រ៉ូណាល់ដូ៖ «ខ្ញុំ​ខុស​ពី​អ្នក​ផ្សេង»

កំពូលខ្សែប្រយុទ្ធ ជាតិព័រទុយហ្គេ កីឡាករ គ្រីស្ទៀណូ រ៉ូណាល់ដូ (Cristiano Ronaldo) បានបង្ហាញខ្លួនដំបូងបំផុត ជាមួយក្រុម ជូវេនទូស (Juventus) នៅក្នុងសន្និសីទកាសែត កាលពីរសៀលថ្ងៃចន្ទ។ កីឡាករបានបញ្ជាក់ថា មិនមែនឲ្យមានអាយុ ជាង ៣០ ខ្លួនត្រូវតែចេញទៅទាត់ នៅក្របខណ្ឌនៃប្រទេសផ្សេង ដែលមានកម្រិត​ទាបជាងបាល់ទាត់ ក្នុងទ្វីបអ៊ឺរ៉ុបខាងលិច នោះទេ។
រ៉ូណាល់ដូ៖ «ខ្ញុំ​ខុស​ពី​អ្នក​ផ្សេង»
កីឡាករ គ្រីស្ទៀណូ រ៉ូណាល់ដូ នៅក្នុងសម្លៀកបំពាក់របស់ក្រុម ជូវេនទូស។ (រូបថតលើទ្វីសធើរ)
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៦ កក្កដា ២០១៨
  • កែប្រែចុងក្រោយ: July 17, 2018
  • ប្រធានបទ: បាល់ទាត់​អ៊ីតាលី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តារាបាល់ទាត់ព័រទុយហ្គាល់ កីឡាករ គ្រីស្ទៀណូ រ៉ូណាល់ដូ (Cristiano Ronaldo) បានថ្លែងថា ខ្លួន«ខុស»ពីអ្នកផ្សេង ដែលឲ្យតែមានអាយុរាងជ្រេបន្តិច តាំងងាកទៅរកចុះហត្ថលេខា នៅក្នុងក្របខណ្ឌបាល់ទាត់ ដែលមិនសូវខ្លាំង ដូចជានៅក្នុងប្រទេសចិន ឬប្រទេសកាតានោះ។ ការថ្លែងរបស់កីឡាករ ធ្វើឡើង​កាលពីរសៀល​ថ្ងៃចន្ទ នៅក្នុងសន្និសីទកាសែត ដើម្បីបង្ហាញខ្លួនកីឡាករ បន្ទាប់ពីម្ចាស់បាល់មាស ៤ជំនាន់រូបនេះ បានចុះហត្ថលេខាទាត់ឲ្យក្រុម ជូវេនទូស (Juventus) សម្រាប់រយៈពេល ៤ឆ្នាំរួច។

រ៉ូណាល់ដូ អាយុ៣៣ឆ្នាំ បានថ្លែងឲ្យដឹងថា៖ «ខ្ញុំខុសពីកីឡាករផ្សេងទៀត ដែលគិតថា អាជីពរបស់ពួកគេ បានចប់ហើយ នៅពេលពួកគេមានអាយុ ស្របាលនឹងខ្ញុំ។ ខ្ញុំចង់បង្ហាញថា ខ្ញុំមិនដូចអ្នកទាំងនោះទេ។»

