«គង់ វិបុល ពាក់​ព័ន្ធ​នឹង​លុយ​កខ្វក់​រាប់​លាន​ដុល្លារ​នៅ​អូស្ត្រាលី»

កម្មវិធី «101 East» របស់បណ្ដាញទូរទស្សន៍ «Al Jazeera» បានទម្លាយឲ្យដឹងថា មនុស្សជំនិតលោក ហ៊ុន សែន និងជាមេពន្ធដារ​ធំ​​របស់​កម្ពុជា លោក គង់ វិបុល មានប្រាក់រាប់លានដុល្លារ និងមានបើកក្រុមហ៊ុនជាច្រើន ទាំងនៅក្នុងប្រទេសកម្ពុជា និងប្រទេសអូស្ត្រាលី។ ជាការលើកឡើង ដែលត្រូវបានលោក គង់ វិបុល សមាជិកគណបក្សប្រជាជនកម្ពុជា បដិសេធថា មិនពិត ឬមិន«Update»។
«គង់ វិបុល ពាក់​ព័ន្ធ​នឹង​លុយ​កខ្វក់​រាប់​លាន​ដុល្លារ​នៅ​អូស្ត្រាលី»
លោក គង់ វិបុល ទីប្រឹក្សាផ្ទាល់របស់លោក ហ៊ុន សែន និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារកម្ពុជា។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៣ កក្កដា ២០១៨
  • កែប្រែចុងក្រោយ: July 13, 2018
  • ប្រធានបទ: ពុករលួយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«អ្នកឯងមានអំណះអំណាង ពីណាមក» បន្ទាប់មកថា «មិនមែនជាការពិតទេ» មុននឹងទទួលស្គាល់នៅទីបំផុត ថាពិតជាធ្លាប់មានក្រុមហ៊ុន ទាំងនោះមែន តែ«បានផ្ទេរឈ្មោះ ទៅឲ្យអ្នកផ្សេង»រួចហើយ និងចោទត្រឡប់ទៅវិញ ថានាយកដ្ឋានចុះបញ្ជីក្រុមហ៊ុន របស់ប្រទេសអូស្ត្រាលី មិនបានធ្វើ «Update» បញ្ជីរបស់ខ្លួន។ នេះ ជាការថ្លែង​«បដិសេធ» យ៉ាង«ញ័រមាត់» របស់លោក គង់ វិបុល ដែលមានតួនាទី ជា«ឯកឧត្ដមប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ» នៅចំពោះការសាកសួរ របស់អ្នកយកព័ត៌មាន របស់ទូរទស្សន៍ «Al Jazeera»។

នៅក្នុងកម្មវិធី «101 East» របស់បណ្ដាញទូរទស្សន៍ដ៏ធំ បានរកឃើញថា លោក គង់ វិបុល ទីប្រឹក្សា​ផ្ទាល់​របស់​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន និងជាសមាជិកគណៈកម្មាធិការ​កណ្ដាល របស់គណបក្សប្រជាជនកម្ពុជា មានក្រុមហ៊ុនលក់សាំងដ៏ធំ នៅកម្ពុជា និងបានលួចបើកក្រុមហ៊ុន ធំៗ២ក្រុមហ៊ុន ក្រោមឈ្មោះរបស់លោក ដែលមានទឹកប្រាក់វិនិយោគ រាប់សិបលានដុល្លារ នៅក្នុងទីក្រុងម៉ែលប៊ន នៃប្រទេសអូស្រ្តាលី។

តាមរយៈវីដេអូរបស់ខ្លួន ដែលមានរយៈពេលជាង ២៥នាទី បណ្ដាញទូរទស្សន៍ «Al Jazeera» បានដកស្រង់សម្តីលោក ម៉ាក វើនហ្ស៉ាក់ ដែលជាអ្នកជំនាញ ខាងការប្រឆាំងការលាងលុយកខ្វក់ ក្នុងប្រទេសអូស្រ្តាលី មកចុះផ្សាយថា ក្រុមរបស់លោក កំពុងធ្វើការស៊ើបអង្កេត លើមនុស្សជំនិតរបស់លោក ហ៊ុន សែន ខាងលើ ដែលមានប្រាក់បៀវត្សន៍ មិនដល់១០០០ដុល្លារផង តែបែរជាមានប្រាក់បង្វិល យ៉ាងក្រាសក្រែល ដល់ទៅរាប់លានដុល្លារ ផ្ញើចេញទៅឲ្យក្រុមហ៊ុនខាងលើ និងថែមទាំងមានផ្ទះសម្បែង ដែលមានតម្លៃប្រមាណជា ៧ទៅ៨លានដុល្លារថែមទៀត នៅលើកោះអូស្រ្តាលី។

វីដេអូអង្កេត បានអះអាងបន្តថា ចាប់តាំងពីឆ្នាំ២០០៦មក មេពន្ធដារ​ធំកម្ពុជា បានបង្កើតក្រុមហ៊ុនវិនិយោគទុនចំនួនពីរ ក្នុងប្រទេសអូស្រ្តាលី ដែលក្រុមហ៊ុនទាំងនោះ មានឈ្មោះថា មហាលាភសម្បត្តិ ភីធីវ៉ាយ និង សម្បត្តិ ឃេ អេល អ៊ិនវេសស្ម៊ែន ភីធីវ៉ា ជាមួយប្តីប្រពន្ធខ្មែរ-អូស្រ្តាលីមួយគូ ដែលក្រោយមកពួក​គេ​ត្រូវបាន​តុលាការអូស្ត្រាលី​កាត់ទោស ឲ្យជាប់ពន្ធនាគារ​ ពីបទបោកប្រាស់ និងកេងបន្លំពន្ធដារ របស់ប្រទេសនេះ ចំនួនជាង ​១,៨លាន ដុល្លារអូស្រ្តាលី និង​ពីបទ​សង្ស័យថា បានលាងលុយ និងលាក់លុយទុច្ចរិត ចំនួនជាង ១៥លាន​ដុល្លារអូស្រ្តាលី ថែមទៀត៕

» វីដេអូទាំងស្រុង នៃការស៊ើបអង្កេត របស់កម្មវិធី «101 East»៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...