នាវា​ដឹក​ទំនិញ​ខ្មោច​ដ៏ធំ​មួយ ជាប់​កឿង​នៅ​ឆក​សមុទ្រ​ភូមា

នាវាដឹកទំនិញ​មួយ​គ្រឿង ដែលដោតទង់ជាតិឥណ្ឌូនេស៊ី គ្មានទំនិញ និងគ្មានមនុស្សកាន់កាប់ ត្រូវបានរកឃើញ ដោយក្រុមអ្នកនេសាទជាតិភូមា។ មានឈ្មោះ «Sam Rataulangi PB 1600» នាវាមួយនេះ ធ្លាប់ត្រូវបានឃើញ លើកចុងក្រោយបង្អស់ នៅឆ្នាំ២០០៩ ក្នុងឆកសមុទ្រ នៃកោះតៃវ៉ាន់។
នាវា​ដឹក​ទំនិញ​ខ្មោច​ដ៏ធំ​មួយ ជាប់​កឿង​នៅ​ឆក​សមុទ្រ​ភូមា
ទិដ្ឋភាពនាវាដឹកទំនិញ ដែលគ្មានមនុស្ស និងជាប់កឿង នៅលើកោះខ្សាច់កណ្ដាលឆកសមុទ្រ នៃប្រទេសភូមា។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០៣ កញ្ញា ២០១៨
  • កែប្រែចុងក្រោយ: September 04, 2018
  • ប្រធានបទ: នាវាចរណ៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នគរបាលភូមា បានប្រកាស នៅចុងសប្ដាហ៍​កន្លងមកនេះ នៅលើ​ទំព័រហ្វេសប៊ុក​របស់ខ្លួន ថានាវាដឹកទំនិញដ៏ធំមួយ ដែលមានដោតទង់ជាតិឥណ្ឌូនេស៊ី ត្រូវបានរកឃើញ ដោយក្រុមអ្នកនេសាទភូមា នៅក្នុងសមុទ្រ អានដាម៉ាន់ (Andaman)។

នាវានេះ បានជាប់កឿង នៅលើកូនកោះខ្សាច់ក្រោមទឹកមួយ ហើយមិនមានមនុស្សណាម្នាក់ នៅកាន់កាប់នោះទេ។ ក្រុមអាជ្ញាធរភូមា ដែលបានឡើងទៅអង្កេត នៅលើនាវា បានគិតថា នាវាដែលមានបណ្ដោយ ១៧៧ម៉ែត្រ មួយគ្រឿងនេះ ត្រូវបានបោះបង់ចោល តាំងពីច្រើនថ្ងៃមកហើយ។

បើតាមគេហទំព័រ «Marinetraffic.com» ដែលជំនាញខាងនាវាចរណ៍ ក្នុងផ្ទៃសមុទ្រ នៅលើពិភពលោកនោះ បានបញ្ជាក់ថា នាវាខ្មោចមួយគ្រឿងនេះ ត្រូវបានសាងសង់ នៅឆ្នាំ២០០១ និងមានមុខងារ សម្រាប់ដឹកកុងទឺន័រទំនិញ ឆ្លងសមុទ្រ។ ចំណុចដែលនាវា ធ្លាប់បានបើកឆ្លងកាត់ ហើយត្រូវបានឃើញជាសាធារណៈនោះ គឺនៅឆ្នាំ២០០៩ ក្នុងឆកសមុទ្រ នៃកោះតៃវ៉ាន់។

ប៉ុន្តែនៅទីបំផុត មូលហេតុដែលពន្យល់ ពីការជាប់កឿងនៃនាវាខាងលើ ត្រូវបានកងទ័ពជើងទឹកភូមា ប្រកាសឲ្យដឹង នៅដើមសប្ដាហ៍នេះ។ តាមពិតទៅ នាវា «Sam Rataulangi PB 1600» បានជាប់កឿង នៅចំងាយ១១គីឡូម៉ែត្រ ពីឆ្នេរគោក នៃប្រទេសភូមា ជាមួយនឹងខ្សែកាបចំនួនពីរ នៅជាប់ក្បាលនាវា ដែលធ្វើឲ្យគេគិតថា នាវាត្រូវបានសណ្ដោង មុននឹងត្រូវបានបោះបង់ចោល បន្ទាប់ពីនាវា បានជាប់កឿង នៅលើកោះខ្សាច់ក្នុងទឹក ដោយបណ្ដាល មកពីអាកាសធាតុមិនល្អ។

ការសិក្សា ទៅលើទិន្នន័យ នៃប្រព័ន្ធត្រួតពិនិត្យ តំបន់ឆ្នេរ បានបង្ហាញពីការបន្លាស់ទី នៃនាវាពីរគ្រឿង កាលពីថ្ងៃអាទិត្យទី ២៤ និងថ្ងៃចន្ទ ទី២៥ ខែសីហា។ បន្ទាប់មក កងទ័ពភូមាបានរកឃើញ នាវាមួយគ្រឿងទៀត ដែលជានាវាសណ្ដោងនាំមុខ ជាមួយបណ្ដាជនឥណ្ឌូនេស៊ី ១១នាក់ ស្ថិតនៅចំងាយ ៨០គីឡូម៉ែត្រ ពីនាវា «Sam Rataulangi PB 1600»។

នាវានាំមុខនេះ បានចេញពីកំពង់ផែ នៃរដ្ឋធានី ចាការតា (ប្រទេសឥណ្ឌូនេស៊ី) នៅថ្ងៃទី១៣ ខែសីហា ដើម្បីសណ្ដោងនាវា «Sam Rataulangi PB 1600» ទៅកាន់កំពង់ផែមួយ ក្នុងប្រទេសបង់ក្លាដេស ដែលគេស្គាល់ថា ជាយានដ្ឋានខុសច្បាប់ ជំនាញក្នុងការរុះរើនាវា ដើម្បីប្រមូលយកដែក៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...