ទំព័រ​ហ្វេសប៊ុក ហ៊ុន សែន ត្រូវ​បាន​យក​ត្រឡប់​មក​វិញ បន្ទាប់​ពី​រង​ការប្លន់​អស់​ជា​ច្រើន​ម៉ោង

សារបង្ហោះដំបូង ត្រូវបានបង្ហោះចេញ នៅលើទំព័រហ្វេសប៊ុកលោក ហ៊ុន សែន បន្ទាប់ពីទំព័រនេះ​ត្រូវបានប្លន់ យកទៅគ្រប់គ្រងអស់ជាច្រើនម៉ោង។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ អះអាងថា ទំព័រហ្វេសប៊ុកផ្លូវការនេះ ត្រូវបានយកមកវិញ ដោយសារការដុតដៃដុតជើង ជាមួយអ្នកជំនាញរបស់ក្រសួង។
ទំព័រ​ហ្វេសប៊ុក ហ៊ុន សែន ត្រូវ​បាន​យក​ត្រឡប់​មក​វិញ បន្ទាប់​ពី​រង​ការប្លន់​អស់​ជា​ច្រើន​ម៉ោង
ទំព័រហ្វេសប៊ុកលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីផុតអាណត្តិ របស់ប្រទេសកម្ពុជា។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១០ សីហា ២០១៨
  • កែប្រែចុងក្រោយ: August 10, 2018
  • ប្រធានបទ: ចោរបច្ចេកវិទ្យា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅវេលាម៉ោងជាង១៣ រសៀលថ្ងៃនេះ ទំព័រហ្វេសប៊ុកផ្លូវការ របស់លោក ហ៊ុន សែន ដែលមានអ្នកតាមដាន ជាង១០លានគណនី ត្រូវបានទាញយកមកគ្រប់គ្រងវិញបានហើយ បន្ទាប់ពីត្រូវបានប្លន់ យកទៅគ្រប់គ្រង តាំងពីម៉ោងជាង១១ព្រឹកម៉ិញ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ត្រូវបានសារព័ត៌មានក្នុងស្រុកស្រង់សំដី មកអះអាងថា ក្រុមអ្នកជំនាញរបស់ក្រសួង បានទាញយកទំព័រហ្វេសប៊ុកនេះ មកគ្រប់គ្រងវិញ ដោយមានកិច្ចសហប្រតិបត្តិការ ពីក្រុមហ៊ុនហ្វេសប៊ុក។

លោក ខៀវ សុភ័គ បានអះអាងទៀតថា ចំពោះចោរបច្ចេកវិទ្យា (Hacker) ដែលបានប្លន់ទំព័រនេះ ត្រូវបានរកឃើញតម្រុយមួយចំនួនហើយ គឺជា​«ជនទុច្ចរិត» ដែល «មាននិន្នាការប្រឆាំង ដែលអ្នកខ្លះ កំពុងលាក់ខ្លួននៅក្រៅប្រទេស»។ អ្នកនាំពាក្យបន្តថា អាជ្ញាធរកម្ពុជា នឹងសហការជាមួយប៉ូលិសអន្តរជាតិ (Interpol) ដើម្បីតាមចាប់ខ្លួនក្រុម «Hacker» ទាំងនោះ។ 

បន្ទាប់ពីបានរងការប្លន់ យកទៅគ្រប់គ្រង ដោយ «Hacker» រួច ទំព័រហ្វេសប៊ុក «Samdech Hun Sen, Cambodian Prime Minister» បាន​បង្ហោះសារ​ចម្លែកៗ យ៉ាងហោចចំនួនពីរដង៖ ម្ដងមុន ជាសារប្រកាសបែងចែកអសនៈ ដែលគណបក្សប្រជាជនកម្ពុជា​នឹងទទួលបាន ទៅឲ្យគណបក្សពីរផ្សេង និងម្ដងទៀត ជាសារអរគុណ អ្នកតាមដានទំព័ររបស់លោក ហ៊ុន សែន មកពីប្រទេសហ្វីលីពីន ឥណ្ឌូនេស៊ី និងប្រទេសឥណ្ឌា។ ការបង្ហោះ​ជាច្រើន​ផ្សេងទៀត រាប់ពីខែមេសា មកទល់នឹងខែសីហានេះ ក៏ត្រូវបានរលប់ចេញអស់ ពីទំព័រនេះដែរ។

នៅវេលានេះ គេឃើញទំព័រ​ហ្វេសប៊ុក​ខាងលើ បានបង្ហោះសារដំបូង អមនឹងរូបថតលោក ហ៊ុន សែន និងភរិយាមួយសន្លឹក។ សារនោះមានសេចក្ដីថា៖ «ខ្ញុំនិងភរិយា សូមផ្ញើនូវសេចក្តីនឹករឮក និងអរគុណចំពោះបងប្អូនកូនក្មួយ ជនរួមជាតិទូទាំងប្រទេស ដែលបានទៅបោះឆ្នោត គាំទ្រគណបក្សប្រជាជន លេខ​២០ ដើម្បីខ្ញុំបន្តដឹកនាំ កសាងប្រទេសជាតិយើង ឲ្យយកាន់តែ​រីក​ចម្រើន លឿនទៅមុខ។ សូមជូនពរបងប្អូនជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា។»។

 

ការប្លន់យកទំព័រហ្វេសប៊ុក ឬគេហទំព័ររបស់លោក ហ៊ុន សែន យកទៅគ្រប់គ្រងដូច្នេះ មិនមែនទើបនឹងកើតមាន ជាលើកទីមួយទេ។ កាលពីខែឧសភា ឆ្នាំ២០១៦ គេហទំព័រ «samdechhunsen.gov.kh» ក៏ត្រូវបានក្រុមចោរបច្ចេកវិទ្យា ប្លន់យកមទៅគ្រប់គ្រងដែរ។ នៅពេលនោះ អាជ្ញាធរកម្ពុជា បាន​​ទម្លាក់​​កំហុស នៃការវាយប្រហារ ទៅលើគេហទំព័រនេះ ថាជាស្នាដៃរបស់ក្រុមប្រឆាំង ដែលត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់ «ជាតិ និងអន្តរជាតិ»។ តែអ្នកជំនាញ បានហៅការព្រមាននេះ ថាមានលក្ខណៈ ជាស្គរប្រហោងក្នុង៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...