ត្រាំ គម្រាម​ដក​ខ្លួន​ពី WTO បើ​គ្មាន​ការ​ចម្រើន​ក្នុង​កំណែ​ទម្រង់

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានគម្រាមដកសហរដ្ឋអាមេរិក ចេញពីអង្គការពាណិជ្ជកម្មពិភពលោក (ហៅកាត់ជាភាសាអង់គ្លេស «WTO» និងភាសាបារាំង «OMC») បើសិនជាមានការអាក់ខាន ក្នុងការធ្វើឲ្យរីកចម្រើនទៅមុខ នៃកំណែទម្រង់ទេនោះ។
ត្រាំ គម្រាម​ដក​ខ្លួន​ពី WTO បើ​គ្មាន​ការ​ចម្រើន​ក្នុង​កំណែ​ទម្រង់
លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ជំនាន់ទី ៤៥។ (រូបថត Reuters)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី៣១ សីហា ២០១៨
  • កែប្រែចុងក្រោយ: August 31, 2018
  • ប្រធានបទ: ពាណិជ្ជកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានបន្តយុទ្ធនាការបស់លោក ទៅមុខទៀត ក្នុងការរិះគន់អង្គការពាណិជ្ជកម្មពិភពលោក (ហៅកាត់ជាភាសាអង់គ្លេស «WTO» និងភាសាបារាំង «OMC»)។ ក្នុងថ្ងៃព្រហស្បត្តិទី៣០ ខែសីហា ឆ្នាំ២០១៨នេះ មេដឹកនាំអាមេរិករូបនេះ បានផ្ដល់កិច្ចសម្ភាសមួយ ទៅឲ្យទូរទស្សន៍ «Bloomberg News» ដោយគម្រាមដោយត្រង់ៗ ថាសហរដ្ឋអាមេរិកនឹងដកខ្លួន ចេញពីអង្គការអន្តរជាតិមួយនេះ បន្ទាប់ពីបានក្លាយ ជាសមាជិករបស់​អង្គការមួយនេះ រាប់ចាប់តាំងពីសង្គ្រាមលោកលើកទីពីរ រហូតមក។

លោក ដូណាល់ ត្រាំ បានថ្លែងឡើងថា៖ «បើពួកគេមិនធ្វើ ឲ្យមានការរីកចម្រើន [នៅក្នុងកំណែទម្រង់] ទេនោះ ខ្ញុំនឹងដកខ្លួនចេញ ពីអង្គការពាណិជ្ជកម្មពិភពលោក»។

លោកបានវាយតម្លៃ កិច្ចព្រមព្រៀង ដែលឈានទៅបង្កើតអង្គការនេះឡើង គឺជា «កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ដ៏អាក្រក់ជាងអ្វីទាំងអស់ ដែលមិនធ្លាប់បានធ្វើពីមុន»។

លោក ដូណាល់ ត្រាំ ធ្លាប់បានវាយប្រហារ ក្នុងពេលកន្លងមក ទៅលើស្ថាប័នទាំងឡាយ របស់អង្គការពាណិជ្ជកម្មពិភពលោក ដែលទទួលបន្ទុកដោះស្រាយជម្លោះ ដោយចោទស្ថាប័នទាំងនោះ ថាសម្រេចដំណោះស្រាយ ដោយអយុត្តិធម៌ ចំពោះសហរដ្ឋអាមេរិក។ លោកបានថ្លែង នៅពេលនោះថា ក្រុងវ៉ាស៊ីនតោន កម្របានឈ្នះក្ដីណាស់ នៅពេលដែលដាក់បណ្ដឹង ចូលទៅអង្គការអន្តរជាតិមួយនេះ។

ប៉ុន្តែ នៅក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍អាមេរិក លោក ត្រាំ បានថ្លែងថា៖ «ក្នុងឆ្នាំកន្លងទៅ យើងបានចាប់ផ្ដើមឈ្នះ លើបណ្ដឹងជាច្រើន។ អ្នកឯងដឹងថា មកពីហេតុអ្វីទេ? ព្រោះពួកគេដឹងថា បើយើងមិនឈ្នះបណ្ដឹងទាំងនេះទេ ខ្ញុំនឹងដកខ្លួនចេញ។»។

ប្រទេសចិនកុម្មុយនីស្ដិ៍ ដែលកំពុងមានជម្លោះពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិក បានចូលជាសមាជិក របស់អង្គការពាណិជ្ជកម្មពិភពលោក នៅឆ្នាំ២០០១។ ការសម្រេច ឲ្យក្រុងប៉េកាំង ចូលជាសមាជិកនេះ ត្រូវបានលោក «Robert Lighthizer» តំណាងរដ្ឋាភិបាលអាមេរិក នៅក្នុងអង្គការខាងលើ ចាត់ទុកថា​ជាកំហុសមួយ។

ការគម្រាមរបស់លោក ដូណាល់ ត្រាំ បានធ្វើឡើង នៅខណៈពេលដែលរដ្ឋបាលរបស់លោក កំពុងរងសម្ពាធកាន់តែខ្លាំងឡើង នៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក ជាពិសេស ពីសំណាក់ដៃគូពាណិជ្ជកម្ម របស់សហរដ្ឋអាមេរិក​ ដែលបានប្ដឹងឡើងទៅអង្គការនេះ ដើម្បីជំទាស់នឹងការតម្លើងពន្ធ សម្រេចឡើងដោយក្រុងវ៉ាស៊ីនតោន ដាក់ទៅលើ​ទំនិញនាំចូល សំខាន់ៗជាច្រើន ក្នុងទឹកដីអាមេរិក៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...