បណ្ដាជនយួន​ត្រូវ​បាន​អំពាវនាវ ​ឲ្យ​ដឹងគុណ​​«ស្ដេច សីហមុនី របស់​យើង​ទាំង​អស់​គ្នា»

កាលពីចុងសប្ដាហ៍នេះ ទំព័រហ្វេសប៊ុក ដែលដាក់ឈ្មោះ «សមាគមវៀតណាមនៅកម្ពុជា» បានប្រាប់ឲ្យពលរដ្ឋ​វៀតណាម​ទាំង​ឡាយ ត្រូវគោរពដឹងគុណ «ស្ដេចខ្មែរ នរោត្ដម សីហមុនី របស់យើងទាំងអស់គ្នា» ដែលបាន​ឡាយ​ព្រះ​ហស្ថលេខា លើច្បាប់​ចូលសញ្ជាតិថ្មី​របស់កម្ពុជា ដែលអនុញ្ញាត​ឲ្យ «បងប្អូនវៀតណាម​គ្រប់រូបនៅកម្ពុជា អាចចូល​សញ្ជាតិខ្មែរ បានគ្រប់​ពេលវេលា»។
បណ្ដាជនយួន​ត្រូវ​បាន​អំពាវនាវ ​ឲ្យ​ដឹងគុណ​​«ស្ដេច សីហមុនី របស់​យើង​ទាំង​អស់​គ្នា»
រូបភាពខាងឆ្វេង៖ ព្រះមហាក្សត្រកម្ពុជា ព្រះបាទ នរោត្ដម សីហមុនី និងមេដឹកនាំវៀតណាម ដែលដាក់នៅលើទំព័រហ្វេសប៊ុកខាងលើ។ រូបថតខាងស្ដាំ បង្ហោះដោយទំព័រដដែល បង្ហាញពីស្ត្រីស្លៀកពាក់ ខោអាវប្រពៃណី​វៀតណាម​មួយរូប នៅខាងមុខ​ព្រះបរមរាជវាំង​កម្ពុជា។
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១៨ កក្កដា ២០១៨
  • កែប្រែចុងក្រោយ: July 18, 2018
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សឹងជារៀងរាល់សារ ដែលបង្ហោះដោយ​ទំព័រហ្វសប៊ុក ដាក់ឈ្មោះ «សមាគមវៀតណាមនៅកម្ពុជា» តែងបង្កឲ្យផ្ទុះឡើង នូវសង្គ្រាមប៉ាកកា ដ៏ខ្លាំងក្លា។ នៅចុងសប្ដាហ៍កន្លងទៅ ទំព័រហ្វេសប៊ុកមួយនេះ បានបង្ហោះសារមួយ អះអាងថា «បងប្អូនវៀតណាមគ្រប់រូបនៅកម្ពុជា អាចចូលសញ្ជាតិខ្មែរ បានគ្រប់ពេលវេលា» និងអំពាវនាវឲ្យបណ្ដាជនវៀតណាម ដែលរស់នៅក្នុងប្រទេសកម្ពុជា ឲ្យទៅចូលសញ្ជាតិ បើទោះជាពួកគេមិនចេះភាសាខ្មែរ ឬមិនដឹងច្បាប់ចូលសញ្ជាតិថ្មី របស់កម្ពុជា ដែលទើបនឹងឡាយព្រះហស្ថលេខា ដោយស្ដេច នរោត្ដម សីហមុនី នោះក៏ដោយ។

ទំព័រហ្វេសប៊ុកមួយនេះ បានអំពាវនាវ ឲ្យ«បងប្អូនទាំងអស់គ្នា ស្វែងយល់អំពីសម្តេច ព្រះអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ដើរតាមការដឹកនាំ ដ៏ឆ្លាតវៃរបស់គាត់ និងគណៈបក្សរបស់គាត់ រួបរួមបោះឆ្នោតជូនគាត់ ហើយគោរពដឹងគុណដល់ស្តេចខ្មែរ នរោត្តម សីហមុនី របស់យើងទាំងអស់គ្នា»។

