បាក់​ទំនប់​នៅ​ឡាវ បង្ក​ឲ្យ​ស្លាប់​ច្រើន​នាក់​និង​បាត់​ខ្លួន​ច្រើន​រយ​នាក់

បាក់ទំនប់វារីអគ្គិសនី នៅក្នុងប្រទេសឡាវ ដែលជាទំនប់ កំពុងស្ថិតក្នុងសាងសង់នៅឡើយ បានទំលាយទឹកប្រមាណជា ៥ពាន់​លានម៉ែត្រគូប ធ្លាក់មកជន់លិច ភូមិអ្នកស្រុក ចំនួន៦ នៅខាងក្រោមទំនប់។ អាជ្ញាធរតំបន់ បានអះអាងពីជនរងគ្រោះដល់ជីវិត ថាមានចំនួនច្រើននាក់ និងជនបាត់ខ្លួន ជាច្រើនរយនាក់ទៀត។
បាក់​ទំនប់​នៅ​ឡាវ បង្ក​ឲ្យ​ស្លាប់​ច្រើន​នាក់​និង​បាត់​ខ្លួន​ច្រើន​រយ​នាក់
ទិដ្ឋភាពបណ្ដាជនឡាវ ដែលកំពុងរងគ្រោះ ដោយការធ្លាយទំនប់វារីអគ្គិសនី ក្នុងខេត្ត «» ជាប់ព្រំដែនឡាវ-កម្ពុជា-វៀតណាម។ (រូបថតលើទ្វីសធើរ)
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២៤ កក្កដា ២០១៨
  • កែប្រែចុងក្រោយ: July 25, 2018
  • ប្រធានបទ: គ្រោះវារីអគ្គិសនី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«មនុស្សច្រើននាក់ បានស្លាប់ និងច្រើនរយនាក់ផ្សេងទៀត បានបាត់ខ្លួន» នៅក្នុងហេតុការណ៍ បាក់ទំនប់វារីអគ្គិសនី កាលពីយប់​ថ្ងៃចន្ទ នៅក្នុងខេត្ត អត្តពើ (Attapeu) ភាគអាគ្នេយ៍នៃប្រទេសឡាវ ជិតព្រំដែនឡាវ-កម្ពុជា-វៀតណាម។ នេះ បើតាមការអះអាង របស់អាជ្ញាធរតំបន់ ដែលត្រូវបានស្រង់សំដី ដោយទីភ្នាក់ងារព័ត៌មានផ្លូវការ នៃរដ្ឋាភិបាលកុម្មុយនីស្ដិ៍ ឡាវ។

ប៉ុន្តែ ចំនួនជនរងគ្រោះពិតប្រាកដ នៅមិនទាន់ឲ្យដឹងនៅឡើយ ខណៈអាជ្ញាធរបានបញ្ជាក់ថា ខ្លួនកំពុងធ្វើការវាយតម្លៃ ពីតុល្យភាព នៃគ្រោះមហន្តរាយនេះ។ អាជ្ញាធរបានបញ្ជាក់ទៀតថា អ្នកស្រុកប្រមាណជា ៦៦០០នាក់ កំពុងគ្មានជម្រក រាប់ចាប់តាំងពីយប់ថ្ងៃចន្ទមក។

ប្រទេសថៃ បានជួយយកអាសារ ដោយបានបញ្ជូន ក្រុមអ្នកជួយសង្គ្រោះ ទៅកាន់តំបន់រងគ្រោះ តែបានជួបនឹងបញ្ហាជាច្រើន ដោយសារតែតំបន់គ្រោះថ្នាក់ សម្បូរដោយព្រៃស្ដុក ពិបាកក្នុងធ្វើដំណើរដោយផ្ទាល់។ ក្រុមអ្នកជួយសង្គ្រោះ​នៅខណៈនេះ អាចហោះហើរ​នៅខាងលើតំបន់ ដោយប្រើឧទ្ធម្ភាគចក្រ។

ទំនប់វារីអគ្គិសនី ឈ្មោះ «Se-Pian Se Nam Noi​» ដែលកំពុងសាងសង់ នៅលើដៃមួយ​នៃទន្លេមេគង្គ បានបាក់ធ្លាក់ នៅក្នុងយប់ថ្ងៃចន្ទ បង្កការធ្លាយអាងស្ដុកទឹក ប្រមាណជា ៥ពាន់​លានម៉ែត្រគូប ឲ្យបាចសាចទៅលើភូមិឋានអ្នកស្រុក ដែលស្ថិតនៅខាងក្រោម និងជុំវិញទំនប់។ ទំនប់វារីអគ្គិសនី​នេះ​ ជាគម្រោង​របស់​ក្រុមហ៊ុន​អគ្គិសនី​ឡាវ ដែល​មាន​ឈ្មោះ​ថា «Xe Pian Xe Namnoy Power Company» ដោយ​មាន​ការ​ចូលរួម ​ពី​សំណាក់​ក្រុមហ៊ុន​ថៃ «Ratchaburi Electricity Generating» និងក្រុមហ៊ុន​​កូរ៉េ​ខាង​ត្បូង «Korea Western Power» ដើម្បីផលិតថាមពលអគ្គិសនី ប្រមាណជា ​៤១០​មេ​ហ្គា​វ៉ា​ត់។

សេចក្ដីរាយការណ៍មួយចំនួន បានអះអាងថា គម្រោងសាងសង់វារីអគ្គិសនីនេះ មានតម្លៃជាទឹកប្រាក់ ប្រមាណជា ១ពាន់ ២រយលានដុល្លារ ហើយនឹងត្រូវបញ្ចប់ជាស្ថាពរ នៅឆ្នាំ២០២០ខាងមុខ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...