សម រង្ស៊ី ថា​​គឺ​ផ្ទៃក្នុង CPP ដែល​ប្រាប់​ពី​គម្រោង ហ៊ុន សែន ចង់​​សម្លាប់​​លោក

លោក សម រង្ស៊ី បានបញ្ជាក់នៅមុននេះ ថាលោកបានដឹង ពីគម្រោងរបស់លោក ហ៊ុន សែន ដែលចង់ប៉ុនប៉ងសម្លាប់រូបលោកនោះ តាមរយៈមនុស្សជាច្រើន ដែលមួយចំនួនជាផ្ទៃក្នុង របស់គណបក្សប្រជាជនកម្ពុជា។ ការលើកឡើងរបស់មេដឹកនាំប្រឆាំង ធ្វើឡើងនៅបន្ទាប់ពីលោក ហ៊ុន សែន បានច្រានចោល​ការចោទប្រកាន់នេះ កាលពីព្រឹកម៉ិញ នៅក្នុងជំនួបជាមួយកម្មករ កណ្ដាលរាជធានីភ្នំពេញ។
សម រង្ស៊ី ថា​​គឺ​ផ្ទៃក្នុង CPP ដែល​ប្រាប់​ពី​គម្រោង ហ៊ុន សែន ចង់​​សម្លាប់​​លោក
ខាងមុខ ពីឆ្វេងទៅស្ដាំ៖ លោក សម រង្ស៊ី និងលោក ហ៊ុន សែន នៅក្នុងការថ្លែងទៅកាន់អ្នកសារព័ត៌មាន ក្នុងវិមានរដ្ឋសភា កាលពីខែមេសា ឆ្នាំ២០១៥។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៥ សីហា ២០១៨
  • កែប្រែចុងក្រោយ: August 15, 2018
  • ប្រធានបទ: នយោបាយ​ខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការឆ្លើយឆ្លង រវាងគូបដិបក្ខនយោបាយខ្មែរ គឺលោក ហ៊ុន សែន និងលោក សម រង្ស៊ី កំពុងបន្តផ្ទុះទៅមុខ។ ក្រោយពីការបដិសេធរបស់លោក ហ៊ុន សែន ដែលធ្វើឡើង ជុំវិញគម្រោងសម្លាប់​ណាមួយនោះ មេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានចេញមកបកស្រាយថា លោកបានដឹង ពីគម្រោងប៉ុនប៉ងសម្លាប់រូបលោក តាមរយៈមនុស្សជាច្រើន រួមទាំងមន្ត្រីផ្ទៃក្នុង របស់គណបក្សប្រជាជនកម្ពុជា។

កាលពីថ្ងៃទី ៩ ខែសីហា ឆ្នាំ២០១៨ លោក សម រង្ស៊ី បានបង្ហោះសារ នៅលើទំព័រហ្វេសប៊ុករបស់លោក អះអាងថា លោក«ហ៊ុន សែន កំពុងជួលឃាតករបរទេស ឲ្យប៉ុនប៉ងសម្លាប់ សម រង្ស៊ី នៅប្រទេសបារាំង» ដោយសារតែរូបលោក «សម រង្ស៊ី ជាបន្លាធំជាងគេ ក្នុងភ្នែក»លោក ហ៊ុន សែន។

ប៉ុន្តែការចោទប្រកាន់ខាងលើ ត្រូវបានលោក ហ៊ុន សែន ប្រកាសបដិសេធ ក្នុងព្រឹកថ្ងៃពុធ ទី១៥ ខែសីហានេះ។ ថ្លែងនៅចំពោះកម្មករ កម្មការិនី ច្រើនពាន់នាក់ នៅរោងចក្រតំបន់ភូមិ អន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បុរសខ្លាំងកម្ពុជា​បានតបទៅវិញ ខ្លាំងៗថា បើលោកចង់ធ្វើឃាតលោក សម រង្ស៊ី គ្រាន់តែ​«គប់មួយផ្លែត្របែក ក៏ងាប់ដែរ» មិនចាំបាច់ឲ្យលោក សម រង្ស៊ី រត់ចេញក្រៅស្រុកទាន់ទេ។ លោក ហ៊ុន សែន ថា ក្នុងមួយ​ជីវិត​របស់លោក សូម្បី​តែអារកមាន់ ក៏លោកមិន​ដែល​បាន​ធ្វើ នោះដែរ។

ការបដិសេធ របស់បុរសខ្លាំងកម្ពុជា ចាំបាច់ត្រូវឲ្យលោក សម រង្ស៊ី ចេញមុខជាថ្មីមកបកស្រាយ ពីការលើកឡើងរបស់លោក ដែលត្រូវបានផ្សព្វផ្សាយ កាលពីសប្ដាហ៍មុន។ ប្រធានចលនាសង្គ្រោះជាតិ បានសរសេរ​ជាភាសា​អង់គ្លេស នៅលើទំព័រទ្វីសធើរ ដែលមានសេចក្ដីជាខេមរភាសា ទាំងស្រុង​ថា៖

«ខ្ញុំបានដឹង ពីគម្រោងថ្មីៗនេះ ក្នុងការ​ប៉ុនប៉ង​សម្លាប់ខ្ញុំ ពីសំណាក់លោក ហ៊ុន សែន តាមរយៈមនុស្សជាច្រើន រួមទាំងប្រភពផ្ទៃក្នុង របស់គណបក្សប្រជាជនកម្ពុជាផង។ ខ្ញុំមិនមានភាពភ្ញាក់ផ្អើលទេ ចំពោះដំណឹងនេះ ព្រោះអស់រយៈពេល ២៥ ឆ្នាំមកហើយ ដែលលោក ហ៊ុន សែន បានព្យាយាមសម្លាប់ខ្ញុំ រាប់ពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ១៩៩៧ នោះមក។»

«ខ្ញុំបានជូនដំណឹង ទៅអាជ្ញាធរបារាំង អំពីផែនការឧក្រិដ្ឋមួយនេះ របស់លោក ហ៊ុន សែន។ កាលពី​ពីរ-បីខែមុន លោក ហ៊ុន សែន បាននិយាយជាសាធារណៈ ថាលោកកំពុងពិចារណា បញ្ជូនភ្នាក់ងារពិសេស ឲ្យចេញចាប់ខ្លួនខ្ញុំ នៅឯបរទេស។»

«មនុស្សជាច្រើន រួមទាំងខ្ញុំ បានជឿជាក់ថា លោក ហ៊ុន សែន និងប្រពន្ធរបស់គាត់ ស្ថិតនៅពីក្រោយឃាតកម្មធំៗ ដែលធ្វើទៅលើ​មនុស្ស​សំខាន់ៗ​ជាច្រើន ដូចជាអ្នកស្រី ពិសិដ្ឋ ពិលីកា, លោក ជា វិជ្ជា, លោក ឈុត វុទ្ធី និងលោក កែម ឡី ជាដើម»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...