ស្នងការ​អ៊ឺរ៉ុប៖ សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ធ្លាក់​ចុះ​ធ្ងន់ធ្ងរ​ណាស់

នៅមួយថ្ងៃ ក្រោយការបញ្ចប់ដំណើរស្វែងរកការពិត ក្នុងប្រទេសកម្ពុជា ពីសំណាក់ប្រតិភូពិសេស របស់សហភាពអ៊ឺរ៉ុប អ្នកស្រី អាណា សេស៊ីលីយ៉ា ម៉ាសស្ត្រម (Anna Cecilia Malmström) ស្នងការជាន់ខ្ពស់អ៊ឺរ៉ុប ទទួលបន្ទុកផ្នែកពាណិជ្ជកម្ម បានថ្លែងអះអាងថា មានការធ្លាក់ចុះធ្ងន់ធ្ងរ ផ្នែកសិទ្ធិនយោបាយ និងសិទ្ធិបោះឆ្នោតនៅកម្ពុជា។
ស្នងការ​អ៊ឺរ៉ុប៖ សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ធ្លាក់​ចុះ​ធ្ងន់ធ្ងរ​ណាស់
ពីឆ្វេងទៅស្ដាំ៖ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា និងអង្គប្រជុំពេញអង្គមួយ របស់សភាអ៊ឺរ៉ុប នៅក្នុងក្រុងស្ត្រាប៊ួរ៍ (ភាគខាងកើត) ប្រទេសបារាំង។ (រូបថតឯកសារ)
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៣ កក្កដា ២០១៨
  • កែប្រែចុងក្រោយ: July 13, 2018
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

វាទំនងជាសេចក្ដីសន្និដ្ឋាន ក្នុងជំហានដំបូង សម្រាប់បេសកកម្មស្វែងរកការពិត របស់ក្រុមប្រតិភូពិសេស របស់សហភាពអ៊ឺរ៉ុប ដែលបានបញ្ចប់ទៅ នៅថ្ងៃទី១១ ខែកក្កដាកន្លងមក បន្ទាប់ពីក្រុមប្រតិភូមួយនេះ បានចុះទៅដល់ប្រទេសកម្ពុជា សម្រាប់រយៈពេល៧ថ្ងៃ (តាំងពីថ្ងៃទី៥ ខែកក្កដា)។ ជាសារដ៏ខ្លីមួយ ដែលបង្ហើបឲ្យដឹង ពីសំណាក់​ស្នងការជាន់ខ្ពស់​អ៊ឺរ៉ុប ទទួលបន្ទុកផ្នែកពាណិជ្ជកម្ម អ្នកស្រី អាណា សេស៊ីលីយ៉ា ម៉ាសស្ត្រម (Anna Cecilia Malmström) នៅរសៀលថ្ងៃ ព្រហស្បត្តិទី១២ ខែកក្កដានេះ (ត្រូវជាយប់ថ្ងៃដដែល ម៉ោងក្នុងប្រទេសកម្ពុជា)។

អ្នកស្រីបានគូសបញ្ជាក់ នៅក្នុងទំព័រទ្វីសធើររបស់អ្នកស្រីថា៖ «មានការធ្លាក់ចុះធ្ងន់ធ្ងរណាស់ ផ្នែកសិទ្ធិនយោបាយ និងសិទ្ធិបោះឆ្នោត នៅកម្ពុជា បូករួមទាំងការគម្រាមកំហែង ប្រឆាំងសិទ្ធិសេរីភាពសហជីពនោះផង។ បេសកកម្មស៊ើបអង្កេត របស់សហភាពអ៊ឺរ៉ុប ទើបនឹងបញ្ចប់ទៅ ហើយយើងនឹងសិក្សាមើល ចាប់ពីពេលនេះ ទៅលើករណីទាំងអស់នោះ យ៉ាងដិតដល់ មុននឹង​​ចាត់វិធានការបន្ថែម ក្នុងជំហាន​ខាងមុខ។»។

