ម៉េង កែវពេជ្ជតា ពង្រីក​ជម្លោះ​ដល់​អ្នក​និពន្ធ​ក្នុង​ផលិតកម្ម​ថោន

តារាចម្រៀងវ័យជ្រេ ម៉េង កែវពេជ្ជតា ដែលបង្កពាក្យសំដី ឲ្យផ្ទុះរឿងរ៉ាវ នៅប៉ុន្មានថ្ងៃ មុនការបោះឆ្នោតជាតិ ដ៏ចម្រូងចម្រាស បានបន្ថែមបញ្ហានៅថ្ងៃនេះ ដល់លោក ដារិច វ៉ា ដែលគេស្គាល់ថា ជាអ្នកនិពន្ធ និងអ្នករចនាក្រាហ្វិច នៅក្នុងផលិតកម្មថោន។ តារាចម្រៀងបានព្រមាន ប្ដឹងលោក ដារិច វ៉ា ឡើងទៅតុលាការ បន្ទាប់ពីលោក ដារិច វ៉ា បានរិះគន់ការលើកឡើង របស់តារាចម្រៀងវ័យជាង៤០ ដែលថា អ្នកមិនមកគាំទ្រខ្លួន ជា«អ្នកបំផ្លាញជាតិ បំផ្លាញវប្បធម៌»។
ម៉េង កែវពេជ្ជតា ពង្រីក​ជម្លោះ​ដល់​អ្នក​និពន្ធ​ក្នុង​ផលិតកម្ម​ថោន
ពីឆ្វេងទៅស្ដាំ៖ អ្នកនាង ម៉េង កែវពេជ្ជតា ថតរូបជាមួយលោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា - នាយករដ្ឋមន្ត្រីចាំផ្ទះកម្ពុជា និងលោក ដារិច វ៉ា អ្នកនិពន្ធ និងអ្នករចនាក្រាហ្វិច នៅផលិតកម្ម ថោន។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២២ សីហា ២០១៨
  • កែប្រែចុងក្រោយ: August 22, 2018
  • ប្រធានបទ: តារាល្បី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រសិនជាអ្នកនាង ម៉េង កែវពេជ្ជតា មិនគិតថានឹងបញ្ចប់វាទេនោះ វានឹងបន្តភាគ ហើយជាពិសេស នៅពេលដែលរឿងភាគទាំងនេះ ត្រូវបានតារាចម្រៀងខ្លួនឯង ភ្ជាប់ទៅក្នុងរឿងនយោបាយ ដ៏ចម្រូងចម្រាស ដែលមានភាពរយីងរយោង ប្រៀបបាននឹងសម្លកំពឹស។

នៅថ្ងៃនេះ តារាចម្រៀងវ័យជ្រេ បានប្រកាសព្រមានប្ដឹងយុវជនម្នាក់ ឈ្មោះ ដារិច វ៉ា ដែលគេស្គាល់ថា ជាអ្នកនិពន្ធ និងអ្នករចនាក្រាហ្វិច នៅក្នុងផលិតកម្ម ថោន ដ៏ល្បីឈ្មោះ។ ការព្រមានប្ដឹងលោក ដារិច វ៉ា ធ្វើឡើង ដោយទំនងជាអ្នកនាង ម៉េង កែវពេជ្ជតា សំដែងការក្ដៅក្រេវក្រោធ ចំពោះការលើកឡើងរបស់យុវជនរូបនេះ ដែលបញ្ចេញយោបល់ តបនឹងវីដេអូ របស់តារាចម្រៀងខ្លួនឯង ដែលលើកឡើងថា៖ «អ្នកដែលមិនមក [មើលខ្លួនច្រៀង នៅក្នុងប្រទេសជប៉ុន] គឺជាអ្នកបំផ្លាញវប្បធម៏ខ្មែរ ជាពិសេសបំផ្លាញជាតិខ្មែរ»។

អ្នកនិពន្ធរបស់ផលិតកម្ម ថោន បានរិះគន់តារាចម្រៀងមេម៉ាយថា៖ «ខឹងគេមិនទៅគាំទ្រ ថាគេបំផ្លាញជាតិ បំផ្លាញវប្បធម៌ ហើយថែមយករឿងបក្ស មកទាក់ទង ប្រទេសណាក៏មានបក្សប្រឆាំងដែរ ទើបប្រទេសជាតិរីកចម្រើន ហេតុអ្វីដៀលគេថា បះបោរ? ការគិតគួរចាស់ទុំតាមអាយុ ទើបមានអ្នកគោរពស្រឡាញ់ បើទោះអ្នកមាននិន្នាការនយោបាយ បែបណាក៏ដោយ គិតល្អ ធ្វើល្អ ទើបគេគោរព ក្នុងនាមរៀមច្បងសិល្បៈ»។

