បក្ស​យុវជន​កម្ពុជា បដិសេធ​លទ្ធផល​បណ្ដោះ​អាសន្ន​នៃ​ការ​បោះឆ្នោត

គណបក្សយុវជនកម្ពុជា ដឹកនាំដោយលោក ពេជ្រ ស្រស់ បានប្រកាសបដិសេធ​លទ្ធផលបណ្ដោះអាសន្ន នៃការបោះឆ្នោត ដោយស្នើសុំឲ្យគណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) រាប់សន្លឹកឆ្នោតឡើងវិញ ដែលគណបក្សនេះរកឃើញថា ខ្លួនមានសម្លេងលើសលទ្ធផលបណ្ដោះអាសន្ន ដែលចេញផ្សាយដោយ គ.ជ.ប។
បក្ស​យុវជន​កម្ពុជា បដិសេធ​លទ្ធផល​បណ្ដោះ​អាសន្ន​នៃ​ការ​បោះឆ្នោត
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១២ សីហា ២០១៨
  • កែប្រែចុងក្រោយ: August 12, 2018
  • ប្រធានបទ: បោះឆ្នោត​ជាតិ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដោយសារខុសគ្នាចំនួន «៨៤សម្លេង» នៅទូទាំងប្រទេសកម្ពុជា ទើបបណ្ដាលឲ្យគណបក្សយុវជនកម្ពុជា ដែលដឹកនាំដោយលោក ពេជ្រ ស្រស់ បដិសេធលទ្ធផលបណ្ដោះអាសន្ន នៃការបោះឆ្នោត។ គណបក្សនេះ អះអាងថា នឹងប្ដឹងឡើងទៅ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីរាប់សន្លឹកឆ្នោតឡើងវិញ ក្រោមហេតុផលថា ត្រូវគោរពឆន្ទៈរបស់ម្ចាស់ឆ្នោត។

លោក ពេជ្រ ស្រស់ បានអះអាងដូច្នេះ កាលពីថ្ងៃទី១១ ខែសីហាម្សិលម៉ិញ ដោយបញ្ជាក់ថា លទ្ធផលបណ្តោះអាសន្ន ចេញផ្សាយដោយ គ.ជ.ប មិនត្រឹមត្រូវទេ សម្រាប់គណបក្សរបស់លោក។ លោកបញ្ជាក់ថា៖ «ចំនួនអ្នកគាំទ្រ​គណបក្សយុវជន​កម្ពុជា​ពិតប្រាកដ គឺមានចំនួន ៣៩ ៤១៧ សម្លង មិនមែន ៣៩ ៣៣៣ សម្លេង នោះទេ។ យើងត្រូវគោរពឆន្ទៈ របស់ម្ចាស់ឆ្នោត មិនអាចកិបកេងបានឡើយ។»។

លទ្ធផលបណ្តោះអាសន្ន ដែលត្រូវបានប្រកាស ដោយ គ.ជ.ប កាលពីព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ បានបង្ហាញពីជ័យជំនះសឹងតែទាំងអស់ របស់គណបក្សប្រជាជនកម្ពុជា ដែលទទួលបានសម្លេងគាំទ្រ រហូតដល់ទៅចំនួន ៤ ៨៨៩ ១១៣ សម្លេង ពីក្នុងចំណោម​ អ្នកចូលរួម​បោះឆ្នោត ៦,៩៥៦,៩០០​នាក់ ដែល​ស្មើនឹង ៨៣,០២% នៃ​ចំនួន​ប្រជាពលរដ្ឋ​ ដែលមាន​ឈ្មោះ​នៅក្នុង​បញ្ជី​។

បន្ទាប់ពី​គណបក្ស​ប្រជាជន​កម្ពុជា គឺ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទទួលបាន​សម្លេងឆ្នោត​គាំទ្រ ​ចំនួន ៣៧៤ ៥១០ ​សម្លេង គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ទទួលបាន​សម្លេងឆ្នោត​គាំទ្រ ​ចំនួន ៣០៩ ៣៦៤ ​សម្លេង​។​ ចំណែកឯគណបក្សយុវជនកម្ពុជា នៃលោក ពេជ្រ ស្រស់ ទទួលបានសម្លេងគាំទ្រ ចំនួន ៣៩ ៣៣៣ សម្លេង។

ក្នុងសេចក្ដីសម្រេចមួយ ដែលចេញផ្សាយដោយ គ.ជ.ប កាលពីម្សិលម៉ិញដដែល បានឲ្យដឹងថា គណបក្សនយោបាយ អាចប្តឹងតវ៉ាអំពីលទ្ធផលមួយផ្នែក ឬលទ្ធផលទាំងអស់ នៃការបោះឆ្នោត ក្នុងរយៈពេល៧២ម៉ោងយ៉ាងយូរ បន្ទាប់ពីការប្រកាសលទ្ធផលបណ្តោះអាសន្ន អនុលោមតាមមាត្រា១៣១ នៃច្បាប់ស្តីពីការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត។

គណបក្សយុវជនកម្ពុជា ជាគណបក្សទី៤ ដែលបង្ហាញពីការមិនសប្បាយចិត្តរបស់ខ្លួន បន្ទាប់ពីគណបក្សរស្មីខេមរា គណបក្សខ្មែរអភិវឌ្ឍសេដ្ឋកិច្ច និងគណបក្សខ្មែរឈប់ក្រ នៅក្នុងការបោះឆ្នោតជាតិ ដែលបានប្រព្រឹត្តិទៅ កាលពីថ្ងៃទី២៩ ខែកក្កដា កន្លងមកនេះ។ តែផ្ទុយពីគណបក្សបីមុន ដែលប្រកាសទាត់ចោលទាំងស្រុង នូវលទ្ធផលនៃនៃការបោះឆ្នោត (ទោះលទ្ធផលនេះ ផ្លូវការ ឬបណ្ដោះអាសន្នក្ដី) គណបក្សដឹកនាំដោយលោក ពេជ្រ ស្រស់ គ្រាន់តែប្រកាសមិនយល់ស្រប ជាមួយសម្លេងឆ្នោតគាំទ្រ ដែលមានចំនួនតិចជាង ត្រឹមតែ ៨៤សម្លេង ពីសម្លេងឆ្នោត​​ដែលខ្លួន​​រាប់​ឃើញ​​ប៉ុណ្ណោះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...