រក​ឃើញ​កុមារ​និង​គ្រូ​១៣នាក់​ហើយ បន្ទាប់​ពីជាប់​ក្នុង​រូងភ្នំ​៩ថ្ងៃ

ជាប់គាំងតាំងពី៩ថ្ងៃ នៅក្នុងរូងភ្នំ ដែលមានច្រកចូល ត្រូវបានទឹកភ្លៀងជន់លិចនោះ កុមារទាំង១២ និងគ្រូបង្វឹកបាល់ទាត់ម្នាក់ ត្រូវបានក្រុមអ្នកជួយសង្គ្រោះ រកឃើញវិញហើយ នៅល្ងាចថ្ងៃចន្ទនេះ។
រក​ឃើញ​កុមារ​និង​គ្រូ​១៣នាក់​ហើយ បន្ទាប់​ពីជាប់​ក្នុង​រូងភ្នំ​៩ថ្ងៃ
ក្រុមកុមារ១២នាក់ និងគ្រូបង្វឹកបាល់ទាត់ពួកគេម្នាក់ ត្រូវបានរកឃើញវិញហើយ នៅចំងាយជិត៤គីឡូម៉ែត្រ ពីច្រកចូលរូងភ្នំ បន្ទាប់ពីត្រូវបានជាប់គាំងនៅទីនោះ អស់រយៈពេល៩ថ្ងៃមក។ (រូបថតផ្តិតពីវីដេអូ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០២ កក្កដា ២០១៨
  • កែប្រែចុងក្រោយ: July 03, 2018
  • ប្រធានបទ: បាត់ខ្លួនក្នុងរូងភ្នំ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កុមារទាំង១២នាក់ និងគ្រូបង្វឹកបាល់ទាត់ម្នាក់ ដែលជាប់ក្នុងរូងភ្នំ តាំងពី៩ថ្ងៃមកនោះ ត្រូវបានក្រុមអ្នកជួយសង្គ្រោះរកឃើញហើយ! ពួកគេទាំងអស់នោះ មានសុវត្ថិភាព និងមានសុខភាពធម្មតា។ នេះ បើតាមការប្រកាសឲ្យដឹង របស់អាជ្ញាធរខេត្ត ឈៀងរ៉ៃ (Chiang Rai) ដែលបង្កឲ្យមានក្ដីរំភើបចិត្ត ឥតឧបមានៅជុំវិញពិភពលោក និងជាពិសេសបំផុត ពីសំណាក់ក្រុមគ្រួសារ។

លោក «Narongsak Osottanakorn» ចៅហ្វាយខេត្តឈៀងរ៉ៃ បានថ្លែងនៅចំពោះមនុស្សរាប់សិបនាក់ ដោយមានទាំងក្រុម​អ្នកសារព័ត៌មាន ដូច្នេះថា៖ «យើងបានរកឃើញពួកគេហើយ! ពួកគេទាំង១៣នាក់ មានសុវត្ថិភាព និងសុខភាពធម្មតា»។

ប៉ុន្តែការយកពួកគេ ទាំង១៣នាក់ ចេញពីរូងភ្នំ នឹងមិនត្រូវធ្វើ ក្នុងពេលភ្លាមៗនេះទេ ហើយអ្នកសង្គ្រោះជាច្រើននាក់ កំពុងនៅក្នុងរូងភ្នំ ជាមួយពួកគេ ស្ថិតនៅចំណុចមួយ ដែលមានចំងាយជិត ៤គីឡូម៉ែត្រ ពីច្រកចូលរូងភ្នំ។ លោកចៅហ្វាយខេត្ត បានបន្តទៀតថា៖ «យើងនឹងផ្ដល់ចំណីអាហារ ទៅឲ្យពួកគេ ប៉ុន្តែយើងមិនទាន់ប្រាកដទេ ថាពួកគេនឹងអាចទទួលទានបាន ដោយខ្លួនឯង ដោយហេតុថា ពួកគេមិនមានអ្វីទទួលទាន តាំងពីច្រើនថ្ងៃមកនោះ។ យើងនឹងបញ្ជូនគ្រូពេទ្យ ដែលចេះជ្រមុជទឹក ទៅកាន់ទីនោះ។»។

