ត្រាំ សរសើរ​បារាំង​ម្ចាស់​ពាន និង​រ៉ូស្ស៊ី​ម្ចាស់​ផ្ទះ​បាល់ទាត់​ពិភពលោក​២០១៨

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានចូលរួមក្នុងព្រឹត្តិការណ៍ចុងក្រោយ នៃបាល់ទាត់ពិភពលោក ឆ្នាំ២០១៨ នេះដែរ តែជាការចូលរួមពីចំងាយ តាមរយៈសំណេរសរសើរក្រុមបាល់ទាត់បារាំង ដែលទើបនឹងឈ្នះពានពិភពលោក ជាលើកទីពីររបស់ខ្លួន និងសរសើរប្រទេសរ៉ូស្ស៊ី ដែលជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍នេះ។
ត្រាំ សរសើរ​បារាំង​ម្ចាស់​ពាន និង​រ៉ូស្ស៊ី​ម្ចាស់​ផ្ទះ​បាល់ទាត់​ពិភពលោក​២០១៨
ពីឆ្វេងទៅស្ដាំ៖ លោកវ្លាឌីមៀរ ពូទីន ប្រធានាធិបតីរ៉ូស្ស៊ី និងលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក។ (រូបថតឯកសារ)
  • ដោយ: មនោរម្យ.អាំងហ្វូ
  • កែប្រែចុងក្រោយ: July 16, 2018
  • ប្រធានបទ: បាល់ទាត់​ពិភពលោក
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ទោះបីក្រុមបាល់ទាត់អាមេរិក មិនមានវត្តមាន នៅក្នុងព្រឹត្តិការណ៍ពិភពលោក ឆ្នាំនេះនឹងគេក៏ដោយ តែប្រធានាធិបតី នៃប្រទេសមហាអំណាច បានឆ្លៀតឱកាស ក្នុងការលើកពានជ័យជំនះ របស់ក្រុមបាល់ទាត់​ជម្រើសជាតិ​បារាំង ដើម្បីសរសើរក្រុមបាល់ទាត់មាន់គក និងប្រទេសរ៉ុស្ស៊ី ដែលជាម្ចាស់ផ្ទះរៀបចំការប្រកួត។

លោក ដូណាល់ ត្រាំ (Donald Trump) បានសរសេរ​ នៅលើ​ទំព័រ​ទ្វីសធើរ​របស់លោក ជា​ភាសា​អង់គ្លេស ដែលមាន​សេចក្ដី​ជា​ខេមរភាសា​ថា៖ «អបអរសាទរក្រុមបាល់ទាត់បារាំង ដែលបានលេងបាល់ យ៉ាងអស្ចារ្យ រហូតបានឈ្នះពាន បាល់ទាត់ពិភពលោក ឆ្នាំ២០១៨»។

ប្រធានាធិបតីអាមេរិក បានបន្តថា៖ «សូមអបអរសាទរផងដែរ ចំពោះលោកប្រធានាធិបតី ពូទីន និងប្រទេសរ៉ុស្ស៊ី ដែលបានរៀបចំដោយជោគជ័យ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ដ៏ធំមួយដូច្នេះ»។

កាលពីប៉ុន្មានម៉ោងមុន ក្រុមមាន់គកបារាំង បានប្រកួតយកឈ្នះ លើក្រុម ក្រូអាស៊ី ដោយគ្រាប់បាល់ ៤-២ នៅក្នុងការប្រកួតផ្ដាច់ព្រ័ត្រ​ដ៏ស្វិតស្វាញមួយ នាកីឡដ្ឋាននៃរដ្ឋធានី ម៉ូស្គូ ប្រទេសរ៉ូស្ស៊ី ក្នុងល្ងាចថ្ងៃអាទិត្យទី១៥ ខែកក្កដា ឆ្នាំ២០១៨នេះ។ ក្រុមបារាំង បានឈ្នះមេដាយមាស និងបានលើកពានរង្វាន់ បាល់ទាត់ពិភពលោក ជាលើកទីពីរ នៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន បន្ទាប់ពីបានឈ្នះពាននេះម្ដងហើយ កាលពីឆ្នាំ១៩៩៨។

ការប្រកួតរវាងក្រុមទាំងពីរ ត្រូវបានប្រធានាធិបតីពីប្រទេសទាំងសងខាង (បារាំង និងក្រូអាស៊ី) និងប្រធានាធិបតីរ៉ុស្ស៊ី វ្លាឌីមៀរ ពូទីន (Vladimir Poutine) ផ្ដល់កិត្តិយសទស្សនាដោយផ្ទាល់ ពីលើវេទិកានៃកីឡដ្ឋាន ដោយមានវត្តមានអម របស់នាយកសហព័ន្ធបាល់ទាត់អន្តរជាតិផង ៕ 

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...