បេក្ខជន​ឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី ធ្លាប់​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា វិល​មក​រក​«លទ្ធិ​ប្រជាធិបតេយ្យ»​វិញ

លោក វីល្លៀម ហេដត៍ (William A. Heidt) ឯកអគ្ករដ្ឋទូតបច្ចុប្បន្ន បានហៅបេក្ខភាព របស់លោក ផាទ្រីក មរហ្វី (W. Patrick Murphy) ដើម្បីក្លាយជាឯកអគ្គរដ្ឋទូតអាមេរិកថ្មី ប្រចាំកម្ពុជា ថាមានភាពស័ក្ដិសមបំផុត ខណៈគេដឹងថា លោក មរហ្វី ធ្លាប់រិះគន់របបក្រុងភ្នំពេញ ជុំវិញការរំលាយគណបក្សសង្គ្រោះជាតិ និងការចាប់ខ្លួនប្រធានគណបក្សនេះ ដាក់ពន្ធនាគារ។
បេក្ខជន​ឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី ធ្លាប់​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា  វិល​មក​រក​«លទ្ធិ​ប្រជាធិបតេយ្យ»​វិញ
ពីឆ្វេងទៅស្ដាំ៖ លោក ផាទ្រីក មរហ្វី និងលោក វីល្លៀម ហេដត៍ ឯកអគ្ករដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា។ (រូបថតលើទ្វីសធើរ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១៤ សីហា ២០១៨
  • កែប្រែចុងក្រោយ: August 14, 2018
  • ប្រធានបទ: ការទូត​អាមេរិក
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តាំងពីថ្ងៃសុក្រ​សប្ដាហ៍មុនមក លោក ផាទ្រីក មរហ្វី (W. Patrick Murphy) កំពុងស្ថិតលើក្រដាសតែងតាំង របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ដើម្បីក្លាយជា​ឯកអគ្គរដ្ឋទូត​អាមេរិកថ្មី​ប្រចាំកម្ពុជា ដោយត្រូវរងចាំ ការផ្ដល់ភ្លើងខៀវ ពីសំណាក់ព្រឹទ្ធសភាអាមេរិក ជាមុនសិន។ នៅក្នុងអំឡុងពេល នៃការរង់ចាំនេះ ប្រតិកម្មជាច្រើន បានធ្លាក់ចុះមកបន្តបន្ទាប់គ្នា ខណៈលោក មរហ្វី ធ្លាប់រិះគន់រដ្ឋាភិបាលលោក ហ៊ុន សែន ពីការដើរថយក្រោយ នៃលទ្ធិប្រជាធិបតេយ្យ បន្ទាប់ពីប្រធានគណបក្សប្រឆាំង ត្រូវបានចាប់ខ្លួន​ដាក់ពន្ធនាគារ និងគណបក្សប្រឆាំង ត្រូវបានរំលាយនោះ។

លោក វីល្លៀម ហេដត៍ (William A. Heidt) ឯកអគ្គរដ្ឋទូតបច្ចុប្បន្ន នៃសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា ត្រូវបានស្រង់សំដី ដាក់ក្នុងទំព័រហ្វេសប៊ុកផ្លូវការ​ របស់ស្ថានទូត កាលពីម្សិលម៉ិញថា បេក្ខភាពលោក ផាទ្រីក មរហ្វី ដើម្បីក្លាយជាឯកអគ្គរដ្ឋទូតអាមេរិកថ្មី បន្តពីរូបលោកនោះ គឺជាការតែងតាំង ដ៏ល្អបំផុត។ លោក ហេដត៍ បញ្ជាក់ថា៖ «លោក "មរហ្វី" មានប្រវត្តិលេចធ្លោ នៅក្នុងការងារស្គាល់តំបន់អាស៊ីអាគ្នេយ៍ច្បាស់ ហើយដឹងពីគោលនយោបាយការបរទេស របស់សហរដ្ឋអាមេរិក នៅក្នុងតំបន់នេះយ៉ាងច្បាស់»។

