ចន ម៉ាកខេន ទទួល​កិត្តិយស ដោយ​បុណ្យ​សព​ថ្នាក់​ជាតិ​មួយ

សមាជិកព្រឹទ្ធសភា មកពីគណបក្សសាធារណរដ្ឋ លោក ចន ម៉ាក់ខេន (John McCain) ដែលបានទទួលមរណភាព កាលពីថ្ងៃសៅរ៍ នឹងត្រូវផ្តល់កិត្តិយស ដោយពិធីបុណ្យសពថ្នាក់ជាតិមួយ នៅចុងសប្តាហ៍ក្រោយ។
ចន ម៉ាកខេន ទទួល​កិត្តិយស ដោយ​បុណ្យ​សព​ថ្នាក់​ជាតិ​មួយ
លោក ចន ម៉ាកខេន ព្រឹទ្ធសមាជិកមកពីគណបក្សសាធារណរដ្ឋ - សហរដ្ឋអាមេរិក។ (រូបថតលើទ្វីសធើរ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី២៨ សីហា ២០១៨
  • កែប្រែចុងក្រោយ: August 28, 2018
  • ប្រធានបទ: ជីវិត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បណ្ដាជនអាមេរិក នឹងមានឱកាស បានសំដែងមរណទុក្ខជាចុងក្រោយ នៅក្នុងសប្ដាហ៍នេះ ចំពោះសពលោក ចន ម៉ាកខេន (John McCain)  អ្នកនយោបាយដ៏សំខាន់ - ព្រឹទ្ធសមាជិក - អតីតអ្នកបើកយន្ដហោះ ដែលរងទារុណកម្ម នៅក្នុងសង្គ្រាមវៀតណាម និងជាបេក្ខជនប្រធាធិបតី ឆ្នាំ២០០៨ របស់​សហរដ្ឋ​អាមេរិក។

លោកព្រឹទ្ធសមាជិក ចន ម៉ាកខេន មកពីរដ្ឋអារីហ្សូណា (Arizona) បានលាចាកលោក កាលពីថ្ងៃសៅរ៍ នៅមុនប៉ុន្មានថ្ងៃនៃបុណ្យខួបកំណើត ៨២ឆ្នាំ របស់លោក។ លោកបានរងគ្រោះ ដោយជំងឺមហារីកខួរក្បាល ដែលកើតមាន​តាំងពី១ឆ្នាំ កន្លងមក។

កម្មវិធីបុណ្យសព ត្រូវបានប្រកាសឲ្យដឹង កាលពីថ្ងៃអាទិត្យ ដោយដំបូងឡើយ នឹងប្រព្រឹត្តិទៅ ក្នុងរដ្ឋអារីហ្សូណា មុននឹងបញ្ចប់នៅក្នុងរដ្ឋធានី វ៉ាស៊ីនតោន នៃសហរដ្ឋអាមេរិក។ មរឈូសសពលោក ចន ម៉ាកខេន នឹងដាក់ឲ្យសាធារណជន ចូលរំលឹកវិញ្ញាណក្ខ័ន្ធ នៅថ្ងៃពុធស្អែកនេះ នៅក្នុងរដ្ឋអារីហ្សូណា រដ្ឋដែលលោកបានធ្វើជាអ្នកតំណាង អស់រយៈពេល៣៥ឆ្នាំ។ ពិធីសាសនាមួយ នឹងគ្រោងធ្វើ នៅថ្ងៃព្រហស្បត្តិ៍ ក្នុងព្រះវិហារកាតូលិកមួយ ក្នុងតំបន់។

បន្ទាប់មក មរឈូសសពនឹងត្រូវដឹកបញ្ជូន ទៅរដ្ឋធានីវ៉ាស៊ីតោន ហើយដាក់ឲ្យសាធារណជន ចូលរំលឹកវិញ្ញាណក្ខ័ន្ធ នៅថ្ងៃសុក្រ ក្នុងអាគារកាពីតូល (Capitole)។ កម្មវិធីរបៀបនេះ ធ្លាប់ត្រូវបានធ្វើ ក្នុងពេលកន្លងមក សម្រាប់តែឥស្សរជន ជាន់ខ្ពស់បំផុត នៅក្នុងប្រវត្តិសាស្ត្រអាមេរិក ដូចជាអតីតប្រធានាធិបតី ចន កេណឺឌី (John F. Kennedy) រ៉ូណាល់ រីហ្គែន (Ronald Reagan) ប៉ុណ្ណោះ ឬអ្នកស្រី រ៉ូហ្សា ផាក (Rosa Parks) និងសមាជិកព្រឹទ្ធសភាមួយចំនួន ទៀតប៉ុណ្ណោះ។

រីឯបុណ្យសពថ្នាក់ជាតិ សម្រាប់លោក ចន ម៉ាកខេន នឹងប្រព្រឹត្តិទៅ នៅថ្ងៃសៅរ៍ ចុងសប្ដាហ៍ខាងមុខ ក្នុងព្រះវិហារកាតូលិក ដែលធំនិងសំខាន់ជាងគេ នៃរដ្ឋធានី វ៉ាស៊ីនតោន ដោយមានវត្តមានចូលរួម ពីសមាជិកសភា-ព្រឹទ្ធសភា និងអ្នកមុខអ្នកការជាតិ-អន្តរជាតិជាច្រើននាក់។

បើតាមសារព័ត៌មាន «New York Times» បានរាយការណ៍ថា លោក បារ៉ាក់ អូបាម៉ា (Barack Obama) និងលោក ចក ប៊ូស (George W. Bush) អតីតប្រធានាធិបតី មកពីគណបក្សធំទាំងពីរ នឹងត្រូវឡើងថ្លែង ធ្វើវិយោគកថា តាមបំណងចុងក្រោយរបស់លោក ចន ម៉ាកខេន។ ខណៈសារព័ត៌មានអាមេរិកជាច្រើន បានរាយការណ៍ តាំងពីច្រើនខែមកហើយថា លោក ចន ម៉ាកខេន មិនចង់ឲ្យលោក ដូណាល់ ត្រាំ (Donald Trump) ចូលរួមក្នុងបុណ្យសពរបស់លោកទេ។

ដោយឡែក ចំពោះពិធីបញ្ចុះសពវិញ នឹងត្រូវធ្វើឡើង នៅថ្ងៃអាទិត្យ តាមការចាត់ចែងផ្ទាល់ របស់គ្រួសារលោក ចន ម៉ាកខេន ក្នុងវាលបញ្ចុះសព «United States Naval Academy» នៅក្រុង «Annapolis» ដែលត្រូវជិះរថយន្ដ ប្រមាណជា១ម៉ោង (ស្ថិតនៅភាគខាងកើត) ពីរដ្ឋធានី វ៉ាស៊ីនតោន៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...