ឧត្ដមស្នងការ​អ៊ឺរ៉ុប សង្កត់​ធ្ងន់​ពី​វិបត្តិ​នយោបាយ​ក្នុង​ជំនួប​ជាមួយ ហ៊ុន សែន

នៅក្នុងជំនួបការងារ ជាលក្ខណៈទ្វេរភាគី រវាងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងអ្នកស្រី ហ្វេដឺរីកា ម៉ូហ្គេរីនី (Federica Mogherini) ស្នងការជាន់ខ្ពស់អ៊ឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងនយោបាយសន្តិសុខ ត្រូវបានកត់សម្គាល់ ដោយការលើកឡើងធ្ងន់ៗ និងចំមុខ ពីសំណាក់មេដឹកនាំអ៊ឺរ៉ុបរូបនេះ ពីវិបត្តិនយោបាយកម្ពុជា នៅក្នុងរយៈពេលចុងក្រោយ។
ឧត្ដមស្នងការ​អ៊ឺរ៉ុប សង្កត់​ធ្ងន់​ពី​វិបត្តិ​នយោបាយ​ក្នុង​ជំនួប​ជាមួយ ហ៊ុន សែន
ពីឆ្វេងទៅស្ដាំ៖ អ្នកស្រី ហ្វេដឺរីកា ម៉ូហ្គេរីនី (Federica Mogherini) ស្នងការជាន់ខ្ពស់អ៊ឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងនយោបាយសន្តិសុខ និងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ (រូបថតផ្តិតពីវីដេអូ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៩ តុលា ២០១៨
  • កែប្រែចុងក្រោយ: October 19, 2018
  • ប្រធានបទ: នយោបាយ​ខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅក្នុងទឹកមុខម៉ឺងម៉ាត់ និងសម្លឹងលោក ហ៊ុន សែន ដោយសឹងតែមិនដាក់ភ្នែក អ្នកស្រី ហ្វេដឺរីកា ម៉ូហ្គេរីនី (Federica Mogherini) ស្នងការជាន់ខ្ពស់អ៊ឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងនយោបាយសន្តិសុខ និងជាអនុប្រធានគណៈកម្មការ នៃសហភាពអ៊ឺរ៉ុប បានចាប់ផ្ដើមកិច្ចសន្ទនា ដោយសង្កត់ធ្ងន់ទៅលើវិបត្តិនយោបាយ និងការរំលោភសិទ្ធិមនុស្ស សិទ្ធិនយោបាយ នៅក្នុងប្រទេសកម្ពុជា។ កិច្ចសន្ទនានេះ ធ្វើឡើងនៅក្នុងជំនួប ជាលក្ខណៈទ្វេរភាគីមួយ កាលពីរសៀលថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០១៨ម្សិលម៉ិញ នៅក្នុងអគារសហភាពអ៊ឺរ៉ុប នារាជធានីប្រ៊ុចហ្សែល នៃប្រទេសប៊ែលហ្សិក។

មន្ត្រីអ៊ឺរ៉ុបមួយរូប ដែលចេញពីជំនួបនោះ បានថ្លែងប្រាប់ទស្សនាវដ្ដី មនោរម្យ.អាំងហ្វូ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា អ្នកស្រី ហ្វេដឺរីកា ម៉ូហ្គេរីនី នៅបានគូសបញ្ជាក់ ពីជំហរច្បាស់ៗ របស់សហភាពអ៊ឺរ៉ុប ជុំវិញនីតិវិធី ដែលកំពុងដើរទៅមុខ នៃការដកប្រព័ន្ធអនុគ្រោះពន្ធ «EBA - Everything But Arm» ចេញពីប្រទេសកម្ពុជា ប្រសិនណាជារបបលោក ហ៊ុន សែន មិនបានធ្វើឲ្យប្រសើរឡើង នូវលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សទេនោះ។

មន្ត្រីអ៊ឺរ៉ុបដដែល បានអះអាងថា លោក ហ៊ុន សែន ដែលមិនសូវជាសម្លឹង ដោយចំមុខអ្នកស្រី ហ្វេដឺរីកា ម៉ូហ្គេរីនី បានព្យាយាមការពារជំហរ របស់រដ្ឋាភិបាលរបស់លោក តែបានថ្លែងចង់ឲ្យកម្ពុជា និងសហភាពអ៊ឺរ៉ុប បន្តធ្វើការជាមួយគ្នា ក្នុងនាមជាដៃគូ នៃកិច្ចសហប្រតិបត្តិការ ដូចដែលបានធ្វើ ក្នុងពេលកន្លងមក។ បុរសខ្លាំងកម្ពុជា នៅបានសន្យា ជាមួយអ្នកស្រីស្នងការជាន់ខ្ពស់អ៊ឺរ៉ុប ថានឹងយកបញ្ហាប្រឈមទាំងនោះ យកទៅដោះស្រាយ។