អតីតខ្សែប្រយុទ្ធ របស់ក្រុម រៀលម៉ាឌ្រីត (Real Madrid) បានបន្តថា៖ «ខ្ញុំគ្មានភាពចាំបាច់អី ត្រូវបញ្ជាក់ច្រើន ទៅនរណាម្នាក់នោះទេ ព្រោះតួលេខបានបង្ហាញ រួចស្រេចហើយ។ ទាំងអស់គ្នា ដឹងពីអ្វី ដែលខ្ញុំបានធ្វើ សម្រាប់បាល់ទាត់។ តែខ្ញុំមានមហិច្ឆតា និងចូលចិត្ត ឆ្លងកាត់វិញ្ញាសារថ្មីៗ។ ខ្ញុំមិនចូលចិត្ត នៅសុខស្រួលដោយខ្លួនឯងឡើយ។ បន្ទាប់ពីបានបង្កើតស្នាដៃ សម្រាប់ក្រុម មេនឆេស្ទ័រ និងក្រុម រៀលម៉ាឌ្រីត រួច ខ្ញុំចង់ទុកស្នាដៃរបស់ខ្ញុំ សម្រាប់ក្រុម ជូវេនទូស ទៀត។»។

កីឡាករ បានមកដល់ក្រុង តួរាំង (Turin - ក្រុងដែលក្រុម ជូវេនទូស តាំងនៅ) កាលពីរសៀលថ្ងៃអាទិត្យ។ ដំណឹងនៃការមកដល់នេះ ត្រូវបានផ្សាយចេញ ដោយក្រុម ជូវេនទូស (Juventus) ខ្លួនឯងតែម្ដង ដោយបានបង្ហោះ រូបថតមួយសន្លឹក របស់កីឡាករនិងភរិយា នៅលើទំព័រទ្វីសធើរ របស់ក្រុមបាល់ទាត់ ជាមួយនឹងសារ​មួយឃ្លា ដូច្នេះ «Bem-vindo (ជាភាសាព័រទុយហ្គាល់ មានសេចក្ដីថា សូមស្វាគមន៍)»។

បន្ទាប់ពីត្រូវបានក្រុម រៀលម៉ាឌ្រីត អះអាងពីការចាកចេញ កាលពីសប្ដាហ៍មុនរួច កីឡាករ គ្រីស្ទៀណូ រ៉ូណាល់ដូ បានបង្ហាញវត្តមាន នៅប៉ុន្មានថ្ងៃក្រោយ​មក ក្នុងប្រទេសអ៊ីតាលី លឿនជាងការរំពឹងទុក របស់ប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលី ដែលជឿថា កីឡាករ នឹងមានវត្តមានលើទឹកដីអ៊ីតាលី នៅដើមសប្ដាហ៍នេះ។ តែទីបំផុត កីឡាករបានឆ្លងកាត់ការត្រួតពិនិត្យសុខភាព នៅព្រឹកថ្ងៃចន្ទ មុននឹងចុះហត្ថលេខាជាផ្លូវការ នៅពេលរសៀល និងបន្តបង្ហាញខ្លួន នៅក្នុងសន្និសីទកាសែត ក្នុងពេលនេះ។ ចុះហត្ថលេខាជាមួយក្រុម ជូវេនទូស រួច កីឡាករនឹងចាកចេញទៅវិញ ដើម្បីលំហែវិស្សមកាលរបស់ខ្លួន។

កំពូលខ្សែប្រយុទ្ធព័រទុយហ្គាល់ បានបន្តថ្លែង នៅក្នុងសន្និសីទកាសែតទៀតថា កីឡាករនឹងជួយក្រុម ជូវេនទូស ឲ្យក្លាយជាជើងឯកអ៊ឺរ៉ុប ក្នុងក្របខណ្ឌ «Champions League» ឲ្យទាល់តែបាន។ កីឡាករអះអាង៖ «យើងនឹងប្រយុទ្ធ មិនត្រឹមតែដើម្បី "Champions League" ប៉ុណ្ណោះទេ ដើម្បីឈ្នះក្របខណ្ឌ "Serie A" និងក្របខណ្ឌផ្សេងទៀត។ ត្រូវតែខ្ញុំហ្នឹង ធ្វើហ្វឹកហាត់ឲ្យបានខ្លាំងឡើង ព្រោះការយកឈ្នះ ក្របខណ្ឌជើងឯកអ៊ឺរ៉ុប មិនមែនជារឿងស្រួលឡើយ។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...