បន្ទាប់​ពី​ចុះ​កិច្ច​សន្យា ក្រុម​ប៉ារីស​នឹង​បង្ហាញ ប៊ូហ្វុង ក្នុង​សន្និសីទ​កាសែត​នៅ​ថ្ងៃ​ចន្ទ

បន្ទាប់ពីបានឆ្លងកាត់ ការត្រួតពិនិត្យសុខភាព កាលពីថ្ងៃសុក្រចុងសប្ដាហ៍នេះ និងបានចុះហត្ថលេខា លើកិច្ចសន្យាលេងឲ្យក្រុម ប៉ារីស សម្រាប់​រយៈពេល១ឆ្នាំនោះរួច កំពូលអ្នកចាំទីជាតិអ៊ីតាលី កីឡាករ ហ្គីលីជី ប៊ូហ្វុង (Gianluigi Buffon) នឹងត្រូវបង្ហាញជាផ្លូវការ និងជាសាធារណៈ នៅក្នុងសន្និសីទកាសែតមួយ ដែលរៀបចំធ្វើនៅរសៀលថ្ងៃចន្ទនេះ។
បន្ទាប់​ពី​ចុះ​កិច្ច​សន្យា ក្រុម​ប៉ារីស​នឹង​បង្ហាញ ប៊ូហ្វុង ក្នុង​សន្និសីទ​កាសែត​នៅ​ថ្ងៃ​ចន្ទ
កីឡាករ ហ្គីលីជី ប៊ូហ្វុង (Gianluigi Buffon) នៅក្នុងការប្រកួតមួយ របស់ក្រុមជម្រើសជាតិអ៊ីតាលី។ (រូបថតឯកសារ)
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០៨ កក្កដា ២០១៨
  • កែប្រែចុងក្រោយ: July 09, 2018
  • ប្រធានបទ: បាល់ទាត់​បារាំង
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កីឡាករ ហ្គីលីជី ប៊ូហ្វុង (Gianluigi Buffon) ដែលមានអាយុ៤០ឆ្នាំ បានចាកចេញពីក្រុម ជូវេនទូស (Juventus) កាលពីចុងរដូវកាលមុន បន្ទាប់ពីបាននៅជាមួយ ក្រុមបាល់ទាត់អ៊ីតាលី ដ៏ធំមួយនេះ តាំងពី​១៧ឆ្នាំ​មកហើយ (ពីឆ្នាំ២០០១)។  ចាប់ពីការចាកចេញនោះមក ដំណឹង​លេចឮ​ជាច្រើន បានអះអាង​ច្បាស់ៗថា កីឡាករនឹង​មកលេងឲ្យក្រុម ប៉ារីសស៊ាំងហ្សែរម៉ាំង (Paris Saint-germain) នៅក្នុងរដូវកាលថ្មី ឆ្នាំ ២០១៨-​២០១៩ ខាង​មុខ​នេះ។

ហើយនៅទីបំផុត ដំណឹងនោះបានបញ្ចេញរូបរាង ជាផ្លូវការហើយ កាលពីចុងសប្ដាហ៍មុន។ កីឡាករចាំទីដ៏ល្បីឈ្មោះ របស់ប្រទេសអ៊ីតាលីបានឆ្លងកាត់​ការពិនិត្យសុខភាព និងបានចុះហត្ថលេខា លើកិច្ចសន្យា​លេងឲ្យក្រុម ប៉ារីស សម្រាប់រយៈពេលមួយរដូវកាល និងអាចពិចារណាបន្តកិច្ចសន្យានេះ សម្រាប់មួយរដូវកាល បន្ថែមទៀត។ បន្ទាប់មក កីឡាករនឹងត្រូវក្រុម ប៉ារីស ណែនាំជាផ្លូវការ ទៅកាន់ពិភពលោក តាមរយៈសន្និសីទសារព័ត៌មានមួយ ដែលនឹងរៀបចំធ្វើ នៅរសៀលថ្ងៃចន្ទ ទី៩ ខែកក្កដានេះ ក្នុងកីឡដ្ឋាន «Parc des Princes» នៃរដ្ឋធានី ប៉ារីស ប្រទេសបារាំង។

 

ការទទួលយកកីឡាករ ប៊ូហ្វុង មកធ្វើជាអ្នកចាំទីមួយទៀតនេះ នឹងធ្វើឲ្យក្រុម ប៉ារីស មានអ្នកចាំទី​ដល់ទៅ ៥នាក់។ ដូច្នេះសំនួរសួរឡើងថា តើកីឡាករ ដែលមានវ័យ ៤០ឆ្នាំរូបនេះ នឹងអាចផ្ដល់អ្វីខ្លះ សម្រាប់ក្រុមបាល់ទាត់ នៃរដ្ឋធានី ប៉ារីស?

សម្រាប់ក្រុមអ្នកឃ្លាំមើល វិស័យបាល់ទាត់ បានគិតថា ក្រុមប៉ារីសទទួលកីឡាករ ប៊ូហ្វុង មកទាត់ឲ្យខ្លួន គឺផ្ដោតសំខាន់ទៅលើ «កិត្តិនាម» និង «បទពិសោធន៍ នៃអាជីព» របស់កីឡាកររូបនេះ ជាជាងយកកីឡាករ ប៊ូហ្វុង មកចាំទីឲ្យខ្លួន។ កីឡករដ៏ល្បីឈ្មោះ ដែលមានរហស្សនាម «Gigi» បានឆ្លងកាត់ការប្រកួត ជាង៦៥៥ដង ជាមួយក្រុម ជូវេនទូស បានឈ្នះក្លាយជាជើងឯកអ៊ីតាលី ចំនួន៩ដង... និងបានឡើងទៅដល់ការប្រកួតផ្ដាច់ព្រ័ត្រ នៃក្របខណ្ឌ «Champions League» ក្នុងទ្វីបអ៊ឺរ៉ុប ចំនួនបីដង។

បន្ថែមពីលើនេះ ប៊ូហ្វុង ធ្លាប់ឈ្នះលើកពានរង្វាន់ បាល់ទាត់ពិភពលោក នៅឆ្នាំ២០០៦ ជាមួយនឹងក្រុមជម្រើសជាតិ​អ៊ីតាលី និងត្រូវបានជ្រើស ឲ្យចូលទាត់ ជាមួយក្រុមជម្រើសជាតិនេះ មិនតិចជាង ១៧៦ដងទេ។

កីឡាករ ប៊ូហ្វុង ត្រូវបានស្រង់សំដី មកផ្សាយនៅលើគេហទំព័ររបស់ក្រុម ប៉ារីស ដូច្នេះថា៖ «ជាលើកទីមួយ នៃអាជីពជាកីឡាករបាល់ទាត់របស់ខ្ញុំ ដែលខ្ញុំបានចេញពីប្រទេសខ្ញុំ និងដោយសារគម្រោងប្រកប​ដោយ​មហិច្ឆតា​តែមួយ (របស់ក្រុមប៉ារីស) ដែលនាំ​ឲ្យខ្ញុំ​សម្រេច​ចិត្ត​បែប​នេះ»៕ 

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...