ក្រុង​ព្យុងយ៉ាង​មិនត្រឹម​មិន​បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ​ទេ តែ​ថែម​ទាំង​លក់​សព្វាវុធ​ខ្លួន​ទៀត

របាយការណ៍សំងាត់មួយ ដែលត្រូវបានដាក់ឡើង ទៅអង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្រកន្លងមក បានបញ្ជាក់ឲ្យដឹងថា ក្រុងព្យុងយ៉ាង មិនបានបញ្ឈប់កម្មវិធី នុយក្លេអ៊ែរ និងការផលិតកាំជ្រួចអន្តរទ្វីបទេ។
ក្រុង​ព្យុងយ៉ាង​មិនត្រឹម​មិន​បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ​ទេ តែ​ថែម​ទាំង​លក់​សព្វាវុធ​ខ្លួន​ទៀត
កាំជ្រួចអន្តរទ្វីប ប្រទេស «Musudan» របស់ប្រទេសកូរ៉េខាងជើង។ (រូបថតផ្លូវការ របស់របបកុម្មុយនីស្ដិ៍)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ
  • កែប្រែចុងក្រោយ: August 06, 2018
  • ប្រធានបទ: ឧបទ្វីបកូរ៉េ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រដ្ឋលេខាធិការអាមេរិក លោក «Mike Pompeo» បានអំពាវនាវកាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍នេះ ទៅកាន់សហគមន៍អន្តរជាតិ ឲ្យ«រក្សាការដាក់សំពាធ ផ្នែកការទូត និងសេដ្ឋកិច្ច» ទៅលើប្រទេសកូរ៉េខាងជើង។ ស្របពេលជាមួយគ្នា របាយការណ៍សំងាត់មួយ បានលើកឡើងថា របបកុម្មុយនីស្ដិ៍ ក្រុងព្យុងយ៉ាង មិនបានបញ្ឈប់កម្មវិធីនុយក្លេអ៊ែរ និងការផលិតកាំជ្រួចអន្តរទ្វីប នោះទេ។

របាយការណ៍សំងាត់នោះ មិនត្រូវបានបញ្ចេញឲ្យដឹង ឬផ្សព្វផ្សាយជាសាធារណៈទេ តែទីភ្នាក់ងារព័ត៌មាន «Reuters» ដែលទទួលបានឯកសារនោះ បានលើកឡើងថា ប្រទេសកូរ៉េខាងជើង បានរំលោភលើ​ទណ្ឌកម្មទាំងឡាយ ដែលត្រូវបានដាក់ទៅលើខ្លួន។ ទីភ្នាក់ងារ «Reuters» បានអះអាងថា របាយការណ៍ ដែលត្រូវបានរៀបចំ អង្កេត ស្រាវជ្រាវឡើង ដោយក្រុមអ្នកជំនាញឯករាជ្យ តាំងពី៦ខែមកនោះ ត្រូវបានដាក់ទៅកាន់អង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្រ។

របាយការណ៍បានពន្យល់ថា ក្រុងព្យុងយ៉ាង មិនត្រឹមតែមិនបញ្ឈប់កម្មវិធីនុយក្លេអ៊ែរ និងការផលិតកាំជ្រួចអន្តរទ្វីបប៉ុណ្ណោះទេ តែប្រទេសកុម្មុយនីស្ដិ៍ នៅបានព្យាយាមលក់សព្វាវុធរបស់ខ្លួន ទៅក្នុងបណ្ដាញមួយ នៃបណ្ដាប្រទេស នៅក្នុងទ្វីបអាហ្វ្រិក និងនៅក្នុងតំបន់មជ្ឈឹមបូព៌ា ដូចជាប្រទេស យ៉េម៉េន ជាដើមនោះថែមទៀត។

លោក «Mike Pompeo» ជារដ្ឋលេខាធិការ នៃរដ្ឋាភិបាលសហរដ្ឋអាមេរិក ទទួលបន្ទុកការចរចា ដើម្បីអនុវត្តការប្តេជ្ញាចិត្ត ដែលធ្វើឡើងរវាងលោកដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីអាមេរិក និងលោក គីម ជុងអ៊ុន (Kim Jong-un) មេដឹកនាំកូរ៉េខាងជើង នៅក្នុងជំនួបកំពូលមួយ ដែលមិនធ្លាប់មានពីមុនមក របស់មេដឹកនាំទាំងពីរ កាលពីថ្ងៃទី១២ ខែមិថុនា។ នៅក្នុងជំនួបនោះ មេដឹកនាំប្រទេសកូរ៉េកុម្មុយនីស្ដិ៍ បានសន្យាថា «នឹងលប់បំបាត់ចោល នូវអាវុធនុយក្លេអ៊ែរ ចេញឲ្យអស់ ពីឧបទ្វីបកូរ៉េ» ប៉ុន្តែលោក គីម មិនបានបញ្ជាក់ថា តើការលប់បំបាត់ចោលនេះ នឹងត្រូវធ្វើនៅពេលណា និងយ៉ាងដូចម្ដេចឡើយ។

លោក «Mike Pompeo» បានថ្លែងឡើង នៅក្នុងសន្និសីទកាសែតមួយ ដែលធ្វើឡើងនៅក្នុងឱកាស នៃកិច្ចប្រជុំរវាងបណ្ដាប្រទេសអាស៊ី នៅក្នុងប្រទេសសិង្ហបូរី កាលពីថ្ងៃសៅរ៍ថា៖ «ខ្ញុំបានទាមទារ និងលើកឡើងដដែលៗ ពីសារសំខាន់ នៃការរក្សាសំពាធការទូត និងសេដ្ឋកិច្ច ទៅលើប្រទេសកូរ៉េខាងជើង ដើម្បីឈានទៅការលប់បំបាត់ចោល នូវអាវុធនុយក្លេអ៊ែរ ជាស្ថាពរ និងដែលត្រូវបានត្រួតពិនិត្យគ្រប់ជ្រុងជ្រោយ ថាប្រទេសនេះ ពិតជាបានធ្វើតាមអ្វី ដែលខ្លួនបានប្ដេជ្ញាចិត្តមែន។»។

លោកបន្តថា៖ «ដៃគូ និងសម្ព័ន្ធមិត្តរបស់យើង នៅក្នុងក្របខណ្ឌអាស៊ាន ពិតជាដឹងច្បាស់ណាស់ ថាតើការលប់បំបាត់ អាវុធនុយក្លេអ៊ែរ មានសារៈសំខាន់ប៉ុណ្ណា សម្រាប់សន្តិសុខរបស់ពួកគេ។ អញ្ចឹងហើយ ទើបខ្ញុំបានស្នើសុំឲ្យអនុវត្តន៍ ឲ្យបានតឹងតែង នូវទណ្ឌកម្មទាំងឡាយ រាប់ទាំងការបញ្ឈប់ បញ្ជូនប្រេងឥន្ទនៈ ទាំងខុសច្បាប់ រវាងនាវាមួយទៅនាវាផ្សេង ក្នុងគោលដៅដឹក ទៅឲ្យរបបកុម្មុយនីស្ដិ៍។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...