ក្មេង​និង​គ្រូ​ទាំង១៣ មិន​អាច​ទៅ​មើល​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ នៃ​បាល់ទាត់​ពិភពលោកទេ

នៅចំពោះការអញ្ជើញ ពីសំណាក់សហព័ន្ធបាល់ទាត់ពិភពលោក «Fifa» ក្មេងនិងគ្រូបង្វឹក ទាំង១៣នាក់ ទំនងជាមិនអាចទៅទស្សនាផ្ទាល់ នូវការប្រកួតផ្ដាច់ព្រ័ត្រ នៃបាល់ទាត់ពិភពលោក ដែលប្រព្រឹត្តិទៅ នៅថ្ងៃទី១៥ ខែកក្កដា ខាងមុខ ក្នុងប្រទេសរ៉ូស្ស៊ីនោះទេ។
ក្មេង​និង​គ្រូ​ទាំង១៣ មិន​អាច​ទៅ​មើល​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ នៃ​បាល់ទាត់​ពិភពលោកទេ
ពីឆ្វេងទៅស្ដាំ៖ កុមារជាប់គាំងខ្លួន នៅក្នុងរូងភ្នំ ដែលស្ថិតនៅភាគខាងជើង ប្រទេសថៃ និងពានរង្វាន់ បាល់ទាត់ពិភពលោក របស់សហព័ន្ធបាល់ទាត់អន្តរជាតិ។ (រូបថតលើទ្វីសធើរ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១០ កក្កដា ២០១៨
  • កែប្រែចុងក្រោយ: July 10, 2018
  • ប្រធានបទ: ជាប់​ក្នុង​រូងភ្នំ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កុមារទាំងអស់ និងគ្រូបង្វឹករបស់ពួកគេ ទាំង១៣នាក់ ដែលទើបនឹងត្រូវបានយកចេញ ជាបន្តបន្ទាប់ ក្នុងបីថ្ងៃជាប់គ្នា ពីរូងភ្នំ ថាំហ្លួង (Tham Luang) ស្ថិតនៅភាគខាងជើង ប្រទេសថៃ នឹងមិនអាចឆ្លើយតប ជាវិជ្ជមាន ទៅនឹងការអញ្ជើញ របស់សហព័ន្ធបាល់ទាត់ពិភពលោក (Fifa) ដើម្បីអនុញ្ញាតឲ្យពួកគេ អាចទស្សនាដោយផ្ទាល់ភ្នែក នូវការប្រកួតផ្ដាច់ព្រ័ត្រ នៃបាល់ទាត់ពិភពលោក នៅថ្ងៃទី១៥ ខែកក្កដា ខាងមុខ ក្នុងប្រទេសរ៉ុស្ស៊ី នោះទេ។ នេះ បើតាមការអះអាង របស់ក្រុមគ្រូពេទ្យ នៅថ្ងៃអង្គារនេះ។

លោក «Thongchai Lertwilairatanapong» អ្នកទទួលខុសត្រូវម្នាក់ មកពីក្រសួងសុខាភិបាលថៃ បានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅថ្ងៃអង្គារនេះថា៖ «ពួកគេ (កុមារ និងគ្រូបង្វឹក) មិនអាចទៅទស្សនា ការប្រកួតផ្ដាច់ព្រ័ត្រនោះ បានទេ ព្រោះពួកគេចាំបាច់ ត្រូវសម្រាកនៅក្នុងមន្ទីរពេទ្យ សម្រាប់មួយរយៈពេលសិន»។

លោកថា៖ «តែពួកគេ អាចទស្សនាការប្រកួតនេះ នៅតាមកញ្ចក់ទូរទស្សន៍»។

ប្រធានសហព័ន្ធបាល់ទាត់អន្តរជាតិ លោក «Gianni Infantino» បានផ្ញើរសំបុត្រមួយ អញ្ជើញពួកគេទាំងអស់នេះ ឲ្យទៅទស្សនាដោយផ្ទាល់ ការប្រកួតផ្ដាច់ព្រ័ត្រ នៃបាល់ទាត់ពិភពលោក ឆ្នាំ២០១៨ ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃទី១៥ ខែកក្កដាខាងមុខ ក្នុងប្រទេសរ៉ុស្ស៊ី។

សំបុត្ររបស់លោក «Gianni Infantino» ត្រូវបានផ្សព្វផ្សាយ ជាសាធារណៈ នៅថ្ងៃទី៦ ខែកក្កដា សប្ដាហ៍មុន។ លិខិតសរសេរថា៖ «បើសុខភាពរបស់ពួកគេ អាចអនុញ្ញាតឲ្យពួកគេ អាចធ្វើដំណើរបាន សហព័ន្ធបាល់ទាត់អន្តរជាតិ នឹងមានសេចក្ដីអំណរ ក្នុងការអញ្ជើញពួកគេ ឲ្យចូលរួមទស្សនាដោយផ្ទាល់ ការប្រកួតផ្ដាច់ព្រ័ត្រ នៃបាល់ទាត់ពិភពលោក»។

កុមារ អាយុពី១២ ដល់១៦ឆ្នាំ និងគ្រូបង្វឹក អាយុ២៥ឆ្នាំ ទាំងអស់ចំនួន ១៣នាក់ ទើបនឹងត្រូវបានសង្គ្រោះជាស្ថាពរ ចេញពីរូងភ្នំជាបន្តបន្ទាប់ រាប់ពីថ្ងៃអាទិត្យ មកទល់នឹងយប់ថ្ងៃអង្គារនេះ បន្ទាប់ពីពួកគេ ត្រូវបានជាប់គាំង នៅក្នុងរូងភ្នំខាងលើ អស់រយៈពេលជាង២សប្ដាហ៍ ដោយសារទឹកភ្លៀងជន់លិច​ច្រកចូល និងនៅតាមបណ្ដោយរូងភ្នំ។ តុល្យភាពសរុប៖ ក្មេង៤នាក់ ត្រូវបាននាំចេញ នៅថ្ងៃអាទិត្យ - ៤នាក់ នៅថ្ងៃចន្ទ និង៥នាក់ចុងក្រោយ ក្នុងយប់ថ្ងៃអង្គារ។

របាយការណ៍​របស់ក្រុមគ្រូពេទ្យ បានអះអាងថា កុមារពីរនាក់ ពីក្នុងចំណោមនោះ ត្រូវបានរកឃើញ ថាមានបញ្ហាផ្នែកសួត ហើយកំពុងទទួលការព្យាបាល យ៉ាងដិតដល់ ពីសំណាក់គ្រូពេទ្យ ខណៈកុមារទាំងអស់ បានពាក់វែនតាខ្មៅ ដើម្បីការពារពន្លឺថ្ងៃ បន្ទាប់ពីពួកគេបានរស់នៅ ក្នុងទីងងឹត អស់រយៈពេល ជាច្រើនសប្ដាហ៍ មកនោះ។

គ្រូពេទ្យបានថ្លែងថា ពួកគេនៅតែមានសុខភាពផុយស្រួយ បន្ទាប់ពីបានរស់នៅ​ពីរសប្ដាហ៍ជាង នៅក្នុងរូងភ្នំ ដេលមានលក្ខណៈចង្អៀត គ្មានចំណីអាហារ និងបើទោះជាពួកគេ ត្រូវបានវាយតម្លៃ នៅពេលនេះ ថាមានសុខភាពល្អប្រសើរ ហើយក៏ដោយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...