បាល់ទាត់​ពិភពលោក៖ ក្រូអាស៊ី​ឡើង​ទៅ​ជួប​បារាំង នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ

នាំមុខមួយគ្រាប់ដំបូង ដោយក្រុមអង់គ្លេស ក្រុមក្រូអាស៊ី បានរកឃើញគ្រឿងផ្សំឡើងវិញ ដើម្បីយកស្មើក្រុមតោបី នៅពាក់កណ្ដាលម៉ោងទីពីរ និងយកឈ្នះ នៅក្នុងម៉ោងបន្ថែម ដោយគ្រាប់បាល់ ១-២។ ក្រុមក្រូអាស៊ី នឹងឡើងទៅជួបក្រុមមាន់គកបារាំង នៅវគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃអាទិត្យខាងមុខ ដែលជាលើកទីមួយ នៅក្នុងប្រវត្តិបាល់ទាត់ របស់ប្រទេសក្រូអាស៊ី ដែលមានប្រជាជន តែ៤លាននាក់។
បាល់ទាត់​ពិភពលោក៖ ក្រូអាស៊ី​ឡើង​ទៅ​ជួប​បារាំង នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ
កីឡាករ «Mario Mandžukić» ផ្ទុះក្ដីអំណរបន្ទាប់ពីរកគ្រាប់ទី២ ឲ្យក្រុមជម្រើសជាតិ ក្រូអាស៊ី បានឈ្នះក្រុម អង់គ្លេស ក្នុងការប្រកួត វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បាល់ទាត់ពិភពលោក ឆ្នាំ២០១៨ ក្នុងប្រទេសរ៉ុស្ស៊ី។ (រូបថត Fifa)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១១ កក្កដា ២០១៨
  • កែប្រែចុងក្រោយ: July 11, 2018
  • ប្រធានបទ: បាល់ទាត់​ពិភពលោក
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជាលើកទីមួយ នៅក្នុងប្រវត្តិបាល់ទាត់ នៃប្រទេសក្រូអាស៊ី ដែលមានចំនួនប្រជាជន តែ៤លាននាក់។ ផ្ទុយទៅវិញ ក្រុមបាល់ទាត់ របស់ប្រទេសអ៊ឺរ៉ុបកណ្ដាលមួយនេះ បានឡើងដល់វគ្គផ្ដាច់ព្រ័ត្រ នៃបាល់ទាត់ពិភពលោក ឆ្នាំ២០១៨។ ក្រុម ក្រូអាស៊ី នឹងជួបប្រកួត ទល់នឹងក្រុម បារាំង (មានចំនួនប្រជាជន ជិត៧០លាននាក់) បន្ទាប់ពីបានបំបាក់ ក្រុម អង់គ្លេស (មានចំនួនប្រជាជន ជិត៦០លាននាក់) នៅក្នុងការប្រកួត វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នាយប់នេះ ក្នុងកីឡដ្ឋានរដ្ឋធានី ម៉ូស្គូ។

ដំបូងឡើយ ក្រុម ក្រូអាស៊ី ត្រូវបានក្រុមតោបី អង់គ្លេស នាំមុខមួយគ្រាប់មុន (០-១) តាំងពីនាទីទី ៥ ដោយសារគ្រាប់បាល់ពិន័យមួយ ទាត់ពីចំងាយ ជាង៣០ម៉ែត្រ ទាត់ដោយខ្សែការពារអង់គ្លេស កីឡាករ «Kieran Trippier»។ គ្រាប់បាល់នោះ បានធ្វើឲ្យក្រុម ក្រូអាស៊ី ពិបាកនឹងរកឃើញ​​ព្រលឹងបាល់របស់ខ្លួន​ត្រឡប់​មកវិញ សឹងតែពេញ មួយពាក់កណ្ដាល​ម៉ោង​ដំបូង។

