បារាំង​ជើងឯក​បាល់ទាត់​ពិភពលោក​២០១៨ បន្ទាប់​ពី​បំបាក់​ក្រូអាស៊ី ៤-២

ក្រុមបារាំង បានបំបាក់ក្រុម ក្រូអាស៊ី ដោយគ្រាប់បាល់ ៤-២ ដើម្បីឈានទៅលើកពាន បាល់ទាត់ពិភពលោក នៅក្នុងការប្រកួតផ្ដាច់ព្រ័ត្រ ថ្ងៃនេះ ក្នុងកីឡដ្ឋានរដ្ឋធាធីម៉ូស្គូ ប្រទេសរ៉ូស្ស៊ី។ ជាការលើកពាន ជាលើកទីពីររបស់ខ្លួន នៅក្នុងប្រវត្តិបាល់ទាត់ របស់ប្រទេសបារាំង។
បារាំង​ជើងឯក​បាល់ទាត់​ពិភពលោក​២០១៨ បន្ទាប់​ពី​បំបាក់​ក្រូអាស៊ី ៤-២
កីឡាករ អង់ទ័ន គ្រីស្មាន់ ខ្សែប្រយុទ្ធរបស់បារាំង អបអរគ្រាប់បាល់របស់ខ្លួន ដែលរកបានសម្រាប់ឲ្យក្រុមមាន់គក បារាំង របស់ខ្លួន បានឈ្នះក្រុម ក្រូអាស៊ី នៅក្នុងការប្រកួតផ្ដាច់ព្រ័ត្រ នៃបាល់ទាត់ពិភពលោក ឆ្នាំ២០១៨។ (រូបថត Fifa)
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៥ កក្កដា ២០១៨
  • កែប្រែចុងក្រោយ: July 15, 2018
  • ប្រធានបទ: បាល់ទាត់​ពិភពលោក
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅទីបញ្ចប់នៃការប្រកួត គឺក្រុមបាល់ទាត់មាន់គក បារាំង ជាអ្នកលើកពានបាល់ទាត់ពិភពលោក ក្នុងឆ្នាំ២០១៨ សម្រាប់រយៈពេល៤ឆ្នាំទៅមុខ។ ក្រុមបារាំង បានបំបាក់ក្រុម ក្រូអាស៊ី ដោយគ្រាប់បាល់ ៤-២ នៅក្នុងការប្រកួតផ្ដាច់ព្រ័ត្រមួយ ប្រកបដោយភាពស្វិតស្វាញ ពីសំណាក់ក្រុមបាល់ទាត់ទាំងសងខាង នាកីឡដ្ឋានរដ្ឋធានី ម៉ូស្គូ ប្រទេសរ៉ូស្ស៊ី ក្នុងល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨នេះ។

ជាពានរង្វាន់ ដែលគ្រូដឹកនាំក្រុមបារាំង លោក ឌីឌីយ៉េ ដេឆម (Didier Deschamps) ធ្លាប់បានលើកម្ដងហើយ កាលពី២០ឆ្នាំមុន (ឆ្នាំ១៩៩៨) ក្នុងឋានៈលោកពេលនោះ ជាកីឡាករមួយរូប។ សម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឆ្នាំនេះទៀតសោធ លោក ដេឆម មិនបានបង្កើតយុទ្ធសាស្ត្រអ្វីខ្លាំងក្លា សម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិ ដែលស្ថិតក្រោមការដឹកនាំ របស់លោកនោះទេ។ អ្វីដែលលោកធ្លាប់និយាយ ទៅកាន់អ្នកសារព័ត៌មាន គឺយុទ្ធសាស្ត្របាល់ទាត់របស់លោក ជា«ការសម្រប»ទៅនឹងក្រុមគូប្រជែង។

នៅលើទីលានប្រកួតវិញ គេឃើញក្រុមបារាំង តែងពង្រាយកីឡាកររបស់ខ្លួន ឲ្យឈរជើងច្រើននាក់ និងច្រើនជាន់ នៅខាងមុខទីរបស់ខ្លួន ដែលហាក់មានទម្រង់ ដូចសំណាញ់ចាប់មូស។ តែបន្ទាប់ពីទទួលបានបាល់ មកនៅក្នុងជើងរួច ក្រុមបារាំងបានធ្វើការវាយសម្រុកវិញ ភ្លាមៗ យ៉ាងឆាប់រហ័ស និងប្រកបដោយប្រសិទ្ធិភាព ដែលធ្វើឲ្យខ្សែការពារ របស់ក្រុមគូប្រកួត ដែលច្រើនតែភ្លេចខ្លួន ពិបាកទប់ទល់ជាទីបំផុត។ ចង្វាក់បាល់បែបនេះ ត្រូវបានបារាំងយកមកប្រើ ក្នុងការប្រកួតទល់នឹងក្រុម អាហ្សង់ទីន អ៊ុយរូហ្គាយ និងប៊ែលហ្សិក ប្រកបដោយភាពជោគជ័យ។

