ក្រុង​ដែល​គួរ​ឲ្យ​ចង់​រស់នៅ​ជាង​គេ​ក្នុង​លោក មាន​អ្វី​ពិសេស?

ក្នុងអត្ថបទមុន ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានជម្រាបជូនពីចំណាត់ថ្នាក់ដ៏អាក្រក់ នៃរាជធានីភ្នំពេញ ដែលមានចំណាត់ថ្នាក់ នៅក្រោមចំណាត់ថ្នាក់ នៃក្រុងធំៗដទៃទៀតទាំងអស់ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីខាងកើត។ ក្នុងអត្ថបទនេះ នឹងជម្រាបជូនប្រិយមិត្ត ពីលក្ខណៈសម្បត្តិ នៃក្រុងដែលគួរឲ្យចង់រស់នៅជាងគេ ដែលឆ្នាំនេះ ចំណាត់ថ្នាក់លេខ១ ត្រូវបានផ្ដល់ជូនទៅរដ្ឋធានី វីយ៉ែន នៃប្រទេសអូទ្រីស ដោយមានវីដេអូអមជាមួយផង។
ក្រុង​ដែល​គួរ​ឲ្យ​ចង់​រស់នៅ​ជាង​គេ​ក្នុង​លោក មាន​អ្វី​ពិសេស?
ទិដ្ឋភាពមួយ នៃរដ្ឋធានីវីយែន របស់ប្រទេសអូទ្រីស។ (រូបថតលើទ្វីសធើរ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៨ សីហា ២០១៨
  • កែប្រែចុងក្រោយ: August 19, 2018
  • ប្រធានបទ: បរិស្ថាន-​ជីវិត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បើតាមចំណាត់ថ្នាក់ របស់សហគ្រាសអង់គ្លេសមួយ ជំនាញ​ខាងការស្រាវជ្រាវ​សេដ្ឋកិច្ច ឈ្មោះ «The Economist Intelligence Unit (EIU)» បានផ្ដល់ចំណាក់ថ្នាក់​ទីក្រុង ឬរដ្ឋធានី ដែលបានផ្ដល់គុណភាពជីវិត ថាមានកម្រិតខ្ពស់ជាងគេបំផុត នៅលើពិភពលោក ជូនទៅរដ្ឋធានី វីយ៉ែន នៃប្រទេសអូទ្រីស។ ចំណាត់ថ្នាក់នេះ បានបំបាក់ក្រុង មែលប៊ន នៃប្រទេសអូស្ត្រាលី ដែលធ្លាប់កាន់តំណែង ជា«ជើងឯក» តាំងពី​៥ឆ្នាំ​កន្លងមក ឲ្យមកជាប់លេខ២វិញ។

សំអាងលើលក្ខណៈពិសេសអ្វីខ្លះ ដែលធ្វើឲ្យរដ្ឋធានី វីយែន ទទួលបានពិន្ទុខ្ពស់យ៉ាងនេះ?

គួរកត់សម្គាល់ថា សហគ្រាសខាងលើ បានធ្វើការសិក្សាដោយឯករាជ្យ និងជារៀងរាល់ឆ្នាំ ទៅលើគុណភាពជីវិត និងការរស់នៅ ក្នុងទីក្រុងធំៗចំនួន ១៤០ នៅជុំវិញពិភពលោក ដោយសង្កត់ធ្ងន់ទៅលើ គុណភាព​សន្តិសុខ និងសុវត្ថិភាព (ទាក់ទងនឹងឧក្រិដ្ឋកម្ម មានហនិភ័យ) - សេវាកម្មថែទាំសុខភាព និងការអប់រំ - វប្បធម៌ និងគុណភាពនៃបរិស្ថាន និងហេដ្ឋារចនាសម្ព័ន្ធ។