ទំព័រដដែល នៅបានសរសេរថា៖ «សម្រាប់បងប្អូន ដែលបានចូលសញ្ជាតិរួចហើយ សមាគមវៀតណាមនៅកម្ពុជា សូមអំពាវនាវ និងលើកទឹកចិត្ដ ឲ្យបងប្អូនប្រុសស្រីគ្រប់រូប ចូលរួមគ្រប់សកម្មភាព ក្នុងសង្គមជាតិរបស់យើង ក្នុងនាមយើង ជាអ្នកទទួលខុសត្រូវម្នាក់ ចំពោះកម្ពុជា ដែលជាប្រទេសរបស់យើង ដើម្បីអនាគតរបស់យើងទាំងអស់គ្នា ដោយសេចក្តីថ្លៃថ្នូរ និងដោយស្របច្បាប់ ជាពិសេសចូលរួម ចំពោះបច្ចុប្បន្នភាព នៃកិច្ចការងារបោះឆ្នោតជាតិ ដែលរៀបចំដោយ គណៈកម្មការជាតិ រៀបចំការបោះឆ្នោត ដោយត្រឹមត្រូវ សេរី និងយុត្តិធម៌»។

«រស់នៅជាសុខដុមរមនា ដូចបងប្អូន»

ទំព័រហ្វេសប៊ុក ដែលមានឈ្មោះពេញ «Hội Người Việt Nam Tại Campuchia សមាគមវៀតណាមនៅកម្ពុជា» បានលើកពីទស្សនៈដ៏ចម្លែកមួយ មកសរសេរថា៖ «ប្រជាជនខ្មែរ និងវៀតណាមខ្មែរទាំងអស់គ្នា នៅទូទាំងប្រទេស ស្រុះស្រួលមូលមតិ សម្របសម្រួលគ្នា រស់នៅជាសុខដុមរមនា ដូចបងប្អូនជនជាតិភាគតិចខ្មែរ នៅវៀតណាម (កម្ពុជាក្រោម) ដែលបានរស់នៅជាមួយគ្នា [យ៉ាង]សុខដុមរមនាយ៉ាងនោះដែរ ហើយនឹងចេញទៅបោះឆ្នោត ភ្លូកទឹកភ្លូកដីទាំងអស់គ្នា នៅថ្ងៃទី ២៩ ខែកក្កដា ខាងមុខនេះ លើកលែងតែជនមួយក្រុមតូច ដែលរដ្ឋាភិបាលចាត់ទុកថា ជាជនក្បត់ជាតិ (...) ប៉ុណ្ណោះ»។

សម្រាប់លោកខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃកម្ពុជា បានចាត់ទុកទំព័រហ្វេសប៊ុកខាងលើ ថាជាទំព័រក្លែងក្លាយ បង្កើតឡើង ដោយក្រុមប្រឆាំង ដើម្បី«បង្កចលាចល»នៅកម្ពុជា។ លោកថា ក្រសួងមហាផ្ទៃ កំពុង​ស៊ើបអង្កេត និង​ប្តឹង​ទៅ​កាន់​ក្រុមហ៊ុន ​ហ្វេ​សប៊ុក ដើម្បី​ចាត់វិធានការ​ចំពោះទំព័រ​ហ្វេ​សប៊ុកខាងលើ។

អ្នកនាំពាក្យរូបនេះ បានបន្ត​អះអាង ប្រាប់បណ្ដាញផ្សព្វផ្សាយក្នុងស្រុក​ថា៖ «​ការផ្សព្វផ្សាយ​បែបនេះ គឺជា​ការ​ប្រឌិត​ព័ត៌មាន ​របស់​ក្រុមប្រឆាំង​ប៉ុណ្ណោះ ហើយ​ក្រសួង​កំពុង​ស៊ើបអង្កេត ដើម្បី​ចាត់វិធានការ​ ជុំវិញ​បញ្ហា​នេះ។ អ្នក​ប្រព្រឹត្ត​ល្មើស​ច្បាប់ ក្នុង​ចេតនា​រំខាន ​ដល់​ការបោះឆ្នោត​នៅ​កម្ពុជា នឹង​ត្រូវ​រក​ឃើញ ​នៅ​ពេល​ឆាប់ៗ​នេះ។​»។

មិនមែនជាលើកទីមួយ...

