ទ្រង់ រណឫទ្ធិ នៅ​មិន​ទាន់​ដឹង​ព្រះជាយា​ទ្រង់​ស្លាប់​នៅ​ឡើយ

ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ ដែលត្រូវបានអះអាងថា នឹងគ្រោងយាងត្រឡប់មកកម្ពុជាវិញ ក្នុងពេលខាងមុខ នៅមិនទាន់ដឹងពីដំណឹងមរណភាព របស់ព្រះជាយាទ្រង់ អ្នកម្នាង អ៊ុក ផល្លា ដែលរងគ្រោះថ្នាក់ចរាចរណ៍ជាមួយទ្រង់ កាលពីខែមុននោះ នៅឡើយ។ នេះ បើតាមការបញ្ជាក់ របស់អ្នកនាំពាក្យគណបក្ស ហ្វុនស៊ីនប៉ិច ដែលស្រង់សំដីដោយសារព័ត៌មានក្នុងស្រុក។
ទ្រង់ រណឫទ្ធិ នៅ​មិន​ទាន់​ដឹង​ព្រះជាយា​ទ្រង់​ស្លាប់​នៅ​ឡើយ
រូបខាងឆ្វេង៖ ទិដ្ឋភាពគ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨។ រូបខាងស្ដាំ៖ អ្នកម្នាង អ៊ុក ផល្លា ព្រះជាយារបស់ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ។ (រូបថតលើហ្វេសប៊ុក)
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១៨ កក្កដា ២០១៨
  • កែប្រែចុងក្រោយ: July 20, 2018
  • ប្រធានបទ: គ្រោះចរាចរណ៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

​មកដល់ពេលនេះ ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ នៅមិនទាន់​ដឹង អំ​ពី​មរណៈភាព​របស់​អ្នក​ម្នាង អ៊ុក ផល្លា ព្រះជាយារបស់ទ្រង់នៅឡើយ​ទេ​។ នេះ​ជាការ​បញ្ជាក់ ​របស់លោក ញ៉េប ប៊ុនជិន អ្នកនាំពាក្យគណបក្សហ្វុនស៊ីនប៉ិច ដែលត្រូវបានស្រង់សំដី ដោយសារព័ត៌មានក្នុងស្រុក។ ​

អ្នកនាំពាក្យបានបញ្ជាក់ថា ខាង​គណបក្ស​មិនទាន់​ទូល​ព្រះអង្គ អំពីរឿងនេះ ដោយទុកឲ្យ​ខាង​ព្រះបរមរាជវាំង ជាអ្នកសម្រេច ថានឹងត្រូវទូលទ្រង់ យ៉ាងដូចម្ដេច និងនៅពេលណា។

​អ្នក​ម្នាង អ៊ុក ផល្លា បាន​បាត់​បង់ជីវិត បន្ទាប់ពីបានជួបហេតុការណ៍គ្រោះថ្នាក់​ចរាចរណ៍ ដ៏រន្ធត់មួយ កាលពី​ថ្ងៃទី​១៧ ខែមិថុនា ក្នុងក្បួនរថយន្ដ របស់ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ ដែលមានគម្រោងចុះជួបអ្នកគាំទ្រ ក្នុងខេត្តព្រះសីហនុ។ ព្រះអង្គម្ចាស់ ដែលគង់នៅក្នុងរថយន្ដតែមួយ ជាមួយអ្នកម្នាង បានរងបួសធ្ងន់ និងត្រូវបានបញ្ជូនទៅព្យាបាល នៅក្នុងមន្ទីរពេទ្យច្រើនកន្លែង នៅក្នុងប្រទេស មុននឹងបញ្ជូនទៅកាន់មន្ទីរពេទ្យ នៅរាជធានី បាងកក ប្រទេសថៃ។

លោក ញ៉េប ប៊ុនជិន បានបញ្ជាក់បន្ថែមថា ព្រះអង្គម្ចាស់​តែង​សួរ​អំពី​ដំណឹង និង​សុខទុក្ខ​ របស់​អ្នក​ម្នាង អ៊ុក ផល្លា ជានិច្ច​ដែរ ប៉ុន្តែ​ខាង​គណបក្សបាន​ត្រឹម​ទូល​ព្រះអង្គ​ថា អ្នក​ម្នាង​កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​ផ្សេងទៀត​។​

យ៉ាងណា អ្នកនាំពាក្យគណបក្សរូបនេះ បានឲ្យដឹងថា ស្ថានភាពព្រះរាជសុខភាព សម្តេចក្រុមព្រះមានភាពប្រសើរជាងមុនច្រើន។ លោក ញ៉េប ប៊ុនជិន ថ្លែងថា៖ «បច្ចុប្បន្ន​ សម្ដេច​បាន​ដោះ​បំពង់​អុកស៊ីសែន ​ចេញពី​ច្រមុះ​ហើយ ឯ​របួស​ជើង​ និង​ទ្រូង​របស់​ព្រះអង្គ ក៏បាន​ធូរស្បើយ​ច្រើន​ដែរ​»។

អ្នកនាំពាក្យ បានបង្ហើបថា ព្រះអង្គម្ចាស់នឹងយាង ត្រឡប់មកកម្ពុជាវិញ ក្នុងសប្ដាហ៍នេះ។ តែសារព័ត៌មានមួយទៀត ដែលស្រង់សំដី របស់លោក ញ៉េប ប៊ុនជិន មកបញ្ជាក់ដែរនោះ បានអះអាងថា ដំណើរយាងត្រឡប់របស់ប្រធានគណបក្សហ្វុនស៊ីនប៉ិច អាចនឹងធ្វើឡើង នៅមុនថ្ងៃបោះឆ្នោត ទី២៩ ខែកក្កដា ឆ្នាំ២០១៨៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...