«គង់ វិបុល អាច​ជាប់​គុក​អូស្ត្រាលី​២​ឆ្នាំ និង​ត្រូវ​រឹបអូស​ទ្រព្យ»

ការស៊ើបអង្កេតដ៏ធំមួយ បានរកឃើញថា លោក គង់ វិបុល មនុស្សជំនិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាមេធំ នៃស្ថាប័នពន្ធដារកម្ពុជា មានក្រុមហ៊ុនក្នុងប្រទេសអូស្ត្រាលី ជាមួយនឹងប្រាក់វិនិយោគ ជាច្រើនលានដុល្លារ។ គេរកឃើញថា លោក វិបុល ដែលជាសមាជិកគណៈកម្មាធិការកណ្ដាល នៃគណបក្សប្រជាជនកម្ពុជា បានកុហកអាជ្ញាធរអូស្ត្រាលី ដោយក្នុងនាមជាអភិបាលក្រុមហ៊ុននោះ លោកបានដាក់អាស័យដ្ឋាន នៅលើកោះអូស្ត្រាលី ខណៈរូបលោករស់នៅ ជាប្រចាំក្នុងប្រទេសកម្ពុជា។
«គង់ វិបុល អាច​ជាប់​គុក​អូស្ត្រាលី​២​ឆ្នាំ និង​ត្រូវ​រឹបអូស​ទ្រព្យ»
លោក គង់ វិបុល ទីប្រឹក្សាផ្ទាល់របស់លោក ហ៊ុន សែន និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារកម្ពុជា។ (រូបថតលើហ្វេសប៊ុក)
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៨ កក្កដា ២០១៨
  • កែប្រែចុងក្រោយ: July 18, 2018
  • ប្រធានបទ: ពុករលួយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រឿងរ៉ាវកៀនកោះ របស់ «ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល នៃសម្ដេចតេជោ» ដែលទម្លាយចេញ ដោយបណ្ដាញទូរទស្សន៍ «Al Jazeera» អាចធ្វើឲ្យមន្ត្រីជាន់ខ្ពស់រូបនេះ មានទោសធ្ងន់ធ្ងរ បើតាមច្បាប់របស់កោះអូស្ត្រាលី។ លោក គង់ វិបុល ដែលមានតួនាទីដ៏សម្បើម ជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារកម្ពុជា អាចត្រូវផ្ដន្ទាទោស ២ឆ្នាំ នៅក្នុងពន្ធនាគារ និងត្រូវបង់ពិន័យ ២១ ០០០ ដុល្លារអូស្ត្រាលី។

បណ្ដាញទូរទស្សន៍អូស្ត្រាលី «SBS - Special Broadcasting Service» បានផ្សព្វផ្សាយ​ដូច្នេះ កាលពីប៉ុន្មានម៉ោងមុន ដោយអះអាងថា ទ្រព្យសម្បត្តិទាំងប៉ុន្មាន របស់លោក គង់ វិបុល នៅលើកោះអូស្ត្រាលី អាចនឹងត្រូវបានរឹបអូសថែមទៀត ប្រសិនណាជាទីប្រឹក្សាផ្ទាល់របស់លោក ហ៊ុន សែន រូបនេះ មិនសហការជាមួយ ការសើបអង្កេត របស់អាជ្ញាធរអូស្ត្រាលី។

បើតាមច្បាប់អូស្ត្រាលី គ្រប់ក្រុមហ៊ុនសហគ្រាសឯកជនទាំងឡាយ ចាំបាច់ត្រូវមានអភិបាលម្នាក់ ហើយអភិបាលរូបនោះ ត្រូវមានអាស័យដ្ឋានជាអចិន្ត្រៃយ៍ ក្នុងប្រទេសអូស្ត្រាលី។ ផ្ទុយទៅវិញ លោក គង់ វិបុល ដែលរស់នៅជាប្រចាំ និងមានតួនាទីធំ នៅកម្ពុជា បានចុះបញ្ជីក្រុមហ៊ុន «Panhariddh Pty Ltd» តាំងពីឆ្នាំ២០១១ ដោយដាក់អាស័យដ្ឋានរបស់លោក នៅក្នុងសង្កាត់ «Noble Park» ស្ថិតនៅតំបន់ជាយក្រុងមួយ នៃក្រុង មែលប៊ន ភាគខាងត្បូងអូស្ត្រាលី។

អ្នកនាំពាក្យស្ថាប័ន «Australia’s corporate regular ASIC» ត្រូវបានស្រង់សំដី ដោយបណ្ដាញទូរទស្សន៍ «SBS TV» មកបញ្ជាក់ថា លោក គង់ វិបុល ទំនងជាបានប្រកាសថា លោករស់នៅ​លើកោះអូស្ត្រាលី តាំងពី៧ឆ្នាំកន្លងមក ហើយការកុហករបស់លោកនេះ អាចនឹងធ្វើឲ្យលោក មានទោសធ្ងន់ធ្ងរ។

