បាល់ទាត់​ពិភពលោក៖ បារាំង​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ជា​លើក​ទី៣

ក្រុមជម្រើសជាតិ បារាំង បានបំបាក់ក្រុម បីសាចក្រហម ប៊ែលហ្សិក ដោយគ្រាប់បាល់ ១-០ ក្នុងការប្រកួត នៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កាលពីមុននេះបន្តិច ដើម្បីឡើងទៅប្រកួតផ្ដាច់ព្រ័ត្រ ជាលើកទីបី នៅក្នុងប្រវត្តិបាល់ទាត់។ គ្រាប់បាល់មួយគ្រាប់នោះ រកបានដោយខ្សែការពារ កីឡាករ សាម៉ុយអែល អ៊ូមទីទី (Samuel Umtiti) ដែលទាត់ឲ្យក្រុម បាសឺឡូន (Barcelone FC) នៅនាទីទី៥១។
បាល់ទាត់​ពិភពលោក៖ បារាំង​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ជា​លើក​ទី៣
កីឡាករ សាម៉ុយអែល អ៊ូមទីទី ផ្ទុះក្ដីអំណរបន្ទាប់រកគ្រាប់បាល់ ឲ្យក្រុមបារាំង ១-០ ឈ្នះលើក្រុម ប៊ែលហ្សិក។ (រូបថត Fifa)
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១០ កក្កដា ២០១៨
  • កែប្រែចុងក្រោយ: July 10, 2018
  • ប្រធានបទ: បាល់ទាត់​ពិភពលោក
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅទីបំផុត ក្រុមបាល់ទាត់​មាន់គក បារាំង ដែលប្រកបដោយវិន័យ និងមានថ្វីជើង ប្រកបដោយប្រសិទ្ធភាព បានឡើងឡើងវគ្គផ្ដាច់ព្រ័ត្រ នៃបាល់ទាត់ពិភពលោក ឆ្នាំ២០១៨ ដែលកំពុងប្រព្រឹត្តិទៅ ក្នុងប្រទេសរ៉ុស្ស៊ី។ ក្រោមការដឹកនាំ របស់គ្រូដឹកនាំ ឌីឌីយ៉េ ដេឆម (Didier Deschamps) ក្រុមមាន់គក បានបំបាក់ក្រុម ប៊ែលហ្សិក ដោយគ្រាប់បាល់ ១-០ ក្នុងការប្រកួត វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលប្រព្រឹត្តិទៅ នាយប់នេះ ក្នុងកីឡដ្ឋាននៃក្រុង ស៊ាំង ភីធីស្បួរ (Saint-Pétersbourg - ភាគខាងលិចប្រទេស រ៉ុស្ស៊ី)។

គ្រាប់បាល់មួយគ្រាប់ របស់ក្រុមបារាំងនោះ រកបាននៅនាទីទី ៥១ ដោយខ្សែការពារ កីឡាក សាម៉ុយអែល អ៊ូមទីទី (Samuel Umtiti) ដែលកំពុងទាត់ឲ្យក្រុម បាសឺឡូន (Barcelone FC)។ មិនខ្ពស់ដល់ខ្សែការពារ ប៊ែលហ្សិក ទេ តែកីឡាករ អ៊ូមទីទី អាចលោតឡើងខ្ពស់ជាង ហើយប្រើក្បាលខ្លួន ទទួលបាល់ទាត់ពីជ្រុង​ខាងស្ដាំ និងរុញបាល់មួយគ្រាប់នេះ ចូលក្នុងទី ប៊ែលហ្សិក បាន​យ៉ាងល្អឥតខ្ចោះ។

បើនិយាយពីសាច់បាល់វិញ ក្រុម ប៊ែលហ្សិក បានគ្រប់គ្រងបាល់ បានច្រើនជាង ក្រុម បារាំង។ ប៉ុន្តែត្រូវនិយាយថា នេះ ជាការចង់បានរបស់ក្រុម បារាំង ដោយសារយុទ្ធសាស្ត្របារាំង គឺទុកឲ្យក្រុមគូប្រជែង ធ្វើការប្រយុទ្ធ រហូតដល់ភ្លេចខ្លួន ដែលបើកឱកាស ឲ្យបារាំងវាយសម្រុកវិញ ដើម្បីរកគ្រាប់បាល់ បានប្រកប​ដោយប្រសិទ្ធិភាព ជាពិសេស នៅចំពោះល្បឿនរត់ ដូចរន្ទះ ពីសំណាក់ខ្សែប្រយុទ្ធវ័យក្មេងបារាំង កីឡាករ គីលីយ៉ាន អ៊ឹមបាប៉េ (Kylian Mbappé)។

យុទ្ធសាស្ត្រមួយទៀត របស់ក្រុមបារាំង គឺពង្រឹកខ្សែការពាររបស់ខ្លួន ឲ្យដូចសំណាញ់ចាប់មូស ដែលមានកីឡាករ​ឈរជើង​ជា​អចិន្ត្រៃយ៍ ៣នាក់ និងឡើងដល់ ៥នាក់ ឬ ៧នាក់ នៅពេលមានការវាយប្រយុទ្ធ ពីក្រុមគូប្រជែង។ នៅពីក្រោយខ្សែការពារបារាំង នៅមានកីឡាករ ហ៊ុយហ្គោ ឡូរីស (Hugo Lloris) អ្នកចាំទីដៃស្អិតមួយរូបទៀត ដែលទះ និងទប់គ្រាប់បាល់ប៊ែលហ្សិក បានជាច្រើនគ្រាប់ ដើម្បីការពារទីរបស់ខ្លួន។

» វីដេអូសង្ខេប នៃការប្រកួត រវាងក្រុម បារាំង និងក្រុម ប៊ែលហ្សិក៖

ក្នុងវគ្គផ្ដាច់ព្រ័ត្រ ដែលនឹងប្រព្រឹត្តិទៅ ក្នុងថ្ងៃអាទិត្យ ទី១៥ ខែកក្កដា ខាងមុខ នាកីឡដ្ឋានរដ្ឋធានី ម៉ូស្គូ ក្រុមបាល់ទាត់ បារាំង នឹងត្រូវជួបក្រុមមួយ ពីក្នុងចំណោមក្រុម ក្រូអាស៊ី និងក្រុម អង់គ្លេស ដែលត្រូវជួបគ្នាស្អែក ថ្ងៃពុធទី១១ ខែកក្កដា ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ (ដូចការប្រកួត រវាង បារាំង និង ប៊ែលហ្សិក នាយប់នេះដែរ)។ រីឯក្រុម ប៊ែលហ្សិក វិញ នឹងត្រូវប្រកួត​​យក​ចំណាត់ថ្នាក់​ទី ៣ ក្នុងថ្ងៃសៅរ៍ ទី១៤ ខែកក្កដា ខាងមុខ ជាមួយក្រុមមួយ ដែលប្រកួតចាញ់ ពីក្នុងការប្រកួត រវាងក្រុមទាំងពីរដូចគ្នា (ក្រូអាស៊ី និងអង់គ្លេស)។

បើនិយាយមកឲ្យស្រួលស្ដាប់គ្នា គឺក្រុម ឈ្នះ-ឈ្នះ នឹងប្រកួតគ្នា នៅវគ្គផ្ដាច់ព្រ័ត្រ ដើម្បីដណ្ដើមពាន ខណៈក្រុម ចាញ់-ចាញ់ នឹងប្រកួតគ្នា នៅវគ្គផ្ដាច់ព្រ័ត្រដែរ តែដើម្បីដណ្ដើមយក... ចំណាត់ថ្នាក់​លេខ៣៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...