ជា​ការ​អភិវឌ្ឍ​បែប​«ល្ងីល្ងើ» ​ដែល​មិន​អើពើ​ពី​ប្រព័ន្ធ​បង្ហូ​ទឹក​កខ្វក់

ពលរដ្ឋរស់នៅរាជធានីភ្នំពេញ ដែលរងផល​បះពាល់ បានសំដែងការធុញទ្រាន់ នៅចំពោះបញ្ហាទឹកភ្លៀងជន់ទីក្រុង ដែលបានកើតឡើង សឹងជារៀងរាល់ ពេលភ្លៀងធ្លាក់ មកម្ដងៗ។ អ្នកជំនាញមួយរូប បានអះអាងឡើងថា ដើម្បីដោះស្រាយបញ្ហានេះបាន គេគម្បីធ្វើគម្រោង ប្រព័ន្ធរំដោះទឹកកខ្វក់ ដែលពិតប្រាកដ និងដែលមានទិសដៅ សម្រាប់រយៈពេលយូរ។
ជា​ការ​អភិវឌ្ឍ​បែប​«ល្ងីល្ងើ» ​ដែល​មិន​អើពើ​ពី​ប្រព័ន្ធ​បង្ហូ​ទឹក​កខ្វក់
ទិដ្ឋភាពទឹកភ្លៀងជន់ នៅក្នុងរាជធានី ភ្នំពេញ។ (រូបថត សហការី)
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២៦ មិថុនា ២០១៨
  • កែប្រែចុងក្រោយ: June 26, 2018
  • ប្រធានបទ: ទឹកភ្លៀងជន់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មិនមែនថា មិនធ្លាប់ឮទេ នូវការលើកឡើងដដែលៗ ដែលអះអាងថា «អ្នកថាបានតែថា អ្នកធ្វើបានដឹង» ខណៈអ្នកថា គឺពលរដ្ឋអ្នករងគ្រោះ ឬពលរដ្ឋដែលត្រូវធ្វើដំណើរ​ឆ្លងកាត់... រីឯអ្នកធ្វើ ដូចជាប្រើ​ពេលយូរពេក​ទេដឹង ក្នុងការ«ធ្វើ»? មានការលើកឡើងបន្តទៀតថា «ឥឡូវនេះទឹកភ្លៀងលិច មិនសូវយូរទេ តែមួយម៉ោងអីទេ ស្រកទៅវិញអស់...» ខណៈរយៈពេលមួយម៉ោងនេះ គ្រប់គ្រាន់នឹងធ្វើឲ្យយានយន្ដ គាំងលែង​មាន​ដំណើរការ​នៅតាមដងវិថី និងសម្ភារៈផ្ទះសម្បែង (ឬការិយាល័យ) ទទួលរងការខូចខាត។ ឬបើមិនអញ្ចឹង មានការលើកឡើងប្រៀបធៀប ទៅប្រទេសដទៃថា «មិនមែនលិចអី តែរាជធានីភ្នំពេញទេ» ហើយខ្លះទៀត បានទាំងបន្ទោស ត្រឡប់មកពលរដ្ឋមួយចំនួន ដែលចោលសម្រាម ខ្វះការពិចារណា​នោះជាដើម។

តែសំនួរខ្លះ ដែលមិនមានចម្លើយ ថាតើនៅពេលណា ខែណា ឆ្នាំណា ទើបគ្រោះទឹកភ្លៀងជន់ បានផុតរលត់ (ឬកាត់បន្ថយ) ពីរាជធានីភ្នំពេញ? ហើយថា តើពេលណា ទើប​លេសដោះសារ ទាំងប៉ុន្មានខាងលើ បានរសាត់បាត់ទៅឆ្ងាយ ដោយជំនួសមកវិញ នូវការគិតគូរ ពីភាពសុខដុមរម្យនាពិតប្រាកដ សម្រាប់ពលរដ្ឋនោះ? មន្ត្រីជាច្រើននាក់ របស់សាលារាជធានី បានបន្តបដិសេធ​មិនឆ្លើយ នឹងបញ្ហាទឹកភ្លៀងលិចទេ និងមួយចំនួនទៀត នៅតែលើកឡើងដដែលៗទៀតថា គេកំពុងតែ​«ធ្វើ»​ហើយ។

សម្រាប់អ្នកជំនាញមួយរូប បានថ្លែងឡើងថា វាទាមទារឲ្យមានគម្រោង សង់ប្រព័ន្ធរំដោះទឹកកខ្វក់ ចេញពីក្រុង​ឲ្យបានច្បាស់លាស់ និងសម្រាប់រយៈពេលវែង រាប់សិបឆ្នាំទៅមុខ ជាជាងសង់ ឬជួសជុលនៅថ្ងៃនេះ សម្រាប់តែថ្ងៃស្អែកនោះ។ ស្ថាបត្យករ និងនគរោបនីយករ លោក កែវ ដាវុឌ្ឍា បានថ្លែងដូច្នេះ នៅលើបណ្ដាញសង្គម ដោយបានយកការស្រាវជ្រាវ ពីគម្រោងសាងសង់ប្រព័ន្ធលូ នៃរដ្ឋធានី ប៉ារីស មកបញ្ជាក់ផង។