អ្នកនាំពាក្យរូបនោះ បានថ្លែងថា៖ «"ASIC" មិនត្រួតពិនិត្យ ពីការអះអាងព័ត៌មាន ដែលផ្ដល់ដោយអភិបាលក្រុមហ៊ុនទេ។ តែផ្ទុយទៅវិញ វាជាទង្វើល្មើសច្បាប់ ដែលអភិបាលក្រុមហ៊ុនមួយ បានផ្ដល់ព័ត៌មានមិនពិត មក "ASIC"»។

បើទោះជាអ្នកនាំពាក្យស្ថាប័នខាងលើ មិនបានអះអាងដោយផ្ទាល់ ពីករណីរបស់លោក គង់ វិបុល ក៏ដោយ តែអ្នកនាំពាក្យ ត្រូវបានស្រង់សំដី មកអះអាង ជាបន្តថា៖ «ការរំលោភច្បាប់ ក្នុងករណីនេះ អាចត្រូវបានផ្ដន្ទាទោស ឲ្យជាប់ពន្ធនាគារ ២ឆ្នាំ ឬអាចត្រូវបានពិន័យជាប្រាក់ ២១០០០ដុល្លារ សម្រាប់កម្រិតផាកពិន័យ ក្នុងពេលបច្ចុប្បន្ន។ (...) ទោសទណ្ឌអាចនឹងមានច្រើនទៀត ទាក់ទងនឹងទ្រព្យសម្បត្តិ ដែលក្រុមហ៊ុននោះបានទិញដូរ (...)និងបង្កឲ្យមាន នូវវិធានការបន្ថែម ដែលយើងអាចនឹងសម្រេច ជ្រើសយក»។

មិនត្រឹមតែប៉ុណ្ណឹងទេ នៅក្នុងការស៊ើបអង្កេត របស់បណ្ដាញទូរទស្សន៍ «Al Jazeera» គេបានរកឃើញថា លោក គង់ វិបុល មានផ្ទះសម្បែង និងបានបង្វិលប្រាក់ យ៉ាងក្រាសក្រែល ទៅឲ្យក្រុមហ៊ុនលោក នៅក្នុងប្រទេសអូស្ត្រាលី។ ទ្រព្យសម្បត្តិខាងលើ ត្រូវបានរកឃើញថា មានតម្លៃ ច្រើនរាប់សិប​លានដុល្លារ ខណៈរូបលោក ​មាន​ប្រាក់បៀវត្សន៍​ប្រចាំខែ តែប្រមាណ ជា១ពាន់ដុល្លារ​អាមេរិក​ប៉ុណ្ណោះ ពីតំណែង​របស់​លោក ក្នុងរដ្ឋាភិបាលក្រុងភ្នំពេញ និង​មិនដែល​មាន​ប្រាក់​ចំណូល ណាផ្សេងទៀត​នោះ។

យ៉ាងណា លោក គង់ វិបុល បានបដិសេធយ៉ាងញ័រមាត់ នៅចំពោះការសាកសួរ របស់អ្នកយកព័ត៌មាន របស់ទូរទស្សន៍ «Al Jazeera»។ ដំបូងឡើយ លោកបានសួរបក ទៅអ្នកកាសែត ដើម្បីចង់ដឹងប្រភពព័ត៌មាន ដែលនិយាយទាក់ទងនឹងរូបលោក តែបានទទួលស្គាល់​នៅទីបំផុត ថាលោកពិតជាមាន ក្រុមហ៊ុនឯកជនខាងលើ នៅក្នុងកោះអូស្ត្រាលី និងបានបញ្ជាក់ថា លោកបានផ្ទេរឈ្មោះ ជាអភិបាលក្រុមហ៊ុន ទៅឲ្យអ្នកផ្សេងតាំងពីយូរមកហើយ។

មនុស្សជំនិតនាយករដ្ឋមន្ត្រីកម្ពុជា នៅបានបន្ទោស ត្រឡប់ទៅស្ថាប័នចុះបញ្ជីក្រុមហ៊ុនសហគ្រាសឯកជន របស់ប្រទេសអូស្ត្រាលី ថែមទៀតថា មិនបានធ្វើបច្ចុប្បន្នភាពបញ្ជី និងឈ្មោះ​អភិបាល​ក្រុមហ៊ុន​របស់លោក នោះផង។ លោកបានបន្តបដិសេធថា ការផ្ទេរបង្វិល​ប្រាក់ ដែលប្រកបដោយភាពមន្ទិលនោះ អាចត្រូវបាន​អ្នកផ្សេងធ្វើ ដោយប្រើ​ឈ្មោះ​លោក៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...