កាលពីម្សិលម៉ិញដែរ សហភាពអ៊ឺរ៉ុបបានចេញ សេចក្ដីប្រកាសព័ត៌មាន​មួយ ពីរាជធានី ព្រុយហ្សែក រាជាណាចក្រ ប៊ែលហ្សិក អះអាងថា ខ្លួនកំពុងពិនិត្យយ៉ាងល្អិតល្អន់ ទៅលើទិន្នន័យ ដែលក្រុមប្រតិភូពិសេសរបស់ខ្លួន ទទួលបាន នៅក្នុងបេសកកម្មស្វែងរកការបិតនៅកម្ពុជា។

សេចក្ដីប្រកាសព័ត៌មាននោះ បានបន្ថែមថា សហភាពអ៊ឺរ៉ុបនឹងសិក្សាជាអាទិភាព ទៅលើរបាយការណ៍ ផ្ដល់ដោយអាជ្ញាធរកម្ពុជា ពីអង្គការពលកម្មអន្តរជាតិ (ILO) និងពីស្ថាប័នជាតិ-អន្តរជាតិផ្សេងទៀត ដែលមាននាទីឃ្លាំមើល ការអនុវត្តរបស់ប្រទេសកម្ពុជា ចំពោះអនុសញ្ញាអន្តរជាតិ ទាក់ទងនឹងប្រព័ន្ធអនុគ្រោះពន្ធ (EBA - Everything but Arms - អ្វីៗទាំងអស់ លើកលែងតែអាវុធ) របស់សហភាពអឺរ៉ុប ដែលជាប្រព័ន្ធអនុគ្រោះ អនុញ្ញាតឲ្យប្រទេស​កម្ពុជា នាំទំនិញគ្រប់មុខ (លើកលែងតែអាវុធ និងគ្រាប់រំសេវ) ចូលមកលក់ ក្នុងសហភាពអ៊ឺរ៉ុប ដោយគ្មាន កូតា និងការបង់ពន្ធ។

សហភាពអ៊ឺរ៉ុប ជាលំហរទីផ្សារនាំចេញ ធំជាងគេបង្អស់ របស់កម្ពុជា (ធំជាងទីផ្សារអាមេរិក) ដោយកម្ពុជាបាននាំទំនិញចេញ ទៅកាន់អ៊ឺរ៉ុប តាមរយៈកម្មវិធី "អ្វីៗទាំងអស់ លើកលែងតែអាវុធ" ក្នុងទឹកប្រាក់ដ៏មហាសាល ប្រមាណជា ៥ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០១៦​កន្លងទៅ។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូស័ក្តិ កាលពីឆ្នាំមុន បានរាយការណ៍ ប្រា​ប់​លោកនា​យករដ្ឋ​មន្ត្រី ហ៊ុន សែន ថា នៅឆ្នាំ២០១៦​​កន្លង​មក កម្ពុជាបាន​ចំណេញ​ប្រាក់ ៦៧៦លានដុល្លារ ពីប្រព័ន្ធអនុគ្រោះ ​រ​បស់សហភាព​អឺរ៉ុប «EBA»។

អ្នកស្រី ម៉ាសស្ត្រម ត្រូវបាន​សេចក្ដីប្រកាស​ព័ត៌មាន​ខាងលើ ស្រង់សំដី​មកចុះផ្សាយ​ថា៖ «កម្មវិធី "អ្វីៗទាំងអស់ លើកលែងតែអាវុធ" របស់សហភាពអ៊ឺរ៉ុប បានផ្ដល់ប្រយោជន៍គួឲ្យកត់សម្គាល់ ទៅលើការអភិវឌ្ឍន និងការកាត់បន្ថយភាពក្រីក្រ នៅក្នុងប្រទេសកម្ពុជា»។

អ្នកស្រីស្នងការ ទទួលបន្ទុកផ្នែកពាណិជ្ជកម្ម ដ៏មានសក្ដានុពល របស់សហភាពអ៊ឺរ៉ុប បានសង្កត់ធ្ងន់បន្ថែមថា៖ «នៅក្នុងគោលនយោបាយពាណិជ្ជកម្ម របស់សហភាពអឺរ៉ុប យុត្តិធម៌សង្គម គឺជាទិដ្ឋភាពសំខាន់មួយ រួមមានការគោរពសិទិ្ធមនុស្ស សេរីភាពជាមូលដ្ឋាន និងស្តង់ដារការងារ»។