ចំណែកឯការប្រកួត ក្នុងវគ្គផ្ដាច់ព្រ័ត្រ ទល់នឹងក្រុម ក្រូអាស៊ី ក្នុងយប់នេះវិញ យុទ្ធសាស្ត្រដដែលនេះ ក៏ត្រូវបានយកមកប្រើ នៅក្នុងពាក់កណ្ដាលម៉ោងដំបូងដែរ។ តែគេត្រូវនិយាយថា បាល់បារាំងមានសំណាងជាង ដោយសារគ្រាប់បាល់ពីរគ្រាប់ ដែលនាំមុខក្រុម ក្រូអាស៊ី ត្រូវបានក្រុមបារាំងរកបាន ដោយសារកីឡាករក្រូអាត ដាក់បញ្ចូលទីខ្លួនឯង (នាទីទី ១៨) និងយកដៃប៉ះបាល់ នៅក្នុងតំបន់គ្រោះថ្នាក់របស់ខ្លួន មុននឹងអាជ្ញាកណ្ដាល យល់ព្រមឲ្យបារាំង ទាត់បាល់ពិន័យ (នាទីទី៣៨) ដោយសារបានទស្សនា​រូបភាពអាជ្ញាកណ្ដាលវីដេអូ (VAR)។

ប៉ុន្តែនៅពាក់កណ្ដាលម៉ោងទី២ ក្រុមបារាំងបានប្ដូរកីឡាករ អិនហ្គូឡូ កង់តេ (N'golo Kanté) ខ្សែបម្រើរបស់ខ្លួនចេញ ដោយសារតែកីឡាររូបនេះ បានទទួលកាតលឿងមួយហើយ និងតែងទុកចន្លោះ ឲ្យកីឡាករ ក្រូអាស៊ី អាចនាំបាល់បានទៅលើ ជាច្រើនដង។ ការផ្លាស់ប្ដូរ បានហុចផ្លែផ្កា ឲ្យក្រុមបារាំង​យ៉ាងត្រចះត្រចង់ ព្រោះនៅប៉ុន្មាននាទីក្រោយមក (នាទីទី ៥៩) កីឡាករ ប៉ូល ប៉ូកបា (Paul Pogba) បានរកបានមួយគ្រាប់ថែមទៀត ឲ្យក្រុមបារាំងនាំមុខ ដោយគ្រាប់បាល់ ៣-១។

ក្ដីសង្ឃឹមរបស់ក្រុម ក្រូអាស៊ី កាន់តែរលាយសូន្យសុង បន្ទាប់ពីកីឡាករវ័យក្មេងបារាំង គីលីយ៉ាន អ៊ឹមបាប៉េ (Kylian Mbappé) ទាត់បញ្ចូលទី​​ បន្ថែមមួយគ្រាប់ទៀត នៅនាទីទី ៦៥ ឲ្យបារាំងមានគ្រាប់បាល់ ៤-១ ឈ្នះដាច់​ហៅលែងចង់ឮ។ នេះ បើទោះជាកីឡាករក្រូអាស៊ី «Mario Mandžukić» រកបានមួយគ្រាប់មកវិញ ៤-២ នៅនាទីទី៦៩ ដោយសារកំហុស របស់អ្នកចាំទីបារាំង កីឡករ ហ៊ុយហ្គោ ឡូរីស (Hugo Lloris) និងការព្យាយាម វាយបំបែកសំណាញ់ខ្សែការពារបារាំង ពីសំណាក់ក្រុម ក្រូអាស៊ី យ៉ាងណាក៏ដោយ៕

» វីដេអូសង្ខេប នៃការប្រកួតផ្ដាច់ព្រ័ត្រ រវាងក្រុមបារាំង និងក្រុម ក្រូអាស៊ី

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...