ចំពោះប្រធាន​សមាគម​ខ្មែរ​-​វៀតណាម​ នៅ​កម្ពុជា លោក ស៊ឹម ជី វិញ ក៏បានចាត់ទុកការលើកឡើង របស់ទំព័រហ្វេសប៊ុកខាងលើ ថាត្រូវបានធ្វើឡើង ដោយមានក្រុមប្រឆាំង នៅពីក្រោយដែរ។ ​លោកបានហៅការ​ប្រឌិត​ព័ត៌មាន​បែបនេះ គឺជា​ការ​ញុះញង់ ដើម្បី​បង្ខូច​កេរ្តិ៍ឈ្មោះ​សមាគម ​របស់​លោក នៅក្នុង​ប្រទេស​កម្ពុជា​។ ហើយ​ករណី​នេះ ខាង​សមាគម​របស់​លោក បាន​ធ្វើ​ពាក្យបណ្តឹង​ទៅ​ក្រសួង​មហាផ្ទៃ ជាច្រើន​ដង​ហើយ។

មិនខុសទេ! ព្រោះវា​មិនមែន​ជាលើកទីមួយទេ ដែលទំព័រហ្វេសប៊ុក «Hội Người Việt Nam Tại Campuchia សមាគមវៀតណាមនៅកម្ពុជា» បានបង្ហោះ​សារ​ដ៏រសើបៗ របស់ខ្លួន ក្នុងពេលពេលកន្លងមក ខណៈក្រសួងមហាផ្ទៃកម្ពុជា ក៏តែងសន្យារហូតមកដែរថា នឹងចាត់វិធានការ ទៅលើអ្នកនៅពីក្រោយទំព័រហ្វេសប៊ុកនេះ។ ​

ដូចជាការពីអំឡុង ខែតុលាឆ្នាំទៅម៉ិញ ទំព័រហ្វេសប៊ុកមួយនេះ បានព្រមាន ឲ្យព្រះមហាក្សត្រកម្ពុជា ចុះចេញពីរាជ្យបល្ល័ង្គ ប្រសិនណាជាព្រះអង្គ មិន​ឡាយ​ព្រះហស្ថលេខា ទៅលើច្បាប់​ធ្វើវិសោធនកម្ម ទៅលើច្បាប់ចំនួន៤ ដែលពេលនោះ ទើបនឹងត្រូវបានរដ្ឋសភា និងព្រឹទ្ធសភាកម្ពុជា អនុម័តយ៉ាងប្រញាប់ប្រញាល ដោយប្រើពេលរវាងគ្នា មិនដល់មួយសប្ដាហ៍ផង។

យ៉ាងណា ការចោទប្រកាន់របស់លោក ខៀវ សុភ័គ និងលោក ស៊ឹម ជី ត្រូវបានមន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ ច្រានចោល ដោយហៅការចោទប្រកាន់នោះ គឺដើម្បីគេសចេញ ពីការទទួលខុសត្រូវរបស់ផងខ្លួន ទាក់ទងនឹងការផ្ដល់សញ្ជាតិ ទៅឲ្យបណ្ដាជនវៀតណាម ដែលនៅតែធ្វើឡើង ក្រោមឥទ្ធិពលវៀតណាម ដោយអំពើពុករលួយ និងដើម្បីសម្លេងឆ្នោត សម្រាប់គណបក្សកាន់អំណាច។ មន្ត្រីបក្សប្រឆាំងរូបនោះ បានថ្លែងថា អ្នក​គាំទ្រ​គណបក្សខ្លួន គ្មាន​ផ្លូវ​ធ្វើ​នយោបាយ​ទុច្ចរិត កេង​បន្លំ ដូច​ការ​សន្និដ្ឋាន​របស់​អាជ្ញាធរ ដោយគ្មានលក្ខណៈវិទ្យាសាស្ត្រ នោះ​ឡើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...