ទំព័រហ្វេសប៊ុក ហ៊ុន សែន រងការប្លន់យកទៅគ្រប់គ្រង

នៅមុននេះប៉ុន្មាននាទី ទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន បានបង្ហោះសារដ៏ចម្លែកមួយ អះអាងទទួលស្គាល់ថា ទំព័រហ្វេសប៊ុករបស់លោក ទទួលបានការចុចចូលចិត្ត «Like» ជាពិសេសពីបណ្ដាជន នៅក្នុងប្រទេសហ្វីលីពីន ឥណ្ឌូនេស៊ី និងឥណ្ឌា។ ប៉ុន្តែសារដែលមានរូបភាព ភ្ជាប់មកជាមួយជាច្រើននោះ ត្រូវបានលប់ចោលទៅវិញ ក្នុងពេលនេះ។
ទំព័រហ្វេសប៊ុក ហ៊ុន សែន រងការប្លន់យកទៅគ្រប់គ្រង
ទំព័រហ្វេសប៊ុកលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីផុតអាណត្តិ របស់ប្រទេសកម្ពុជា។ (រូបថតផ្តិតពីហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១០ សីហា ២០១៨
  • កែប្រែចុងក្រោយ: August 10, 2018
  • ប្រធានបទ: ចោរបច្ចេកវិទ្យា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅប៉ុន្មាននាទីមុន ទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីផុតអាណត្តិ នៅកម្ពុជា បានបង្ហោះនូវសារដ៏ចម្លែកមួយ ដោយអមមកជាមួយនូវរូបភាពជាច្រើន ដែលសុទ្ធសឹងជារូបភាពបែកធ្លាយ ក្នុងពេលកន្លងមក។ សារដ៏ចម្លែកនោះ ត្រូវបានលប់ចេញទៅវិញ នៅពេលនេះ តែបណ្ដាញព័ត៌មាន របស់​ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ដែលបានអូស «Facebook Feed News» ទាន់ពេល បានធ្វើ «PrintScreen» ទុក និងចម្លងបានទាំងពាក្យពេជន៍ អត្ថន័យ​ក្នុងសារនោះផង។

សារដ៏ចម្លែក មានសរសេរទាំងស្រុងថា៖

«ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អ្នកគាំទ្រនិងចុចLike ទំព័រហ្វេសប៊ុករបស់ខ្ញុំ ជាពិសេសប្រជាជនហ្វីលីពីន ឥណ្ឌូនេស៊ី និងឥណ្ឌា។»

«អគុណក្មួយប្រុស ដួង តារា ដែលបានខិតខំជួយបង្កើត និងផ្សព្វផ្សាយ ទំព័រហ្វេសប៊ុករបស់ខ្ញុំ រហូតមកដល់ពេលនេះ។»

«រាជរដ្ឋាភិបាលថ្មី អាណត្តិទី៦ ដែលមានខ្ញុំជាអ្នកដឹកនាំ គឺនឹងខិតខំប្រឹងប្រែងទ្វេដង ឲ្យសមទៅនឹងទឹកចិត្តស្រឡាញ់គាំទ្រ របស់បងប្អូន និងកូនក្មួយ ដើម្បី​កម្ពុជា​យើង​រីកចម្រើន ទៅមុខទាំងអស់គ្នា។»

«សូមជូនពរបងប្អូនជនរួមជាតិ និងកូនក្មួយទាំងអស់ ជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា។»

ការបង្ហោះខាងលើ បានធ្វើឲ្យគេគិតថា ទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន ទំនងជាត្រូវបានក្រុម «Hacker» ប្លន់យកទៅគ្រប់គ្រង ខណៈសារបង្ហោះចុងក្រោយ ពីសកម្មភាព និងសំដីរបស់លោក ហ៊ុន សែន តាំងពីខែមេសា រហូតមកដល់ខែសីហានេះ ត្រូវបានរលប់ចេញពីទំព័រ។ ការបង្ហោះចុងក្រោយ នៅលើទំព័រ ដែលត្រូវបានមើលឃើញ ក្នុងពេលនេះ ត្រូវបានធ្វើតាំងពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨។

ខាងក្រោមនេះ រូបភាពផ្តិតពីអេក្រង់មួយ ដែលថតចេញ ពីការបង្ហោះដ៏ចម្លែកនោះ។ រូបភាពទាំងនេះមួយចំនួន នៅអាចចុចរកឃើញ នៅលើប្រព័ន្ធផ្ទុក របស់ហ្វេសប៊ុកនៅឡើយ (ដូចជា​នៅ​ទីនេះ ទីនេះ និងទីនេះ)។

នៅមុនការបង្ហោះខាងលើនេះ មានការបង្ហោះមួយទៀត នៅលើទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន ដដែល ដោយអះអាងថា នឹងមានការ​ចែក​អាសនៈ​រដ្ឋសភា ចំនួន​២ ​ទៅ​ឲ្យ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ និង​២​ទៀត ទៅ​ឲ្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច។ ប៉ុន្តែដំណឹងនេះ ត្រូវបានមន្ត្រីអ្នកនាំពាក្យ របស់គណបក្សប្រជាជនកម្ពុជា អះអាងថា ​មិនមែនជា​ព័ត៌មាន​ពិត​នោះទេ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...