កាណាដា៖ ហ៊ុន សែន បន្ត​រក្សាអំណាច​ពី​ការ​បោះឆ្នោត​«មិន​ប្រជាធិបតេយ្យ»

ប្រទេសកាណាដា បានបង្ហាញជំហររបស់ខ្លួន ចំពោះការបោះឆ្នោតជាតិ នៅកម្ពុជា ដោយហៅដំណើរការបោះឆ្នោត ដែលមានពោរពេញ ដោយការបំភិតបំភ័យ និងការរារាំង ទៅលើអ្នកបោះឆ្នោត រួមទាំងការហាមឃាត់គណបក្សប្រឆាំង និងការបង្ក្រាប ទៅលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងសង្គមស៊ីវិល ថាមិនមែនជាការបោះឆ្នោត ដោយ«សេរី ត្រឹមត្រូវ និងយុត្តិធម៌»ឡើយ។
កាណាដា៖ ហ៊ុន សែន បន្ត​រក្សាអំណាច​ពី​ការ​បោះឆ្នោត​«មិន​ប្រជាធិបតេយ្យ»
ពីឆ្វេងទៅស្ដាំ៖ លោក ជូស្ទីន ទ្រូដូ នាយករដ្ឋមន្ត្រីកាណាដា និងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងជំនួបអាស៊ាន កាលពីខែវិច្ឆិកា ឆ្នាំ២០១៧។ (រូបថតលើទ្វីសធើរ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី៣១ កក្កដា ២០១៨
  • កែប្រែចុងក្រោយ: July 31, 2018
  • ប្រធានបទ: បោះឆ្នោត​ជាតិ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«នាយករដ្ឋមន្ត្រីក្នុងតំណែង លោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជារបស់លោក បានបន្តរក្សាអំណាច នៅក្រោយការបោះឆ្នោតទូទៅមួយ របស់ប្រទេសកម្ពុជា» នេះ ជាការអះអាងឡើង របស់ប្រទេសកាណាដា នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ផ្សាយចេញពីក្រសួងកិច្ចការពិភពលោក របស់ប្រទេសនេះ កាលពីថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ (ត្រូវព្រឹកថ្ងៃចន្ទ ម៉ោងនៅកម្ពុជា)។

ប៉ុន្តែការរក្សាអំណាច របស់លោក ហ៊ុន សែន និងគណបក្សរបស់លោក តាមរយៈការបោះឆ្នោតមួយនេះ ត្រូវបានសេចក្ដីថ្លែងការណ៍នោះ ពន្យល់ថា មានពោរពេញដោយក្ដីមន្ទិល និងមិនប្រជាធិបតេយ្យ។

រដ្ឋាភិបាលក្រុង អ៊ុតាវ៉ា បានបញ្ជាក់​ថា៖ «យុទ្ធនាការនៃការបោះឆ្នោត ត្រូវបានទទួលស្គាល់ យ៉ាងទូលំទូលាយ ថាមានពោរពេញ ដោយការបំភិតបំភ័យ និងការរារាំង សម្រាប់អ្នកបោះឆ្នោត។ ការប្រើប្រព័ន្ធយុត្តិធម៌ ដើម្បីរុកកួន បំភិតបំភ័យ និងបំបាត់គណបក្សប្រឆាំង រួមនឹងការចាប់មេដឹកនាំគណបក្សប្រឆាំង លោក កឹម សុខា ដាក់ពន្ធនាគារ ហើយនិងការបង្ក្រាប មកលើក្រុមសង្គមស៊ីវិល និងសារព័ត៌មាននោះ មិនមែនជាសញ្ញា នៃការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះឡើយ។»។

សេចក្ដីថ្លែងការណ៍ ដែលគេអាចរកបាន ជាពីរភាសា នៅលើគេហទំព័រក្រសួងកិច្ចការពិភពលោក របស់ប្រទេសកាណាដា បានសរសេរថា៖ 

​«កាណាដា ជាមិត្តដ៏យូរអង្វែងមួយ របស់ប្រជាជនកម្ពុជា និងគាំទ្រយ៉ាងខ្លាំង ចំពោះសិទ្ធិរបស់ពួកគេ ក្នុងការជ្រើសរើសមេដឹកនាំរបស់ពួកគេ ដោយសេរី ហើយយើងនឹងបន្តស្នើដល់រដ្ឋាភិបាលកម្ពុជា ត្រូវអនុញ្ញាតឲ្យមាន នូវសិទ្ធិជាមូលដ្ឋាន សម្រាប់ប្រជាជនកម្ពុជា ស្ដារសេរីភាពខាងការបញ្ចេញមតិ និងការចូលរួម ក្នុងជីវភាពនយោបាយ រួមទាំងការដោះលែង លោក កឹម សុខា ដែលនៅជាប់ក្នុងពន្ធនាគារ អស់រយៈពេលជិត១១ខែ ដោយគ្មានការដោះលែង ឲ្យនៅក្រៅឃុំ។» 

«ការការពារលំហ សម្រាប់ក្រុមអង្គការសមាគម សង្គមស៊ីវិល និងការធានាឲ្យពលរដ្ឋទាំងអស់ អាចចូលរួមដោយសន្តិវិធី ក្នុងដំណើរការបោះឆ្នោត គឺជាឫសគល់នៃលទ្ធិប្រជាធិបតេយ្យរឹងមាំ និងប្រកដដោយសុខភាព។ ប្រព័ន្ធផ្សព្វផ្សាយ ក៏ដើរតួនាទីយ៉ាងសំខាន់មួយដែរ សម្រាប់ការការពារលទ្ធិប្រជាធិបតេយ្យ ទាំងនៅក្នុងប្រទេសកម្ពុជា ឬនៅទីណាក៏ដោយ។»

រដ្ឋាភិបាលក្រុង អ៊ុតាវ៉ា បានបញ្ជាក់ពីជំហររបស់ខ្លួន នៅក្នុងឃ្លាចុងក្រោយដូច្នេះថា៖ «ប្រទេសកាណាដា នឹងបន្តប្រើប្រាស់គ្រប់ឱកាស​ទាំងអស់ ដើម្បីលើកកម្ពស់សេរីភាព នៃបញ្ចេញមតិ និងការចូលរួមនយោបាយ នៅជុំវិញពិភពលោក»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...