គេហទំព័រផ្លូវការ របស់រដ្ឋាភិបាលអាមេរិក បានលើកឡើង ពីប្រវត្តិការងារ​របស់លោក ផាទ្រីក មរហ្វី ដែលកំពុងកាន់តំណែងបច្ចុប្បន្ន ជា​ឧបការីរងរដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​ ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​អគ្នេយ៍ ថាលោកធ្លាប់ជា មន្ត្រីការទូតអាមេរិក នៅក្នុងប្រទេស "Lesotho" ពីឆ្នាំ២០០៦ ដល់ ឆ្នាំ២០០៨  និងជាអនុប្រធានទូត និងជាភារធារី ប្រចាំនៅប្រទេសថៃ ពីឆ្នាំ២០១៣ ដល់ ឆ្នាំ២០១៦។ លោក មរហ្វី ធ្លាប់ជាមន្ត្រីការទូតអាមេរិក នៅក្នុងប្រទេសជាច្រើន ដូចជានៅភូមា ឡាវ ហៃទី ចិន អៀរ៉ាក់ ហ្គីណេ ម៉ាលី និងជាពិសេស នៅក្នុងអាស៊ាន។ លោកចេះភាសាបរទេស យ៉ាងហោច៤ភាសា រួមមានភាសាបារាំង អេស្ប៉ាញ ចិនកង់តូណេ និងភាសាភូមា។

លោក ផាទ្រីក មរហ្វី ធ្លាប់ធ្វើទស្សនកិច្ច មកកាន់ប្រទេសកម្ពុជា យ៉ាងហោច២ដង ក្នុងឆ្នាំកន្លងទៅ។ ប៉ុន្តែដំណើរទស្សនកិច្ច​លើកទីពីរ ក្នុងខែវិច្ឆិកា ឆ្នាំ២០១៧ ត្រូវបានកត់សម្គាល់ខ្លាំង ដោយការលើកឡើងរបស់លោក ស្ដីពីជំហររដ្ឋាភិបាលសហរដ្ឋអាមេរិក នៅចំពោះ​ព្រឹត្តិការណ៍ដ៏​ចម្រូងចម្រាស ​នៃការរំលាយ​គណ​បក្សសង្គ្រោះជាតិ ​កាលពី​ខែ​វិច្ឆិកា ដោយអំពាវនាវឱ្យ​ប្រទេស​កម្ពុជា​ ពិចារណា​ត្រឡប់​មករក «គន្លងលទ្ធិប្រជាធិបតេយ្យ» ឡើងវិញ។

ប៉ុន្តែ ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា បានឆ្លើយតប​ភ្លាមៗ ទៅនឹងការលើកឡើង របស់លោក ផាទ្រីក មរហ្វី នៅពេលនោះ ថាចំណាត់​ការ លើ​គណបក្សសង្គ្រោះជាតិ និង​មន្ត្រីគណបក្សនេះ គ្រាន់តែជា​«ការ​អនុ​វត្តច្បាប់»​​ប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ ការតែងតាំង​ឯកអគ្គរដ្ឋទូតអាមេរិក​ថ្មី​​ នៅវេលានេះ ត្រូវបានលោក ផៃ ស៊ីផាន អ្នក​នាំពាក្យ រដ្ឋលេខាធិការ ​ទីស្តីការ​គណៈរដ្ឋមន្ត្រី ​​ពន្យល់ថា វាជាការ​បញ្ជាក់ ពីភាព​ទទួលស្គាល់​នៃសហរដ្ឋអាមេរិក ចំពោះ​រដ្ឋាភិបាលកម្ពុជា ​អាណត្តិ​ទី​ ៦ ដែលគ្រោងនឹងបង្កើតឡើង ក្នុងប៉ុន្មានសប្ដាហ៍ខាងមុខ។ លោក ផៃ ស៊ីផាន បានថ្លែងកាលពីម្សិលម៉ិញថា៖ «បើសិន​ជា​គេ​មិន​ពេញចិត្ត​ នឹង​រដ្ឋាភិបាល​អាណត្តិ​ទី ៦ នេះ​គេ​មិន​ដាក់​ទូត​គេ​មក​ទេ ​គឺ​គេ​ទម្លាក់​ចុះ​មក​ភារធារី​។ ដូច្នេះ​បាន​សេចក្តី​ថា ដាក់​ទូត​ហ្នឹង​មក​ គេ​ទទួល​ស្គាល់​»​។

ប៉ុន្តែអ្នក​ស្រី​ ​មូរ សុខហួរ​ ​អនុ​ប្រធាន​គណ​បក្សសង្គ្រោះជាតិ បានរំពឹង​ថា បទ​ពិសោធ​ការទូតរបស់​លោក​ ផាទ្រីក មរហ្វី នៅ​ថ្នាក់តំបន់​ ​និង​ការ​ស្គាល់​ច្បាស់ ​នូវ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​ ​នឹង​នាំ​ចំណាប់​អារម្មណ៍​សហរដ្ឋ​អាមេរិក ​មក​ជួយ​ដំណើរ​ការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ឲ្យកាន់​តែសកម្ម​ឡើង។ នេះ បើតាមការស្រង់សំដីរបស់អ្នកស្រី ដោយវិទ្យុសម្លេងសហរដ្ឋអាមេរិក កាលពីម្សិលម៉ិញ៕​

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...