បាក់​ស្ពាន​ដ៏ធំ​មួយ​នៅ​ក្រុង «Gênes» ​ស្លាប់​យ៉ាង​​តិច​៣០នាក់

ស្ពានឈ្មោះ «Morandi» ដែលភ្ជាប់ថ្នល់ល្បឿនលឿន «A10» នៅក្បែរក្រុង «Gênes» ប្រទេសអ៊ីតាលី បានបាក់ធ្លាក់កាលពីមុននេះ បណ្ដាលឲ្យមានមនុស្សស្លាប់ យ៉ាងតិច ៣០នាក់។ សារព័ត៌មានអ៊ីតាលី បានបញ្ជាក់ពីហេតុការណ៍នេះ និងបានបន្ថែមថា អ្នកជួយសង្គ្រោះកំពុងស្វែងរកជនរងគ្រោះ បន្តទៅទៀតនៅឡើយ។
បាក់​ស្ពាន​ដ៏ធំ​មួយ​នៅ​ក្រុង «Gênes» ​ស្លាប់​យ៉ាង​​តិច​៣០នាក់
ស្ពាន «Morand» នៅពេលបាក់ស្រុត ទៅលើផ្លូវដែក និងសហគ្រាសមួយ ដែលគ្មានបុគ្គលិក។ (រូបថតលើទ្វីសធើរ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៤ សីហា ២០១៨
  • កែប្រែចុងក្រោយ: August 14, 2018
  • ប្រធានបទ: បាក់ស្ពាន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រសួងមហាផ្ទៃអ៊ីតាលី បានប្រកាសក្នុងពេលភ្លាមៗ ពីតុល្យភាពបឋម ថាមានមនុស្សយ៉ាងតិច ២២នាក់ បានស្លាប់បាត់បង់ជីវិត នៅក្នុងហេតុការណ៍បាក់ស្ពាន «Morandi» ដែលភ្ជាប់ថ្នល់ល្បឿនលឿន «A10» នៅក្បែរក្រុង «Gênes» ស្ថិតនៅភាគលិចប្រទេស។ ប៉ុន្តែព័ត៌មាន ដែលទើបនឹងធ្លាក់មកដល់ បានបញ្ជាក់ថា តុល្យភាពបានកើនឡើង ដល់៣០នាក់។

ហេតុការណ៍ដ៏រន្ធត់ បានកើតឡើង នៅវេលាម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃអង្គារទី១៤ ខែសីហានេះ ដោយនាំទៅជាមួយ នូវរថយន្ដដែលកំពុងរត់នៅលើស្ពាន ប្រមាណជាពី១០ ទៅ២០គ្រឿង។ រដ្ឋមន្ត្រីក្រសួងហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន លោក «Edoardo Rixi»​ ក៏បានប្រកាសតាមកញ្ចក់ទូរទស្សន៍ដែរថា មានមនុស្សយ៉ាងហោច ២២នាក់បានស្លាប់។ លោកថា៖ «តុល្យភាពនេះ អាចនឹងកើនឡើងថែមទៀត»។

រូបភាពជាច្រើន បានបង្ហាញថា ស្ពានឆ្លងជ្រលង ឬស្ពានអាកាស «Morandi» ដែលមានកំពស់ច្រើនសិបម៉ែត្រ បានបាក់ធ្លាក់នៅលើផ្លូវដែក សហគ្រាសឯកជន ដែលនៅខាងក្រោមស្ពាន ហើយរូបភាពខ្លះទៀត បានបង្ហាញរូបភាពកកស្ទះចរាចរណ៍ ពីមាត់ផ្លូវ ដែលនាំទៅរកស្ពានខាងលើ ខណៈអ្នកសង្គ្រោះជាច្រើន កំពុងធ្វើការរុករកជនរងគ្រោះ ដែលជាប់នៅក្នុងគំនរបេតុង និងគំនររថយន្ដ។

តែបើតាមរបាយការណ៍ដំបូង បានអះអាងថា មានតែចំណតរថយន្ដ នៅខាងក្រោមស្ពាន​ប៉ុណ្ណោះ ដែលរងការប៉ះពាល់ ពីការបាកស្រុតនេះ ដោយហេតុថា សហគ្រាសឯកជនមួយ ដែលស្ថិតនៅទីនោះ មិនមានបុគ្គលិកមកធ្វើការទេ ដោយសារថ្ងៃស្អែក ជាថ្ងៃឈប់សម្រាក លើកលែងតែបុគ្គលិកប្រចាំការ ប៉ុណ្ណោះ។

ភាពចាស់ទ្រុឌទ្រោម នៃប្រព័ន្ធទ្រទ្រង់ស្ពាន ត្រូវបានលើកយកមកពន្យល់​ជាទូទៅ ពីមូលហេតុ​ដែលបណ្ដាល ឲ្យកើតហេតុការណ៍នេះ។ តែសារព័ត៌មានខ្លះ បានលើកឡើងពីហេតុផល នៃភ្លៀងខ្យល់មិនស្រាកស្រាន បង្កឲ្យមានខ្យល់ព្យុះដ៏ខ្លាំង នៅមុនពេលកើតហេតុ។ សារព័ត៌មាន «il Giornale» ថែមទាំងបានលើកយកសំដីរបស់សាក្សី មកបញ្ជាក់ថា មានរន្ទះដ៏ខ្លាំងមួយ បានបាញ់ទៅលើសរសរមួយដើម នៅពេលមុនការបាក់ស្រុតស្ពាន។

ស្ពាន «Morand» មួយខ្សែរនេះ មានប្រវែងជាងមួយគីឡូម៉ែត្រ និងត្រូវបានសាងសង់ឡើង តាំងពីទសវត្សរ៍ឆ្នាំ៦០៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...