ការលើកឡើង របស់មន្ត្រីអ៊ឺរ៉ុបខាងលើ មិនសូវខុសគ្នាប៉ុន្មាន ពីការអះអាងឡើងដោយផ្ទាល់ ដោយទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន ដែលផ្សព្វផ្សាយ កាលពីម្សិលម៉ិញនោះទេ។ ទំព័រហ្វេសប៊ុកនោះ បានសរសេរបែបស្រាលៗថា លោក ហ៊ុន សែន «បានគត់សំគាល់នូវការពេញចិត្ត អំពីវឌ្ឍនភាពដែលកម្ពុជា និងសហភាពអឺរ៉ុប​ សម្រេច​បាន ក្នុងរយៈពេលកន្លងមក បើទោះបីជា មានបញ្ហាកើតឡើង ក្នុងពេលថ្មីៗនេះ ក៏ពិតមែន»។

កាលពីដើមខែតុលានេះ សហភាពអ៊ឺរ៉ុបបានបើកនីតិវិធី ដែលមានរយៈពេល៦ខែ ដើម្បីឈានទៅដកប្រព័ន្ធអនុគ្រោះពន្ធ «EBA» ចេញពីប្រទេសកម្ពុជា បន្ទាប់ពីសហភាពអ៊ឺរ៉ុប បានមើលឃើញ ពីការមិនអើពើនៃរបបដឹកនាំ របស់លោក ហ៊ុន សែន ក្នុងការងាកត្រឡប់ មករកការដឹកនាំ បែបប្រជាធិបតេយ្យសេរី ពហុបក្ស និងការគោរពសិទ្ធិមនុស្ស ឲ្យបានត្រឹមត្រូវវិញនោះ។ ការសម្រេចចិត្តនេះ ក៏ត្រូវបានសហភាពអ៊ឺរ៉ុប ធ្វើសេចក្ដីជូនដំណឹង ទៅកាន់រដ្ឋាភិបាលលោក ហ៊ុន សែន ក្នុងពេលនោះដែរ។

ប៉ុន្តែ របបដឹកនាំក្រុងភ្នំពេញ តាមរយៈក្រសួងការបរទេសរបស់ខ្លួន បានប្រតិកម្មតបទៅសហភាពអ៊ឺរ៉ុបវិញ ដោយហៅការបើកនីតិវិធីខាងលើ ថាជាទង្វើដ៏«អយុត្តិធម៌»បំផុត។

យ៉ាងណាក៏ដោយ ក៏ដំណើរការនៃការដកប្រព័ន្ធអនុគ្រោះពន្ធ អាចនឹងត្រូវអាក់ខានទៅវិញ នៅក្នុងលក្ខខណ្ឌតែម្យ៉ាងគត់។ ដូចការចុះផ្សាយមួយ របស់សារព័ត៌មាន «POLITICO.eu» របស់អ៊ឺរ៉ុប ដោយដកស្រង់សំដី របស់មន្ត្រីទទួលខុសត្រូវមួយរូប របស់សហភាពអ៊ឺរ៉ុប មកពន្យល់ថា សហភាពអឺរ៉ុបបានចាប់ផ្តើមពង្រាងច្បាប់ ដែលចាំបាច់ សម្រាប់ការដកប្រព័ន្ធអនុគ្រោះពន្ធ «EBA» ចេញពីប្រទេសកម្ពុជា។ ដំណើរការដកប្រព័ន្ធអនុគ្រោះនេះ អាចនឹងកើតមានឡើង នៅប៉ុន្មានខែខាងមុខនេះ ដោយមិនចាំបា់ច មានការយល់ព្រម ពីប្រទេសជាសមាជិកនោះឡើយ។

មន្ត្រីអ្នកទទួលខុសត្រូវរូបនោះ បានបញ្ជាក់​តាមរយៈ​សារព័ត៌មាន​ខាងលើ ដោយខ្លីថា៖ «យើងកំពុងតែឈាន ទៅរកទីបញ្ចប់នៃផ្លូវ ជាមួយកម្ពុជា ទាក់ទងនឹង​នីតីវិធី នៃការដកប្រព័ន្ធអនុគ្រោះពន្ធ។ បើមិនមានអ្វីផ្លាស់ប្តូរទេ ក្នុងរយ:ពេលប៉ុន្មានសប្តាហ៍ខាងមុខ នីតិវិធីជាផ្លូវការ នឹងចូលជាធរមាន។ វាមិនមែន ជាការព្រមានខ្យល់ ឬក៏គ្រាន់តែជា ការតំឡើងសម្លេង ឲ្យឮខ្លាំងជាងមុននោះទេ។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...