បាល់ទាត់​ពិភពលោក៖ បារាំង​លត់​អាហ្សង់ទីន​៤-៣ ឡើង​ទៅ​១ភាគ៤

ការប្រកួតដំបូង នៃវគ្គ១ភាគ៨ផ្ដាច់ព្រ័ត្រនេះ បានបញ្ចប់ទៅ ដោយជ័យជំនះដ៏ត្រចះត្រចង់ របស់ក្រុមជម្រើសជាតិ បារាំង ដោយបានបំបាក់ក្រុម អាហ្សង់ទីន ក្នុង​គ្រាប់បាល់ ៤-៣។ ក្រុមមាន់គក បន្តឡើងទៅ វគ្គ១ភាគ៤ ខណៈក្ដីសុបិន្ត របស់ពិភពបាល់ទាត់ អាហ្សង់ទីន ត្រូវបញ្ចប់នៅត្រឹមនេះ។
បាល់ទាត់​ពិភពលោក៖ បារាំង​លត់​អាហ្សង់ទីន​៤-៣ ឡើង​ទៅ​១ភាគ៤
កីឡាករ គីលីយ៉ាន អ៊ឹមបាប៉េ ខ្សែប្រយុទ្ធវ័យក្មេងរបស់ក្រុម បារាំង ដែលរកគ្រាប់បាល់ បានពីរគ្រាប់តែឯង ក្នុងការប្រកួតទល់នឹងក្រុម អាហ្សង់ទីន។ (រូបថត Fifa)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី៣០ មិថុនា ២០១៨
  • កែប្រែចុងក្រោយ: June 30, 2018
  • ប្រធានបទ: បាល់ទាត់​ពិភពលោក
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ចប់ជាស្ថាពរហើយ សម្រាប់ក្រុមជម្រើសជាតិ អាហ្សង់ទីន របស់កំពូលកីឡាករ លីយ៉ូនែល ម៉េស៊ី (Lionel Messi)។ ចប់រួចរាល់ ព្រោះខ្សែការពារ របស់ក្រុម អាហ្សង់ទីន មិនអាចទ្រាំទ្របាន ទល់នឹងល្បឿនរត់ដូចរន្ទះ របស់កីឡាករ គីលីយ៉ាន អ៊ឹមបាប៉េ (Kylian Mbappé) ខ្សែប្រយុទ្ធមកពីក្រុម ប៉ារីស ដែល​រក​គ្រាប់​បាល់​បានពីរគ្រាប់​តែឯង (នៅនាទីទី ៦៤ និង៦៨) និងថ្វីជើង​ដ៏ចំណាន របស់កីឡាករ​បារាំង​ផ្សេងទៀត មានកីឡាករ អង់ទ័ន គ្រីស្មាន (Antoine GRIEZMANN) រកគ្រាប់​បាល់បាន នៅនាទីទី ១៣ និងកីឡាករ បេនចាម៉ាំង ប៉ាវ៉ា (Benjamin PAVARD) នៅនាទីទី ៥៧ ដោយគ្រាប់បាល់លឿន ដូចកាំជ្រួច។

ក្រុម អាហ្សង់ទីន បានខិតខំងើបមកវិញ ដើម្បីរកគ្រាប់បាល់ដែរ ដូចជាគ្រាប់បាល់ស្មើ (១-១) របស់កីឡាករ អង់ហែល ឌីម៉ារីយ៉ា (Angel DI MARIA) នៅនាទីទី ៤១ មុននឹងអាហ្សង់ទីន នាំមុខបារាំងវិញ នៅនាទីទី ៤៨ ដោយកីឡាករ «Gabriel MERCADO» ដោយសារគ្រាប់បាល់មួយ ដែលដំបូងឡើយ ទាត់ដោយកីឡាករ លីយ៉ូនែល ម៉េស៊ី។

ប៉ុន្តែនៅចំពោះកំផែងការពារ ដ៏ក្រាស់របស់បារាំង ក្រុមអាហ្សង់ទីន ដែលសម្បូរដោយកីឡាករល្បីៗ មកពីក្រុមអាជីពធំៗ នៅអ៊ឺរ៉ុបខាងលិច រកមិនបានចន្លោះបន្ថែមទៀត ដើម្បីបំបាក់ក្រុម មាន់គកបារាំង ឡើយ។ ផ្ទុយទៅវិញ ជាមួយក្រឡាបាល់ និងថ្វីជើងរបស់ក្រុមកីឡាករ បារាំង កីឡាករ គីលីយ៉ាន អ៊ឹមបាប៉េ បានក្លាយជាអ្នករកគ្រាប់បាល់ សម្លាប់ក្រុម អាហ្សង់ទីន ដោយគ្រាប់បាល់ចំនួនពីរ បន្តបន្ទាប់គ្នា។

រហូតដល់នាទីចុងក្រោយ ដែលក្រុមបារាំង បានប្ដូរកីឡាករសំខាន់ៗ បីនាក់ចេញ ទើបក្រុម អាហ្សង់ទីន រកបានចន្លោះខ្លះ និងរកបានមួយគ្រាប់ទៀត (៣-៤) ដោយកីឡាករ សែរចូ អាហ្គេរ៉ូ (Sergio AGUERO) ដែលប្រើក្បាលរុញបាល់ នៅនាទីទី ៩០+៣។

» វីដេអូសង្ខេប នៃការប្រកួតរវាងក្រុម បារាំង និងក្រុម អាហ្សង់ទីន៖

ការប្រកួត​បានបញ្ចប់ទៅ ដោយសម្រេចឲ្យក្រុម មាន់គកបារាំង ឡើងទៅវគ្គ ១ភាគ៤ផ្ដាច់ព្រ័ត្រ ខណៈក្រុមមិត្តភ័ក្រ របស់កីឡាករ លីយ៉ូនែល ម៉េស៊ី ត្រូវវេចបង្វិចឡើងយន្ដហោះ ធ្វើដំណើរត្រឡប់ទៅផ្ទះវិញ។ ក្ដីសុបិន្តរបស់ពិភពបាល់ទាត់ របស់អតីតស្ដេចបាល់ទាត់ ម៉ារ៉ាដូណា (Diego Maradona) ត្រូវបញ្ចប់ត្រឹមនេះ។

ដើម្បីដឹងពីគូប្រកួតខ្លួន នៅក្នុងវគ្គខាងមុខ ក្រុម បារាំង ត្រូវរង់ចាំលទ្ធផល ចេញពីការប្រកួតរវាងក្រុម អ៊ុយរូហ្គាយ និងក្រុម ព័រទុយហ្គាល់ ដែលនឹងប្រព្រឹត្តិទៅ ក្នុងយប់នេះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...