អ្នកស្រីថា៖ «កម្ពុជាមានកង្វះខាតជាច្រើន នៅពេលនិយាយ អំពីយន្តការដោះស្រាយវិវាទដីធ្លី និងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដល់សេរីភាព ក្នុងការបង្កើតសមាគម និងសិទ្ធិជួបជុំប្រមូលផ្ដុំគ្នា។»។

លោក «Umberto GAMBINI» ទីប្រឹក្សាជាតិអ៊ីតាលី និងជានាយកខុទ្ទកាល័យ របស់សមាជិកសភាអ៊ឺរ៉ុប លោក «Ramon Tremosa» បានសំដែង​ការសាទរ ចំពោះការលើកឡើងរបស់អ្នកស្រី ម៉ាសស្ត្រម និងបានគូសបញ្ជាក់ រំលឹកឡើងវិញ ពីមាត្រា១៩ នៃបទបញ្ញត្តិ «GSP (Generalised Scheme of Preferences - ប្រព័ន្ធអនុគ្រោះទូទៅ)» របស់សហភាពអ៊ឺរ៉ុប និងឧបសម្ព័ន្ធទី៨ នៃអនុសញ្ញាយោង (រួមមានអនុសញ្ញា របស់អង្គការសហប្រជាជាតិ និងរបស់អង្គការពលកម្មអន្តរជាតិ) ដែលភាគីរដ្ឋម្ចាស់ហត្ថលេខី ជាមួយសហភាពអ៊ឺរ៉ុប ចាំបាច់ត្រូវគោរពកាតព្វកិច្ច ដែលមានចែង​នៅក្នុងបទបញ្ញត្តិ និងអនុសញ្ញាទាំងនោះ ដើម្បីអនុញ្ញត ឲ្យទទួលបានផលប្រយោជន៍ ពីប្រព័ន្ធអនុគ្រោះអ៊ឺរ៉ុប។

សម្រាប់លោក «Umberto GAMBINI» បានគិតថា ប្រទេសកម្ពុជា គួរត្រូវបានដកចេញ ពីប្រព័ន្ធអនុគ្រោះ «EBA» នោះរួចស្រេចហើយ។

យ៉ាងណា អ្នកស្រី ម៉ាសស្ត្រម បានអះអាងថា៖ «ការដកប្រទេសកម្ពុជា ចេញពីប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម "EBA" គឺជាវិធានការចុងក្រោយ ប្រសិនបើកិច្ចប្រឹងប្រែងផ្សេងទៀតរបស់យើង (របស់សហភាពអ៊ឺរ៉ុប) បានទទួលបរាជ័យ ក្នុងការឆ្លើយតប​ នឹងការព្រួយបារម្ភខាងលើ។»។

ចំពោះលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្ស​កាន់​អំណាច​ចាស់​វស្សា​នៅ​កម្ពុជា តាំងពីជិត៤០ឆ្នាំមកនោះ បាន​ហៅ​ការលប់ចោល ឬការព្យួរ​ណាមួយ នៃប្រព័ន្ធ​អនុគ្រោះ «EBA» សម្រាប់ប្រទេសកម្ពុជា ជាការវាយតម្លៃខុស របស់សហភាពអ៊ឺរ៉ុប នៅចំពោះការវិវត្តនយោបាយ នៅកម្ពុជា ដែលលោកថា កំពុងជំរុញយន្តការ​ប្រជាធិបតេ​យ្យ។ នេះ បើតាមការអះអាង របស់សារព័ត៌មានក្នុងស្រុក។

បើទោះទទួលស្គាល់ថា ការកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះ​ «EBA» នេះ ​​ពិត​ជាបានប៉ះ​ពាល់​ធ្ងន់ធ្ងរ ដល់កម្មករ និងនិយោជិតក្នុងវិស័យកាត់ដេរនោះក៏ដោយ តែលោក សុខ ឥសាន អះអាងថា៖ «យើងមិនអាចយកឯករាជ្យភាព និងអធិបតេយ្យភាព របស់ប្រទេសកម្ពុជា​ហ្នឹង ទៅដោះដូរ​ ជាមួយនឹងអ្វី ដែ​ល​គេយ​ល់​ខុស ពីការពិតនៅកម្ពុជានោះទេ»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...