អាឡិច ចេញ​មុខ​ឃោសនា​ឲ្យ CPP

ប៉ុន្តែការចេញមុខឃោសនា របស់ស្ថាបនិកអង្គការ «មាតាធម្មជាតិ​» អាចបង្កការខកចិត្ត ដល់គណបក្សប្រជាជនកម្ពុជា និងអ្នកគាំទ្រ។
អាឡិច ចេញ​មុខ​ឃោសនា​ឲ្យ CPP
រូបភាពឃោសនាឲ្យគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០៧ កក្កដា ២០១៨
  • កែប្រែចុងក្រោយ: July 07, 2018
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក អាឡិច ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez Davidson) បានប្រកាសធ្វើការឃោសនា ឲ្យគណបក្សប្រជាជនកម្ពុជា នៅថ្ងៃសៅរិ៍ ទី៧ ខែកក្កដា ដែលជាថ្ងៃទីមួយ នៃការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ ដោយអំពាវនាវ ឲ្យបណ្ដាអ្នកបោះឆ្នោត «សូមកុំភ្លេចបោះឆ្នោត ជូនលេខម៉ាភ័យ»។

មិនត្រឹមតែធ្វើការអំពាវនាវទេ តែស្ថាបនិកអង្គការ មាតាធម្មជាតិ ដែលត្រូវបានរដ្ឋាភិបាលលោក ហ៊ុន សែន បណ្ដេញចេញពីកម្ពុជា យ៉ាងទីណាត់ទីណែង កាលពីដើមឆ្នាំ២០១៥ ថែមទាំងបានប្ដូររូបភាព «Profile» នៃទំព័រហ្វេសប៊ុករបស់លោក ដាក់រូបថតឃោសនា ឲ្យគណបក្សប្រជាជនកម្ពុជា នោះផងទៀត។ ក្នុងរូបភាពនោះ គេឃើញមានរូបសញ្ញា ឈ្មោះ និងលេខរៀងគណបក្ស រួមនឹងអក្សរ មួយឃ្លាដូច្នេះ «យើងទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តថែរក្សាសន្តិភាព និងការអភិវឌ្ឍ»។

តែនៅខាងក្រោយអក្សរទាំងនេះ មានរូបថតមួយសន្លឹក ដកស្រង់ចេញពីរបាយការណ៍ របស់ទីភ្នាក់ងារស៊ើបអង្កេតបរិស្ថាន «EIA» ដែលមានទីតាំងក្នុងចក្រភព​អង់គ្លេស ដោយបង្ហាញពីរថយន្ដធំៗពីរគ្រឿង កំពុងធ្វើសកម្មភាពដឹកឈើ នៅក្នុងតំបន់មួយ នៃប្រទេសកម្ពុជា។ 

គេអាចយល់ពីរូបភាព និងការឃោសនាខាងលើ តាមរយៈសំណេរ របស់លោក អាឡិច ដេវិតសុន ដែលសរសេរភ្ជាប់​នឹងរូបភាព ដូច្នេះថា៖ «បើបងប្អូនពេញចិត្ដ នូវសមត្ថភាពដឹកនាំ របស់រដ្ឋាភិបាល ក្នុងការបើកដៃ ឲ្យឈ្មួញកាប់ព្រៃឈើខ្មែរ ដឹកចេញទៅប្រទេសជិតខាង ៥ឆ្នាំទៅមុខទៀត សូមកុំភ្លេចបោះឆ្នោត ជូនលេខម៉ាភ័យ»។

សេចក្ដីអំពាវនាវខាងលើ ត្រូវបានស្ថាបនិកអង្គការ មាតាធម្មជាតិ រូបនេះ សរសេរជូនជាភាសាអង់គ្លេស មកជាមួយផង ដោយដាក់ចំណងជើងថា «ឃោសនាថ្ងៃទី០១ (Day one of Electoral Campaigning)»។ ចំណងជើង ដែលទំនងជាមានន័យថា អាចមាន«ការឃោសនា» សម្រាប់ថ្ងៃទី២ ទី៣ ឬទី១០ ជាបន្តបន្ទាប់ ដែលគេត្រូវរង់ចាំទស្សនា ក្នុង​​«ភាគបន្ត» កុំបីខាន៕

 
Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...