បាល់ទាត់​ពិភពលោក៖ ២៨ឆ្នាំ​ក្រោយ​មក អង់គ្លេស​ឡើង​ដល់​វគ្គ​១ភាគ២

ក្រុមជម្រើសជាតិអង់គ្លេស សញ្ញា«តោបី» បានបំបាក់ក្រុម ស៊ុយអែដ ដោយគ្រាប់បាល់ ២-០ និងបោះជំហានឡើងទៅវគ្គ ១ភាគ២ផ្ដាច់ព្រ័ត្រ បន្ទាប់ពីបានទន្ទឹង រង់ចាំឱកាសដូច្នេះ អស់រយៈពេល២៨ឆ្នាំមកហើយ។ ក្នុងវគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នោះ ក្រុម «តោបី» នឹងត្រូវជួបក្រុមមួយ ពីក្នុងចំណោមក្រុម រ៉ូស្ស៊ី និង ក្រូអាស៊ី ដែលត្រូវប្រកួតគ្នា ក្នុងប៉ុន្មានម៉ោងខាងមុខ។
បាល់ទាត់​ពិភពលោក៖ ២៨ឆ្នាំ​ក្រោយ​មក អង់គ្លេស​ឡើង​ដល់​វគ្គ​១ភាគ២
ក្រុមកីឡាករ អង់គ្លេស អបអរគ្រាប់បាល់របស់ផងខ្លួន បន្ទាប់ពីរកបាន ពីក្រុម ស៊ុយអែដ។ (រូបថត Fifa)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០៧ កក្កដា ២០១៨
  • កែប្រែចុងក្រោយ: July 08, 2018
  • ប្រធានបទ: បាល់ទាត់​​ពិភពលោក
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្ដីសង្ឃឹម ដែលបណ្ដាជនអង់គ្លេស បានរង់ចាំតាំងពីឆ្នាំ ១៩៩០ (ពោល គឺ២៨ឆ្នាំ កន្លងមកហើយ)។ ក្ដីសង្ឃឹម ដែលបានឃើញក្រុមជម្រើសជាតិរបស់ខ្លួន ឡើងប្រកួត ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដើម្បីដណ្ដើមយកជ័យជំនះ ក្នុងជំហានទៅប្រកួតផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក។ តែក្ដីសង្ឃឹមរបស់អង់គ្លេស ក៏បានធ្វើឲ្យក្ដីសុបិន្ត របស់ប្រជាជាតិមួយទៀត ផុតរលត់ទៅដែរ។

ក្រុម តោបីអង់គ្លេស បានបំបាក់ក្រុម ស៊ុយអែដ ក្នុងគ្រាប់បាល់២០ ក្នុងការប្រកួត នៃវគ្គ១ភាគ៤ផ្ដាច់ព្រ័ត្រ កាលពីល្ងាចថ្ងៃសៅរ៍ ទី៧ ខែកក្កដានេះ។ គ្រាប់បាល់ទាំងពីរនោះ រកបានដោយកីឡាករ «Harry Maguire» នៅនាទីទី ៣០ បន្ទាប់ពីទទួលបានបាល់ ទាត់ចេញពីជ្រុង និងដោយកីឡាករ «Dele Alli» នៅនាទីទី ៥៩។

ក្នុងការប្រកួត ទល់នឹងក្រុម ស៊ុយអែដ មួយនេះ ប្រធានក្រុមកីឡាករ អង់គ្លេស គឺកីឡាករ ហារី ឃេន (Harry Kane) មិនបានបញ្ចេញស្នាដៃ ក្នុងការបញ្ជូនគ្រាប់បាល់ ឬស្វែងរកគ្រាប់បាល់នោះទេ។ ផ្ទុយទៅវិញ គឺកីឡាករ «Jordan Pickford» អ្នកចាំទីអង់គ្លេស ដែលបានក្លាយជាវីរជនថ្មី គួរជាទីទុកចិត្ត នៃប្រអប់ទីរបស់ក្រុម «តោបី» បន្ទាប់ពីកីឡាករចាំទីអង់គ្លេសមុនៗ ភាគច្រើនសុទ្ធតែចោរម្សៀត។ កីឡាករ «Jordan Pickford» បានទះគ្រាប់បាល់ជាច្រើន របស់ខ្សែប្រយុទ្ធ ស៊ុយអែដ ជាពិសេសគ្រាប់បាល់ ដែលមានគ្រោះបំផុត នៅនាទីទី៦២។

» វីដេអូសង្ខេប នៃការប្រកួតរវាងក្រុម ស៊ុយអែដ និងក្រុម អង់គ្លេស៖

ជ័យជំនះខាងលើ អនុញ្ញាតឲ្យក្រុម តោបី ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ តែត្រូវរង់ចាំលទ្ធផល ចេញពីការប្រកួតរវាងក្រុម រ៉ូស្ស៊ី និងក្រូអាស៊ី ក្នុងយប់ថ្ងៃសៅរ៍ដដែលសិន ដើម្បីដឹងពីគូប្រកួតរបស់ខ្លួន។ ការប្រកួតទីពីរ នៃវគ្គ១ភាគ២ផ្ដាច់ព្រ័ត្រ នឹងប្រព្រឹត្តិទៅ នៅយប់ថ្ងៃពុធសប្ដាហ៍ខាងមុខ ខណៈការប្រកួតទីមួយ រវាងក្រុម បារាំង និងប៊ែលហ្សិក នឹងប្រព្រឹត្តិទៅ នៅយប់ថ្ងៃអង្គារ មួយថ្ងៃមុន៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...