កន្លែងដែលកុមារ ទាំង១២នាក់ និងគ្រូបង្វឹកបាល់ទាត់ម្នាក់ ត្រូវបានរកឃើញនោះ ស្ថិតនៅឆ្ងាយច្រើនរយម៉ែត្រ ពី «Pattaya Beach» ដែលគេសង្ស័យថា ជាតំបន់មួយ ដែលមានកំពស់ខ្ពស់ ហើយអាចឲ្យពួកគេ អាចនៅលើគោក បញ្ជៀសពីទឹកភ្លៀងជន់ ដែលបានជន់លិចរូងភ្នំមួយភាគ រាប់ចាប់ពីច្រកចូលមកនោះ។ លោក «Narongsak Osottanakorn» បានបញ្ជាក់ថា៖ «Pattaya Beach បានលិចទឹកហើយ តែយើងបានរកឃើញពួកគេ នៅ៣០០ ទៅ៤០០ម៉ែត្រ នៅខាងមុខទៀត»។

ដំណឹងនេះ ត្រូវបានផ្សព្វផ្សាយ និងរីករាលដាល នៅពាសពេញបណ្ដាញសង្គម។ ឪពុកម្ដាយរបស់កុមារមួយចំនួន ដែលស្នាក់នៅមិនឆ្ងាយប៉ុន្មាន ពីច្រកចូលរូងភ្នំ បានសំដែងក្ដីរំភើបរបស់ពួកគេ។ ស្រង់សំដីដោយទូរទស្សន៍ក្នុងស្រុក ឪពុករបស់កុមារម្នាក់ បានថ្លែងឡើងថា៖ «ខ្ញុំត្រេកអរខ្លាំងណាស់... ខ្ញុំចង់ឃើញកូនខ្ញុំភ្លាម តើវាមានសុខភាពយ៉ាងណា ទាំងផ្លូវចិត្ត ទាំងរាងកាយ»។

នៅល្ងាចថ្ងៃទី ២៣ ខែមិថុនា បន្ទាប់ពីបានបញ្ចប់ការហ្វឹកហាត់រួច កុមារទាំង១២នាក់ ដែលមានអាយុពី១១ឆ្នាំ ទៅដល់១៦ឆ្នាំ និងគ្រូបង្វឹកបាល់ទាត់ម្នាក់ បាននាំគ្នាដើរចូល ទៅក្នុងរូងភ្នំនោះ ដែលមានឈ្មោះ «Tham Luang» ស្ថិតនៅកណ្ដាលតំបន់ព្រៃដ៏ក្រាស់ឃ្មឹក ភាគខាងជើង នៃប្រទេសថៃ ក្បែរព្រំប្រទល់ជាមួយប្រទេសភូមា និងឡាវ។ ប៉ុន្តែពួកគេ បានជាប់គាំងនៅក្នុងនោះ ដោយសារភ្លៀងធ្លាក់ដ៏ជោគជាំ នៃរដូវវស្សា បានជន់លិចច្រកចូលរូងភ្នំ ហើយការទាក់ទងជាមួយពួកគេ បានដាច់បាត់ សូន្យឈឹងតែម្ដង។

អាជ្ញាធរថៃបានស្ទុះស្ទារយ៉ាងខ្លាំង ក្នុងការស្វែងរក និងជួយសង្គ្រោះពួកគេ។ ប៉ុន្តែមិនមែនមានតែប្រទេសថៃមួយទេ តែអ្នកជំនាញខាងជួយសង្គ្រោះ មកពីប្រទេសផ្សេងទៀត ដូចយ៉ាងមកពីប្រទេសអូស្ត្រាលី អង់គ្លេស ជប៉ុន ចិន និងជាពិសេសទាហានអាមេរិក ជាង៣០នាក់ ក៏បានចូលរួមយ៉ាងសម្បើម និងដោយប្រើបច្ចេកទេសទំនើបៗ ក្នុងប្រតិបត្តិការរុករកនេះដែរ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...