បក្ស​ហ្វ៊ុនស៊ិនប៉ិច​លេប​ថ្ម​លេប​គ្រួស នឹង​ចំណាត់ថ្នាក់​ទី២

ទោះជាដឹងថា លទ្ធផលនៃការបោះឆ្នោត មិនសមប្រកប នឹងស្ថានភាពជាក់ស្ដែង តែគណបក្សហ្វ៊ុន​ស៊ីនប៉ិច ដែលធ្លាប់ស្គាល់រសជាតិ នៃជ័យជំនះ ក្នុងការបោះឆ្នោតជាតិ នីតិកាលដំបូង នៅតែប្រកាសអួតអាង ពីចំណាត់ថ្នាក់ទី២របស់ខ្លួន ដែលគណបក្សអះអាងថា បានទទួលការគាំទ្រ នៅក្នុងការបោះឆ្នោតជាតិ ឆ្នាំ២០១៨នេះ។
បក្ស​ហ្វ៊ុនស៊ិនប៉ិច​លេប​ថ្ម​លេប​គ្រួស នឹង​ចំណាត់ថ្នាក់​ទី២
ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ ប្រធានគណបក្សហ្វុនស៊ីនប៉ិច។ (រូបថត MONOROOM.info)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០៩ សីហា ២០១៨
  • កែប្រែចុងក្រោយ: August 09, 2018
  • ប្រធានបទ: បោះឆ្នោត​ជាតិ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ចាប់ពីការបោះឆ្នោតជាតិ នីតិកាលទី២ ក្នុងឆ្នាំ១៩៩៨មក គណបក្សហ្វ៊ុន​ស៊ីនប៉ិច បានធ្លាក់ខ្លួនរហូត មុននឹងបាត់ខ្លួន សូន្យឈឹងតែម្ដង នៅក្នុងការបោះឆ្នោតជាតិ នីតិកាលទី៥។ តែនៅនីតិកាលទី៦ បើទោះជាគណបក្សមួយនេះ ដឹងថា «លទ្ធផល​នៃ​ការបោះឆ្នោត មិន​បាន​សមស្រប​នឹង​ស្ថានភាព ជាក់ស្តែង​ក៏​ដោយ» តែគណបក្សបានអួតអាង ពីការកើនឡើងនៃការគាំទ្រ ដែលធ្វើឲ្យខ្លួនមានចំណាត់ថ្នាក់ទី២ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា។

នេះ បើតាមសេចក្ដីថ្លែងការណ៍មួយ របស់គណបក្សហ្វុនស៊ីនប៉ិច ដែលចេញផ្សាយកាលពីម្សិលម៉ិញ និងដែលចុះហត្ថលេខា ដោយលោក យូ ហុកគ្រី អនុប្រធានគណបក្ស។ អត្ថបទផ្លូវការនោះ បានសរសេរថា៖ «ទោះបីជា​លទ្ធផល​នៃ​ការបោះឆ្នោត មិន​បាន​សមស្រប​នឹង​ស្ថានភាព ជាក់ស្តែង​ក៏​ដោយ ក៏​យើង​បាន​សង្កេតឃើញថា គណបក្ស​ហ្វ៊ុន​ស៊ីនប៉ិច មាន​សំឡេង​កើនឡើង​ គួរឲ្យកត់សម្គាល់ ដែល​អាច​ឈរ​លំដាប់​លេខ​២ ក្នុងចំណោម​គណបក្ស​នយោបាយ​ចំនួន​២០ ដែល​បាន​ចូលរួម​ ក្នុង​ការបោះឆ្នោត​កន្លងទៅ​នេះ»។

សេចក្ដីថ្លែងការណ៍ បានសរសេរថ្លែងអំណរគុណ ថ្នាក់ដឹកនាំ សមាជិក សមាជិកា​របស់​ខ្លួន ដែល​បាន​បំពេញ​ការងារ​ ក្នុងអំឡុងពេលនៃការបោះឆ្នោតជាតិ ឆ្នាំ២០១៨ ហើយក៏បានថ្លែងអំណរគុណ​ផងដែរ ចំពោះ​សមាជិក សមាជិកា នៃ​គណបក្ស បងប្អូន​ប្រជារាស្ត្រ​ម្ចាស់​ទឹក ម្ចាស់​ដី ម្ចាស់​អំណាច ដែលគណបក្ស​​មួយនេះ និយាយថា «​បាន​នាំគ្នា​អញ្ជើញ​ទៅ​បោះឆ្នោត និង​បោះឆ្នោត​ជ្រើសរើស​គណបក្ស ដែល​ខ្លួន​ពេញចិត្ត កាលពី​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨»​។

ការបោះឆ្នោតជាតិ ថ្ងៃទី២៩ ខែកក្កដា បានផ្ដល់ជ័យជំនះ និងអសនៈសភាសឹងតែទាំងស្រុង ទៅឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ជាមួយនឹងសម្លេងឆ្នោត ៤.៨៧៥.១៨៩ ​សំឡេង ស្មើនឹង ៧៦,៧៨% ខណៈ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​ឈរ​លំដាប់​លេខ​រៀង​ទី​២ ទទួលបាន​សំឡេង ៣៧៣.៥២៦​សំឡេង​។ នេះ បើតាមលទ្ធផលបឋម ដែលផ្ដល់ដោយគណកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប។

ការបោះឆ្នោតជាតិ នីតិកាលទី៦នេះ បានរងការរិះគន់​យ៉ាងធ្ងន់ធ្ងរ ពីបណ្ដាមតិជាតិមួយភាគ និងពីសហគមន៍អន្តរជាតិជាទូទៅ ជាពិសេសពីបណ្ដាប្រទេសធំៗ ដែលសុទ្ធសឹង ជាប្រទេសប្រជាធិបតេយ្យ ក្នុងពិភពលោក។ ក្រុមប្រទេសទាំងនោះ បានចាត់ទុកការបោះឆ្នោតមួយនេះ មិនសេរី យុត្តិធម៌ ដែលឈានទៅមិនអាចទទួលយកបាន នូវលទ្ធផលនៃការបោះឆ្នោត បន្ទាប់ពីគណបក្សប្រឆាំងដ៏សំខាន់ ត្រូវបានរំលាយចោល - ប្រធានគណបក្សប្រឆាំង ត្រូវបានចាប់ខ្លួន ដាក់ពន្ធនាគារ បូកផ្សំនឹងលំហសម្រាប់ ក្រុមអង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ត្រូវបានរឹតត្បិតថែមទៀតនោះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...