សម រង្ស៊ី ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ប្រជាជន និង​រដ្ឋាភិបាល​ជប៉ុន

នៅចំពោះវិនាសកម្ម ក្នុងប្រទេសជប៉ុន ទាំងជីវិតមនុស្ស និងទ្រព្យសម្បត្តិ បង្កឡើងដោយគ្រោះភ្លៀងធ្លាក់ មិនដែលធ្លាប់មាន និងការរអិលបាក់ដី តាំងពីចុងសប្ដាហ៍មកនោះ លោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ និងជាអតីតប្រធានគណបក្សសង្គ្រោះជាតិ បានសំដែងពីសមានចិត្តរបស់លោក ក្នុងនាមគណបក្សប្រឆាំង ដើម្បីចូលរួមរំលែកទុក្ខ ជាមួយប្រជាជន និងរដ្ឋាភិបាលជប៉ុន។
សម រង្ស៊ី ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ប្រជាជន និង​រដ្ឋាភិបាល​ជប៉ុន
ពីឆ្វេងទៅស្ដាំ៖ លោក សម រង្ស៊ី មេដឹកនាំប្រឆាំង - អតីតប្រធានគណបក្សសង្គ្រោះជាតិ និងលោក ស៊ីនហ្សូ អាប៊េ នាយករដ្ឋមន្ត្រីជប៉ុន។ (រូបថតលើហ្វេសប៊ុក)
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១០ កក្កដា ២០១៨
  • កែប្រែចុងក្រោយ: July 11, 2018
  • ប្រធានបទ: គ្រោះ​ធម្មជាតិ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សារចូលរួមមរណទុក្ខ ត្រូវបានលោក សម រង្ស៊ី បង្ហោះនៅលើទំព័រទ្វីសធើររបស់លោក តាំងពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨ ពោលគឺតាំងពីព្រឹត្តិការណ៍ នៃគ្រោះភ្លៀងធ្លាក់ មិនដែលធ្លាប់មាន និងការរអិលបាក់ធ្លាក់ដី បានកើតឡើងភ្លាមៗ នៅក្នុងតំបន់ភាគខាងត្បូង និងខាងលិច នៃប្រទេសជប៉ុន ហើយតួលេខនៃការបាត់បង់ជីវិតអ្នកស្រុក ត្រូវបានផ្សាយចេញ និងចេះតែកើនឡើង ជាបន្តបន្ទាប់។

ប្រធានចលនាសង្គ្រោះជាតិ បានសរសេរជាភាសាអង់គ្លេស ហើយមានអត្ថន័យទាំងស្រុង ជាខេមរភាសា ដូច្នេះថា៖ «ខ្ញុំបានតាមដាន ដោយក្ដីបារម្ភដ៏ធំធេង នូវព្រឹត្តិការណ៍ភ្លៀងធ្លាក់ និងការរអិលបាក់ដី ដែលបានបណ្តាល ឱ្យមានចំនួនអ្នកស្លាប់យ៉ាងច្រើន នៅហ៊ីរ៉ូស៊ីម៉ា (Hiroshima) និងផ្នែកផ្សេងៗទៀត នៅភាគខាងលិច នៃប្រទេសជប៉ុន»។

លោក សម រង្ស៊ី បានបន្តថា៖ «ខ្ញុំសូមនិយាយ ក្នុងនាមគណបក្សសង្គ្រោះជាតិ សំដែងការចូលរួមរំលែកទុក្ខ យ៉ាងជ្រាលជ្រៅបំផុត ចំពោះប្រជាជន និងរដ្ឋាភិបាលជប៉ុន»។

មេដឹកនាំប្រឆាំង ដ៏សំខាន់ជាងគេ របស់ប្រទេសកម្ពុជា បានបញ្ជាក់ទៀតថា៖ «ខ្ញុំគិតទៅដល់ ជនរងគ្រោះ ដែលបានបាត់បង់ជីវិត ដែលនៅតែបាត់ខ្លួន បណ្ដាគ្រួសារ និងមនុស្សរាប់លាននាក់ ដែលបានជម្លៀសខ្លួន​ទាំងការបង្ខំចិត្ត ចាកចេញពីផ្ទះសម្បែង របស់ពួកគេ។ ខ្ញុំសូមបន់ស្រន់ ឲ្យអ្នកដែលបាត់ខ្លួន នឹងត្រូវបានរកឃើញវិញ ហើយជនភៀសខ្លួន នឹងអាចត្រឡប់មកផ្ទះសម្បែងវិញ ឱ្យបានឆាប់រហ័ស តាមដែលអាចធ្វើទៅបាន។»។

មកដល់ថ្ងៃពុធ ទី១១ ខែកក្កដានេះ តួលេខផ្លូវការ ចេញផ្សាយដោយរដ្ឋាភិបាលជប៉ុន បានឲ្យដឹងថា មនុស្សមិនតិចជាង ១៧៩នាក់ បានស្លាប់បាត់បង់ជីវិត ខណៈការរុករកអ្នកបាត់ខ្លួន នៅកំពុងបន្តធ្វើ ទៅមុខនៅឡើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...