រ៉ុស្ស៊ី តែងតាំង​តារា​ភាពយន្ដ​អាមេរិក ឲ្យ​ធ្វើ​ជា​បេសកជន​មនុស្សធម៌​

ដោយទទួលបានសញ្ជាតិរ៉ុស្ស៊ី តាំងពីឆ្នាំ២០១៦មក តារាភាពយន្ដអាមេរិក​ដ៏ល្បី ជំនាញខាងទាត់ធាក់ ត្រូវបានក្រសួងការបរទេសរ៉ុស្ស៊ី តែងតាំងនៅចុងសប្ដាហ៍នេះ ឲ្យក្លាយជា«បេសកជន» ដើម្បីពង្រឹងចំណងទាក់ទង ផ្នែកមនុស្សធម៌ រវាងប្រទេសទាំងពីរ។
រ៉ុស្ស៊ី តែងតាំង​តារា​ភាពយន្ដ​អាមេរិក ឲ្យ​ធ្វើ​ជា​បេសកជន​មនុស្សធម៌​
លោក ស្ដេវេន ស៊ីហ្គាល តារាភាពយន្ដអាមេរិក។ (រូបថតលើទ្វីសធើរ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០៥ សីហា ២០១៨
  • កែប្រែចុងក្រោយ: August 07, 2018
  • ប្រធានបទ: តារាល្បី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក ស្ដេវេន ស៊ីហ្គាល (Steven Seagal) តារាភាពយន្ដអាមេរិក ដ៏ល្បីឈ្មោះ ដែលមានសញ្ជាតិរ៉ុស្ស៊ី តាំងពីឆ្នាំ២០១៦ បានក្លាយជា​«បេសកជន»​របស់​ក្រសួង​ការបរទេស​រ៉ុស្ស៊ី ទទួលបន្ទុករឹតចំណងទាក់ទង ផ្នែកមនុស្សធម៌ ជាមួយសហរដ្ឋអាមេរិក។ នេះ បើតាមការប្រកាសឲ្យដឹង ក្នុងសេចក្ដីជូនដំណឹងមួយ របស់ក្រសួងការបរទេសរ៉ូស្ស៊ី។

សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា ភារកិច្ចរបស់លោក ស្ដេវេន ស៊ីហ្គាល គឺចូលរួមក្នុងការអភិវឌ្ឍន៍ នូវទំនាក់ទំនង រ៉ុស្ស៊ី-អាមេរិក នៅក្នុងវិស័យមនុស្សធម៌ ដោយរួមបញ្ចូល ទាំងកិច្ចសហប្រតិបត្តិការ នៅក្នុងវិស័យវប្បធម៌ និងសិល្បៈ។ ក្រសួងការបរទេសរ៉ុស្ស៊ី បានបញ្ជាក់ទៀតថា តួនាទីរបស់លោក ស្ដេវេន ស៊ីហ្គាល មានលក្ខណៈដូចគ្នា ទៅនឹង «អង្គទូតសុច្ឆន្ទៈ» របស់អង្គការសហប្រជាជាតិដែរ ហើយតួនាទីនេះ មិនបានគ្រោងទុក ពីការផ្ដល់បៀវត្សន៍នោះទេ។

ការតែងតាំងនេះ បានធ្វើឡើង នៅចំពេលដែលទំនាក់ទំនង រវាងប្រទេសមហាយក្សទាំងពីរ បានធ្លាក់ចុះយ៉ាងខ្លាំង រាប់ចាប់តាំង​ពីសង្គ្រាមត្រជាក់ បានផុតរលត់នោះមក។ ការធ្លាក់ចុះ ដែលកើតមានយ៉ាងគំហុក ជាពិសេស​នៅក្នុង​សំនុំរឿង​ធំៗ​ចុងក្រោយ ដូចជាសង្គ្រាមនៅស៊ីរី បញ្ហាទឹកដីនៅក្នុងប្រទេសអ៊ុយក្រែន និងការចោទប្រកាន់ ពីការជ្រៀតជ្រែក ពីសំណាក់វិមានក្រឹមឡាំង ចូលក្នុងការបោះឆ្នោត ជ្រើសតាំងប្រធានាធិបតីអាមេរិក ឆ្នាំ២០១៦ ជាដើម។

ប៉ុន្តែរាល់បញ្ហាទាំងអស់ខាងលើ តែងត្រូវបានប្រទេសរ៉ុស្ស៊ីបដិសេធ និងច្រានចោល។

លោក ស្ដេវេន ស៊ីហ្គាល ជាតារាភាពយន្ដដែលមានឈ្មោះល្បី នៅក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយ ដោយលោក​ឧស្សាហ៍សំដែង នៅក្នុងតួអង្គវ៉ៃតប់ ធាក់ទាត់ ដោយប្រើក្បាច់គុន «Aïkido» ដ៏ចំណាន។ តារាភាពយន្ដ​វ័យ៦៦ឆ្នាំរូបនេះ ត្រូវបានប្រធានាធិបតីរ៉ុស្ស៊ី លោក វ្លាឌីមៀរ ពូទីន (Vladimir Poutine) ផ្ដល់សញ្ជាតិរ៉ុស្ស៊ីជូន កាលពីខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅ៕

 
Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...