រសៀល​នេះ ក្រុម​មាន់គក​នឹង​មក​ដល់​ប៉ារីស ជា​មួយ​កម្មវិធី​ពិសេស

ដើម្បីអបអរសាទរ ពានរង្វាន់ពិភពលោក លើកទី២ ដែលក្រុមមាន់គកបារាំង ទើបនឹងដណ្ដើមយកបាន នៅប្រទេសរ៉ុស្ស៊ីកាលល្ងាចម្សិលម៉ិញ ក្រុមកីឡាករបារាំង នឹងធ្វើមាតុភូមិនិវត្តន៍ នៅរសៀលថ្ងៃនេះ ដោយធ្វើដំណើរតាមមហាវិថី ឆមអេលីហ្សេ (Champs-Elysées) ជួបជាមួយអ្នកគាំទ្រ រាប់សិបម៉ឺននាក់ របស់ខ្លួន មុននឹងត្រូវបានទទួល ដោយប្រធានាធិបតីបារាំង នៅវិមានអេលីហ្សេរ។
រសៀល​នេះ ក្រុម​មាន់គក​នឹង​មក​ដល់​ប៉ារីស ជា​មួយ​កម្មវិធី​ពិសេស
ក្រុមកីឡាករមាន់គក លើកពានបាល់ទាត់ពិភពលោក បន្ទាប់ពីបានបំបាក់ក្រុម ក្រូអាស៊ី នៅក្នុងការប្រកួតផ្ដាច់ព្រ័ត្រ ដោយគ្រាប់បាល់ ៤-២រួច។ (រូបថត Fifa)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៦ កក្កដា ២០១៨
  • កែប្រែចុងក្រោយ: July 16, 2018
  • ប្រធានបទ: បាល់ទាត់​ពិភពលោក
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីបានប្រកួត កាលពីល្ងាចថ្ងៃអាទិត្យម្សិលម៉ិញ យកឈ្នះលើក្រុម ក្រូអាស៊ី ដោយគ្រាប់បាល់ ៤-២  ក្រុមជើងឯកពិភពលោក និងជាម្ចាស់ពានមាស នឹងវិលត្រឡប់ ពីប្រទេសរ៉ុស្ស៊ី មកកាន់ប្រទេសបារាំងវិញ នៅរសៀលនេះ ដើម្បីជួបជាដំបូង ជាមួយអ្នកគាំទ្ររបស់ខ្លួន នៅតាមបណ្ដោយមហាវិថី ឆមអេសលីហ្សេ (Champs-Elysées) មុននឹងត្រូវបានទទួល ដោយប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) នៅវិមានប្រធានាធិបតី អេលីហ្សេ។

យន្ដហោះ ដឹកក្រុមកីឡាករបារាំង នឹងចុះចតនៅព្រលានយន្ដហោះអន្តរជាតិ «Roissy-Charles-de-Gaulle» នៅវេលាម៉ោង ១៥ និង៥៥នាទី ម៉ោងក្នុងស្រុក។ បន្ទាប់មកនៅវេលាម៉ោង ១៧ និង៣០នាទី ក្រុមកីឡាករមាន់គក នឹងជិះនៅលើរថយន្ដក្រុង​បើកដំបូលមួយ នៅតាមដងផ្លូវដ៏ធំ និងដ៏ល្បី នៃរដ្ឋធានីប៉ារីស គឺមហាវិថី ឆមអេលីហ្សេ ដែលនឹងរង់ចាំទទួល ដោយក្រុមអ្នកគាំទ្រ រាប់សិបម៉ឺននាក់ (អាចដល់លាននាក់)។

ការជួបជាមួយអ្នកគាំទ្រ នឹងមានរយៈពេល១ម៉ោង។ 

នៅវេលាម៉ោង ១៨ និង ៣០នាទី លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នឹងរង់ចាំទទួលវីរៈកីឡាករទាំងអស់ និងក្រុមការងាររបស់ក្រុមបាល់ទាត់​ជម្រើសជាតិ រួមនឹងក្រុមគ្រួសារ របស់កីឡាករផង នៅក្នុងវិមានអេលីហ្សេ។

សូមបញ្ជាក់ដែរថា លោក ម៉ាក្រុង បានទៅទស្សនាដោយផ្ទាល់ នៅនឹងកីឡដ្ឋានរដ្ឋធានី ម៉ូស្គូ ការប្រកួតផ្ដាច់ព្រ័ត្រ រវាងក្រុម បារាំង និងក្រូអាស៊ី កាលពីម្សិលម៉ិញ។ បន្ទាប់ពីការប្រកួតបានបញ្ចប់ ហើយជ័យជំនះ ត្រូវក្រុមមាន់គកដណ្ដើមបាននោះ លោកប្រធានាធិបតីបារាំង បានចូលទៅអបអរសាទរ និងជួបជជែក ជាមួយកីឡាករ នៅក្នុងបន្ទប់ផ្លាស់ខោអាវ មុននឹងចាកចេញពីទីនោះ ឡើងយន្ដហោះត្រឡប់មកប្រទេសបារាំងវិញ ទាំងយប់ និងភ្លាមៗ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...