តែពាក្យប៉ុណ្ណេះ របស់យុវជន ដារិច វ៉ា ទំនងជាមិនធ្វើឲ្យអ្នកនាង ម៉េង កែវពេជ្ជតា ឆេះដុំប៉ុន្មានឡើយ។ តែតារាចម្រៀង ទំនងជាអត់ទ្រាំមិនបាន នឹងសំណេរបែប «Hash Tag» របស់លោក ដារិច វ៉ា ដែលសរសេរចំនួនបីឃ្លា នៅចុងបញ្ចប់ នៃមតិយោបល់នោះដូច្នេះ «‪#‎ទៅសម្តែងសិល្បៈ ឬទៅឃោសនាបក្ស‬» «‪#‎ជំពូកមនុស្សចូលចិត្ត ឲ្យគេលើកជើង‬» និង «‪#‎ជំពូកមនុស្ស ចូលចិត្តលើកជើងគេ‬»។

ឆេះដុំ និងក្ដៅក្រហាយខ្លាំង រហូតដល់ថ្នាក់ហៅលោក ដារិច ថាជា«ដង្កូវចេញពីសាច់»។ ព្រោះតារាចម្រៀងមេម៉ាយ ទំនងជាគិតថា លោក ដារិច វ៉ា នៅក្នុងមជ្ឈដ្ឋាន​អ្នកសិល្បៈដូចគ្នា បែរជារិះគន់អ្នកនាងទៅវិញ។ អ្នកនាង ម៉េង កែវពេជ្ជតា បានសរសេរតបថា៖ «Darex Wa (...) ជាអ្នកសិល្បៈម្នាក់ដែរ​ តែនាំបក្សពួកមកជេរប្រទេច​ យ៉ាងអសុរស​ និងសំងំមកបំផ្លាញ អ្នកសិល្បៈគ្នាឯង​ទៅវិញ​។ ខ្ញុំនិយាយ ក្នុងនាមការពារអ្នក​សិល្បៈសោះ ក៏គាត់ជេរតិទៀនខ្ញុំបានដែរ​ ឆ្ងល់ណាស់ គាត់តាមខាំខ្ញុំមិនលែង ទាំងខ្ញុំមិនដែលបានធ្វើអ្វី គាត់បែបនេះ​ តើគាត់គិតចង់យ៉ាងម៉េច​ ?»។

តារាចម្រៀងវ័យជ្រេ បានបន្តថា៖ «គាត់ប្រើពាក្យសម្តីរិះគន់ បែបចំអក​មាក់ងាយ​ខ្ញុំ​ និងបានរិះគន់ ប៉ះពាល់ដល់នយោបាយ​ស្រុកទេស តើនេះជាគំនិតអ្វី​? នេះជាដង្កូវចេញពីសាច់ហើយ​ បើដដែលៗបែបនេះ​ តើខ្ញុំអាចចាត់ការតាមផ្លូវច្បាប់ បានឬទេ​?»។

អ្នកនាង ម៉េង កែវពេជ្ជតា មិននៅត្រឹមលោក ដារិច វ៉ា ទេ តែនៅបន្តរាលដាល ដល់ឪពុកម្ដាយរបស់យុវជនអ្នកនិពន្ធ ថែមទៀត។ តារាចម្រៀងបានថ្លែង​ថា៖ «តាមដឹង​ ឪពុកម្តាយគាត់ ​សុទ្ធតែជាមន្ត្រីរាជការ ដែលមានតួនាទី និងកំពុងកាន់ការ នៃមន្ទីរទេសចរណ៍​ និងមន្ទីរគមនាគមន៍ ខេត្តរតនគីរី ដូច្នេះពួកលោកអាចគួរយល់បាន នូវសំណេររបស់កូនប្រុស ថាមានន័យយ៉ាងណា ហើយថា តើពួកគាត់គិតទេ ថាខ្ញុំអាចចាត់វិធានការ បានឬអត់ ចំពោះភាពឈ្លើយនេះ?»។

ផ្ទុយទៅវិញ ការលើកឡើងខាងលើ របស់អ្នកនាង ម៉េង កែវពេជ្ជតា បានរងការចំអកបន្ថែមទៀត ពីយុវជន ដារិច វ៉ា។ អ្នកនិពន្ធរបស់ផលិតកម្ម ថោន បានសរសេរ ដោយមិន​បញ្ចេញ​ឈ្មោះ​ថា៖ «ឈ្លោះជាមួយអ្នកចេះដឹង យើងបានរៀនសូត្រ។ តែបើឈ្លោះជាមួយអ្នកពាល គឺគ្មានបានអីទេ។ ហាមាត់បិទមាត់ ចេញតែរឿងបក្ស (...) ខ្ញុំបានបញ្ជាក់ហើយថា ខ្ញុំលើករឿងអ្វីមកនិយាយ នៅតែទាញទៅរឿងបក្ស មនុស្សនិយាយភាសាខុសគ្នា រមែងចេញមកខុសគ្នា។»។

យុវជន ដារិច វ៉ា បានបន្ថែមថា៖ «អ្នកណាមិនចង់បំផ្លាញជាតិ បំផ្លាញវប្បធម៌ ទៅគាំទ្រគាត់ហ្នឹងទៅ ព្រោះអ្នកអត់គាំទ្រគាត់ គាត់ថាបំផ្លាញវប្បធម៌»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...