រហូតដល់នាទីទី ៦៨ ក្នុងពាក់កណ្ដាលម៉ោងទីពីរ ទើបខ្សែប្រយុទ្ធ​ក្រូអាស៊ី កីឡាករ «Ivan Perisic» បានរកគ្រាប់បាល់បានស្មើវិញ (១-១) បន្ទាប់ពីឆក់យកបាល់ ដែលទាត់បញ្ជូនមក ពីស្លាបខាងស្ដាំ ដោយកីឡាករ «Sime Vrsaljko»។ ពីពេលនោះមក ក្រុម ក្រូអាស៊ី ហាក់រកឃើញគ្រឿងផ្សំ របស់ខ្លួន នៅក្នុងក្រឡាបាល់ និងបច្ចេកទេសទាត់ ហើយបន្តវាយសន្ធាប់ ជាបន្តបន្ទាប់ ទៅលើក្រុម អង់គ្លេស។ យ៉ាងណា ក៏ខ្សែការពារក្រុម អង់គ្លេស ជាពិសេសអ្នកចាំទីវ័យក្មេង កីឡាករ «Jordan Pickford» បានទប់ការវាយសន្ធាប់នោះ ជាបន្តបន្ទាប់ រហូតបញ្ចប់ម៉ោងប្រកួត ៩០នាទី។

ការបន្ថែមម៉ោងលើកទី១ បានបើកឱកាស ឲ្យក្រុមទាំងពីរ អាចធ្វើការវាយសម្រុក លើគ្នាទៅវិញទៅមក តែនៅរក្សាគ្រាប់បាល់ស្មើ ដដែល ១-១។ តែនៅក្នុងការបន្ថែមម៉ោងលើកទី ២ កីឡាករអង់គ្លេស បានបង្ហាញ ពីភាពហត់ហេវច្រើន ហើយខ្សែការពារអង់គ្លេស ថែមទាំងបានបែកក្រឡា មិននៅរឹងមាំនោះទៀត។

វាជាឱកាស របស់ខ្សែប្រយុទ្ធក្រូអាស៊ី កីឡាករ «Mario Mandžukić» ដែលកំពុងរត់លេង នៅមុខទីអង់គ្លេស នៅនាទីទី ៩០+១៥+០៤។ កីឡាករ បានទទួលបាល់មួយគ្រាប់ បញ្ជូន​មក​ដោយ​ប្រើក្បាល របស់កីឡាករ «Ivan Perišić» មុននឹងទាត់បន្ថែម​មួយទំហឹងជើង បាញ់បាល់មួយគ្រាប់នេះ ចូលក្នុងសំណាញ់ទី អង់គ្លេស និងរកជ័យជំនះជាស្ថាពរ ឲ្យក្រុមជម្រើសជាតិខ្លួន ក្នុងគ្រាប់បាល់ ២-១។

» វីដេអូសង្ខេប នៃការប្រកួតរវាងក្រុម ក្រូអាស៊ី និងក្រុម អង់គ្លេស៖

ក្រុម ក្រូអាស៊ី នឹងត្រូវជួបជាមួយ ក្រុមមាន់គក បារាំង នៅល្ងាច​ថ្ងៃអាទិត្យ ទី១៥ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ ដើម្បីដណ្ដើមយកពាន ជាជើងឯកពិភពលោក សម្រាប់រយៈពេលបួនឆ្នាំ (២០១៨-២០២២)។ ដោយឡែក សម្រាប់ក្រុម អង់គ្លេស ដែលបានប្រកួតចាញ់ នឹងត្រូវត្រឡប់ទៅជួបក្រុម ប៊ែលហ្សិក (ដែលប្រកួតចាញ់បារាំង) នៅយប់ថ្ងៃសៅរ៍ ទី១៤ ខែកក្កដា ឆ្នាំ២០១៨។ ក្រុម​ចាញ់-ចាញ់​ទាំងពីរ ធ្លាប់ជួបគ្នារួចហើយ នៅក្នុងវគ្គជម្រុះតាមពូល តែលើកនេះ ខុសពីលើកមុន ព្រោះជាការប្រកួត ក្នុងវគ្គផ្ដាច់ព្រ័ត្រ ដើម្បីដណ្ដើមយក... ចំណាត់ថ្នាក់លេខ៣៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...