ហើយបើតាមរបាយការណ៍ ឆ្នាំ២០១៨ ដែលភ្ជាប់មកជាមួយ​ចំណាត់ថ្នាក់ខាងលើ បានអះអាងថា រដ្ឋធានីវីយែន មានតួលេខឧក្រិដ្ឋកម្ម និងអំពើពុករលួយ នៃការផ្ដល់សេវាកម្មសាធារណៈ ទាបជាងគេបំផុត។ រដ្ឋធានីបានផ្ដល់សេវា ក្នុងការពិគ្រោះសុខភាព ព្យាបាលជំងឺ និងការអប់រំ ទៅឲ្យបណ្ដាជនគ្រប់គ្នា។ សីតុណ្ហភាពវិញ ក៏មានភាពមនោរម្យ ខណៈសេវាសាធារណៈផ្សេងទៀត ដូចជាការដឹកជញ្ជូនជាដើម មានតម្លៃថោក និងពោរពេញដោយប្រសិទ្ធិភាព។

នៅក្នុងរដ្ឋធានី វីយែន មានលំហបៃតង និងបឹងត្រពាំងជាច្រើនកន្លែង ដែលធ្វើបណ្ដាជន អាចដកដង្ហើមបាន យ៉ាងងាយស្រួល។ ចំណីអាហារ នៃការបរិភោគទទួលទាន មានភាពសម្បូរបែប ដោយសារទីតាំងដ៏ល្អ របស់រដ្ឋធានីមួយនេះ ស្ថិតនៅរវាងពិភពលោកទាំងសងខាង (បស្ចឹមលោក និងពិភពខាងកើត)។ រីឯវិស័យសិល្បៈវប្បធម៌វិញ មិនត្រឹមតែធ្លាប់មាន ប្រវត្តិដ៏អស្ចារ្យ និងគ្រប់បែបយ៉ាងទេ តែនៅពេលបច្ចុប្បន្ន រដ្ឋធានីនៃប្រទេសអូទ្រីស គឺជាជម្រើសនាំមុខមួយ សម្រាប់សិល្បករ-សិល្បការិនី មកពីជុំវិញពិភពលោក ក្នុងការបញ្ចេញស្នាដៃរបស់ពួកគេ។

បន្ថែមពីលើចំណុច ទាំងប៉ុន្មានខាងលើ រដ្ឋធានីវីយែន មិនដែលទទួលការគម្រាមកំហែង ឬទទួលការគម្រាមតិចតួច ពីអំពើភេរវកម្ម ដែលបង្កើតឡើង ដោយបណ្ដាញភេរវនិយមអន្តរជាតិ ដូចយ៉ាងក្រុមរដ្ឋអ៊ីស្លាម (ពាក្យ​អារ៉ាប់​ហៅ Daech ពាក្យ​កាត់​​បារាំង​​ហៅ EI ​​​អង់គ្លេស​​​ហៅ ISIS) ជាដើម។ របាយការណ៍បានបញ្ជាក់ទៀតថា នៅក្នុងប្រទេសអូទ្រីស ដែលជាប្រទេសប្រជាធិបតេយ្យ​សេរី ជាពិសេសក្នុងរដ្ឋធានី ដែលជាបេះដូងរបស់ប្រទេស​នេះ សិទ្ធិពលរដ្ឋមកពីគ្រប់និន្នាការ ត្រូវបានគោរពយ៉ាងខ្ជាប់ខ្ជួន ហើយសិទ្ធិសេរីភាពសង្គម មានលក្ខណៈទូលំទូលាយណាស់។

 

គួរជម្រាបឡើងវិញដែរ ពីចំណាត់ថ្នាកលើគេទាំង១០ នៃក្រុងដែលគួរឲ្យចង់រស់នៅ សម្រាប់ឆ្នាំ២០១៨៖

១) វីយែន ប្រទេសអូទ្រីស
២) មែនប៊ន ប្រទេសអូស្ត្រាលី
៣) អូសាកា ប្រទេសជប៉ុន
៤) កាលហ្គារី ប្រទេសកាណាដា
៥) ស៊ីដនី ប្រទេសអូស្ត្រាលី
៦) វេនខូវើ ប្រទេសកាណាដា
៧) តូរ៉ុងតូ ប្រទេសកាណាដា
៨) តូក្យូ ប្រទេសជប៉ុន
៩) កូផេនអាក ប្រទេសដាណឺម៉ាក
១០) អាដេឡែក ប្រទេសអូស្ត្រាលី៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...