រ៉ូណាល់ដូ ឲ្យ​ប្រាក់​«ធីប» ២ម៉ឺន​អ៊ឺរ៉ូ ទៅ​បុគ្គលិក​សណ្ឋាគារ​១០នាក់

ខ្សែប្រយុទ្ធថ្មីរបស់ក្រុម ជូវេនទូស (Juventus - អ៊ីតាលី) មានសមានចិត្តខ្លាំងសម្បើម ចំពោះបុគ្គលិកសណ្ឋាគារដែលខ្លួន និងគ្រួសារ បានទៅសម្រាកលំហែ កាលពីប៉ុន្មានសប្ដាហ៍មុន ដោយបានទុកប្រាក់«ធីប» ២ម៉ឺនអ៊ឺរ៉ូ ដើម្បីឲ្យបុគ្គលិកទាំងនោះ យកទៅចែកគ្នា។
រ៉ូណាល់ដូ ឲ្យ​ប្រាក់​«ធីប» ២ម៉ឺន​អ៊ឺរ៉ូ ទៅ​បុគ្គលិក​សណ្ឋាគារ​១០នាក់
កីឡាករ បានបង្ហោះរូបភាព ពីការលំហែកាយរបស់ខ្លួន និងក្រុមគ្រួសារ នៅលើទំព័រទ្វីសធើររបស់ខ្លួន។ (រូបថតលើទ្វីសធើរ)
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២២ កក្កដា ២០១៨
  • កែប្រែចុងក្រោយ: July 22, 2018
  • ប្រធានបទ: តារា​បាល់ទាត់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រាក់ធីប ២០ ០០០អ៊ឺរ៉ូនោះ ជាការលើកទឹកចិត្ត ចំពោះបុគ្គលិក១០នាក់ របស់សណ្ឋាគារដ៏ទំនើបមួយ ក្នុងប្រទេសក្រិច ដែលបានបម្រើការដោយផ្ទាល់ ក្នុងអំឡុងពេល នៃការលំហែកាយ របស់កំពូលកីឡាករ គ្រីសយ៉ាណូ រ៉ូណាល់ដូ (Cristiano Ronaldo) និងក្រុមគ្រួសារ។ ជាពិសេស វាជាការលើកទឹកចិត្ត ចំពោះក្រុមបុគ្គលិក ដែលបានជួយបំបាំងវត្តមាន របស់ម្ចាស់បាល់មាសប្រាំជំនាន់ ពីក្រុមអ្នកតាមប្រមាញ់ថតរូប​ទាំងឡាយ និងធ្វើឲ្យកំពូលកីឡាករ និងគ្រួសារ បានស្នាក់នៅលំហែកាយ ដោយក្ដីសោមនស្ស។

គឺសារព័ត៌មានកីឡា «Sportime.gr» របស់ប្រទេសក្រិច ជាអ្នកទម្លាយចេញ នូវដំណឹងទុកប្រាក់​«ធីប» ​ដ៏សម្បើមក្រៃ សម្រាប់ក្រុមបុគ្គលិកសណ្ឋាគារ។ សារព័ត៌មាន បានរាយការណ៍ថា៖ «បុគ្គលិកទាំង១០នាក់ ដែលទទួលបន្ទុក ផ្ដល់សេវាកម្មលំហែកាយ ទៅឲ្យគ្រួសាររបស់កីឡាករ រ៉ូណាល់ដូ និងជួយលាក់បំបាំងពួកគេ ពីក្រុមតាមប្រម៉ាញ់ថតរូបនោះ ទទួលបានប្រាក់ធីប ក្នុងម្នាក់ៗ ២ ០០០អ៊ឺរ៉ូ»។

បន្ទាប់ពីត្រូវបានផាត់ចេញ ពីបាល់ទាត់ពិភពលោក ជាមួយក្រុមជម្រើសជាតិ ព័រទុយហ្គាល់ រួចភ្លាម កំពូលកីឡាករ គ្រីសយ៉ាណូ រ៉ូណាល់ដូ បានចាកចេញ ទៅលំហែកាយ ជាមួយសមាជិកគ្រួសារខ្លួន សម្រាប់រយៈពេល១០ថ្ងៃ នៅក្នុងតំបន់ឆ្នេរផ្នែកខាងលិច នៃប្រទេសក្រិច។ សណ្ឋាគារដ៏ប្រណិត និងតំបន់នោះ តែងទទួលជនល្បីៗជាច្រើន ដូចយ៉ាងតារាសំដែងហូលីវ៉ូដ និងកំពូលកីឡាករជាច្រើន មកស្នាក់នៅ និងលំហែកាយ ជាមួយនឹងទឹកថ្លាឈ្វេង នៃសមុទ្រមេឌីទែរ៉ាណេ ដោយមានការជួយ​លាក់កំបាំង ចេញពីភ្នែក របស់ក្រុម​អ្នក​តាម​ប្រមាញ់​ថតរូប។

ទឹកប្រាក់ ២០ ០០០ អ៊ឺរ៉ូ (ប្រមាណជា ២៣ ៤៥០ ដុល្លារអាមេរិក) ដែលម្ចាស់បាល់មាសប្រាំជំនាន់ ផ្ដល់ជាលុយធីប ទៅឲ្យក្រុមបុគ្គលិក ហាក់មានទំហំយ៉ាងសម្បើម។ ប៉ុន្តែសម្រាក់កីឡាករ រ៉ូណាល់ដូ ទឹកប្រាក់នេះមានកម្រិត មិនបាន ១ភាគ៤ នៃប្រាក់បៀវត្សន៍ប្រចាំថ្ងៃ ដែលកីឡាករទើបនឹងចុះកិច្ចសន្យា ជាមួយក្រុម ជូវេនទូស នោះផងទេ។ 

កាលពីដើមសប្ដាហ៍កន្លងទៅ កីឡាករបានចុះកិច្ចសន្យា លេងជាមួយ​ក្រុមម្ចាស់ជើងឯក នៃប្រទេសអ៊ីតាលី សម្រាប់រយៈពេល ៤ឆ្នាំ ហើយសារព័ត៌មានអ៊ីតាលី បានបង្ហើបឲ្យដឹងថា កីឡាករ រ៉ូណាល់ដូ ទទួលបានបៀវត្សន៍ ៣០លានអ៊ឺរ៉ូ ក្នុងមួយឆ្នាំៗ (មួយរដូវកាលៗ) ឬមាន​ន័យ​ថា កីឡាករ មានបៀវត្សន៍ ៨២ ២០០អ៊ឺរ៉ូ (ប្រមាណជា ៩៧ ០០០ដុល្លារអាមេរិក) ក្នុងមួយថ្ងៃៗ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...