មាន​ទោស​ពីបទ​រំលូត​កូន ព្រោះ​ត្រូវ​បងប្រុស​បង្កើត​រំលោភ

យុវតីជំទង់មួយរូប ជាតិឥណ្ឌូនេស៊ី អាយុ១៥ឆ្នាំ បានរងការំលោភជាច្រើនដង ពីសំណាក់បងប្រុសបង្កើតខ្លួនឯង រហូតរូបនាង បានធ្លាក់ខ្លួនមានផ្ទៃពោះ។ នៅពេលនេះ យុវតីត្រូវបានផ្ដន្ទាទោស ឲ្យជាប់ពន្ធនាគារ៦ខែ ពីបទរំលូតកូនខុសច្បាប់។
មាន​ទោស​ពីបទ​រំលូត​កូន ព្រោះ​ត្រូវ​បងប្រុស​បង្កើត​រំលោភ
រូបភាពជំនួស បង្ហាញពីដៃ របស់ទារកមួយរូប ដែលទើបនឹងកើតចេញពីផ្ទៃម្ដាយ។ (រូបថតឯកសារ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២៣ កក្កដា ២០១៨
  • កែប្រែចុងក្រោយ: July 24, 2018
  • ប្រធានបទ: ការរំលូតកូន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កាលពីថ្ងៃព្រហស្បត្តិ៍ សប្ដាហ៍មុន យុវតីជំទង់ម្នាក់ ដែលរងគ្រោះ ព្រោះត្រូវបងប្រុសបង្កើត រំលោភផ្នែកផ្លូវភេទ ជាច្រើនដងនោះ ត្រូវបានតុលាការឥណ្ឌូនេស៊ីផ្ដន្ទាទោស ពីបទរំលូតកូនខុសច្បាប់ នៅក្នុងសវនាការអសាធារណៈមួយ។

លោក «Arif Budiman» អ្នកនាំពាក្យតុលាការក្រុង «Muara Bulian» ដែលស្ថិតនៅលើកោះ ស៊ូម៉ាត្រា នៃប្រទេសឥណ្ឌូនេស៊ី ត្រូវបានស្រង់សំដី ដោយទីភ្នាក់ងារព័ត៌មានបារាំង «AFP» កាលពីចុងសប្ដាហ៍នេះ យកមកចុះផ្សាយថា៖ «យុវតី ត្រូវបានផ្ដន្តាទោស ពីបទរំលូតកូនខុសច្បាប់ ដោយអនុលោមតាមច្បាប់ ស្ដីពីការការពារកុមារ»។

រីឯបងប្រុសបង្កើតវិញ ត្រូវបានផ្ដន្ទាទោស ឲ្យជាប់ពន្ធនាគារ ២ឆ្នាំ ពីបទរំលោភបំពាន ផ្នែកផ្លូវភេទ ទៅលើកុមារមិនទាន់គ្រប់អាយុ។ រដ្ឋអាជ្ញាប្រចាំតំបន់ បានទាមទារឲ្យតុលាការ ផ្ដន្ទាទោសយុវតីជំទង់ ដោយដាក់ពន្ធនាគារ ចំនួន១ឆ្នាំ និងផ្ដន្ទាទោសបងប្រុសបង្កើត ដោយដាក់ពន្ធនាគារ ៧ឆ្នាំ។

រងការរំលោភ៨ដង ពីបងប្រុសបង្កើត...

ទាំងពីរនាក់បងប្អូន ត្រូវបានឃាត់ខ្លួន តាំងពីខែមិថុនាមុន បន្ទាប់ពីអាជ្ញាធរ បានរកឃើញសាកសពកំណរទារក ដ៏តូចមួយ នៅក្នុងចំការដូងព្រេង ស្ថិតនៅក្បែរក្រុង «Pulau» នៃខេត្ត «Jambi»។

ក្នុងប្រទេសឥណ្ឌូនេស៊ី ការរំលូតកូន ត្រូវបានហាមឃាត់ ដោយច្បាប់ដ៏តឹងរ៉ឹង។ ការរំលូតកូន អាចធ្វើទៅបាន តែក្នុងករណីម្ដាយ ដែលអាចរងគ្រោះដល់ជីវិត ប្រសិនជាមិនរំលូត និងករណីមួយចំនួន ទាក់ទងនឹងរំលោភ ផ្នែកផ្លូវភេទ។ ហើយការរំលូតកូននោះទៀតសោធ ចាំបាច់ត្រូវឆ្លងកាត់ តាមគ្រូពេទ្យជំនាញ ចំពោះការមានផ្ទៃពោះ មិនឲ្យលើសពី៦អាទិត្យ និងស្ត្រីជាម្ដាយ ដែលបានរំលូតកូនរួច ត្រូវឆ្លងកាត់ការត្រួតពិនិត្យ ផ្នែកផ្លូវចិត្តថែមទៀត។

សម្រាប់យុវតីជំទង់ ដែលរងការរំលោភ៨ដង ពីសំណាក់បងប្រុសខ្លួន បានមានផ្ទៃពោះ៦ខែទៅហើយ នៅមុនពេលនាងរំលូត យកកូនចេញ ដោយខ្លួនឯង។ នេះ បើតាមការអះអាង របស់អ្នកនាំពាក្យតុលាការដដែល។

ក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ស្ត្រីប្រមាណជា ៣០ ទៅ៥០% បានស្លាប់ ដែលបណ្ដាលមកពីការរំលូតកូន។ នេះបើតាមរបាយការណ៍ ចេញផ្សាយ​ក្នុង​ឆ្នាំ២០១៣ របស់អង្គការសុខភាពពិភពលោក (ហៅកាត់ជាភាសាអង់គ្លេស WHO ឬភាសាបារាំង OMS)៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...