបនេះ ពីក្រុមបាល់ទាត់មួយ ក្នុងប្រទេសប្រេស៊ីល មកកាន់ក្រុមបាសឺឡូន កាលពីឆ្នាំ២០១៣។

នៅឆ្នាំនោះ ក្រុមបាសឺឡូន បានប្រកាសជាផ្លូវការថា បានទិញកីឡាករ ណីម៉ា ពីក្រុម «Santos FC - ប្រេស៊ីល» ក្នុងទឹកប្រាក់ ៥៧,១លាន អ៊ឺរ៉ូ។ ប៉ុន្តែតុលាការអេស្ប៉ាញ បានបើកការស៊ើបអង្កេត រកឃើញថា ការផ្ទេរកីឡាករនៅពេលនោះ មានតម្លៃរហូតដល់ទៅ ៨៣លាន អ៊ឺរ៉ូ។

ក្នុងសំនុំរឿងដដែលនេះ ថ្នាក់ដឹកនាំ និងអតីតថ្នាក់ដឹកនាំ រួមនឹងក្រុមបាសឺឡូនតែម្ដង បានរងការចោទប្រកាន់ ពីបទ«បោកបន្លំ» មួយករណីទៀត។ ខណៈក្រុម «Santos FC» និងអតីតមេដឹកនាំ របស់ក្រុមនេះ គឺលោក «Odilio Rodrigues Filho» ក៏ត្រូវដាក់នៅក្នុងការចោទ «បោកបន្លំ» ដូចគ្នាដែរ។

សំនុំរឿងដ៏អាស្រូវ បានផ្ទុះឡើង ដោយពាក្យបណ្ដឹងមួយ របស់សហគ្រាស «DIS» ក្នុងប្រទេសប្រេស៊ីល ដែលមានភាគហ៊ុនមួយផ្នែក ក្នុងការទិញប្ដូរកីឡាករ ណីម៉ា តែសហគ្រាសនេះបានគិតថា ខ្លួនត្រូវបានគេ «ដើរខ្សែលើ» នៅក្នុងការផ្ទេរកីឡាករ នៅពេលនោះ។

ទីភ្នាក់ងារព័ត៌មានបារាំង បានរាយការណ៍ថា ចៅក្រមជាតិអេស្ប៉ាញ លោក «José María Vázquez Honrubia» បានចាត់ទុកជាបានការ នូវពាក្យបណ្ដឹង របសសហគ្រាស «DIS» ហើយបានអះអាងកាលពីថ្ងៃពុធ អំពីទោសទណ្ឌ ដែលនឹងអាចប្រកាស ដាក់ទៅលើកីឡាករ ណីម៉ា ថាអាចជាការផ្ដន្ទាទោស ដាក់ពន្ធនាគារ រយៈពេលពី៤ ទៅ៦ឆ្នាំ។ 

ប៉ុន្តែ ថ្ងៃបើកសវនាការ នៅមិនទាន់ប្រកាសឲ្យដឹង ជាផ្លូវការនៅឡើយ ហើយទំនងជាត្រូវពន្យាពេល ច្រើនទៅមុខទៀត។ កាលពីខែឧសភា ឆ្នាំ២០១៧ តុលាការប្រទេសអេស្ប៉ាញដដែល ក៏បានធ្វើសេចក្ដីសន្និដ្ឋានដែរថា កីឡាករ ណីម៉ា នឹងត្រូវឡើងសវនាការ ដើម្បីជំនុំជម្រះ នៅក្នុងសំនុំរឿងខាងលើ តែមិនបានបញ្ជាក់ដូចគ្នា ថាតើថ្ងៃបើកសវនាការនោះ នឹងត្រូវធ្វើនៅពេលណាទេ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...