លោកថា លូទឹកនៃរដ្ឋធានី ប៉ារីស មានគម្រោងជារូបរាង ចាប់ពីឆ្នាំ ១៨៥០ បន្ទាប់ពីលោក «Georges Eugène Haussmann»​ បានឡើងធ្វើជា ស្នងការក្រុង (សម័យនោះ មានឋានៈជាអភិបាលរដ្ឋធានី) ហើយជាគម្រោង ដែលសម្រាប់អនុវត្ត នៅក្នុងរយៈពេល ២០០ឆ្នាំទៅមុខ។ អ្នកជំនាញបានសរសេរ​ថា៖ «បំពង់លូទឹកនៅទីនោះ មានទំហំអង្កត់ផ្ចិត ប៉ុនអង្កត់ផ្ចិតផ្ទះល្វែង និងកន្លែងខ្លះធំជាងនេះ ពីរទៅបីដង។ មកដល់ថ្ងៃនេះ ប្រព័ន្ធលូទឹក នៃរដ្ឋធានី​ប៉ារីស មានប្រវែងបណ្ដោយសរុប មិនតិចជាង ២៥០០​គីឡូម៉ែត្រ។ រីឯការរំដោះទឹកចុងក្រោយវិញ ស្ថិតនៅឆ្ងាយ រាប់គីឡូម៉ែត្រ ក្រៅរដ្ឋធានីប៉ារីស និងក្រៅ​ជាយ​ក្រុង។»។

ស្ថាបត្យកររូបនេះ បានថ្លែងដោយផ្ទាល់ ប្រាប់ទស្សនាវដ្ដី មនោរម្យ.អាំងហ្វូ នៅមុននេះបន្ថែមថា៖ «ដំណោះស្រាយ ចំពោះការរំដោះទឹកកខ្វក់នេះ ជាបញ្ហាសំខាន់បំផុត ព្រោះវាប៉ះពាល់ ទៅនឹងសុខភាពសង្គម រួមនឹងសេដ្ឋកិច្ចពលរដ្ឋផងដែរ។ ហើយបើគេអភិវឌ្ឍន៍ ឃើញមានការសង់អាគារខ្ពស់ៗ តែគេបែរជាមិនខ្វល់ នឹងបញ្ហាទឹកកខ្វក់ ដូច្នេះវាមិនខុសអី ទៅនឹងស្ត្រីរូបល្អមួយរូប ដែលប្រឡាក់លាមក នៅខាងក្រោយនោះឡើយ។»។

លោកថា ដំណោះស្រាយ​​ដែលអាចធ្វើទៅបាន គឺត្រូវពឹងផ្អែកលើឆន្ទះ និងសមត្ថភាពរបស់អ្នកដឹកនាំ ហើយត្រូវចែកគ្នាឲ្យដាច់ រវាងអ្នកបច្ចេកទេស និងអ្នក​នយោបាយ។ លោកបានបន្ថែមថា៖ «អ្នកបច្ចេកទេស ឬបណ្ឌិតជំនាញទាំងអស់ហ្នឹង ត្រូវធ្វើតាមតួនាទី និងមិនត្រូវយកតួនាទី ទៅលាយឡំនយោបាយ​នោះ​ឡើយ។ ហើយអ្នកនយោបាយ ក៏មិនត្រូវប្រើប្រាស់​អ្នកបច្ចេកទេស ដើម្បីបម្រើ​តាមមហិច្ឆតា របស់ខ្លួនដែរ។»។

ធ្វើដូចម្ដេច ដើម្បីដោះស្រាយបញ្ហាទឹកភ្លៀងជន់នេះបាន?

នៅលើបណ្ដាញសង្គម លោក កែវ ដាវុឌ្ឍា បានសរសេរ​ផ្ដល់ជាគំនិត​​មួយចំនួន សម្រាប់ពិចារណា និងដើម្បីបង្កាទឹកភ្លៀងជន់ ជាពិសេស​ដើម្បី​សាងសង់​លូរំដោះទឹក ឲ្យបានត្រឹមត្រូវ ដែលទស្សនាវដ្ដី សូមដកស្រង់មកជម្រាបជូន ដូចខាងក្រោម៖

- ត្រូវមើល​ពីចំនួន​ប្រជាជន ដែលអាចបង្កឥទ្ធិពល សម្រាប់ការប្រើប្រាស់ទឹក។

ជាឧទាហរណ៍ កាលពី១០ឆ្នាំមុន ចំនួនប្រជាជនមាន ១លាននាក់ ពេលនេះ ឡើង២លាននាក់ អញ្ចឹងតើ២០ឆ្នាំ ៥០ឆ្នាំ ទៅមុខទៀត ចំនួនប្រជាជនកើនប៉ុន្មាន ហើយការប្រើប្រាស់ទឹកមានប៉ុន្មាន... បូកសរុប ជាមួយនឹងកំពស់ទឹកភ្លៀង ដែលស្រោចស្រពខ្លាំងបំផុត មានប៉ុន្មាន។ គម្រោងសង់លូ ចាំបាច់ត្រូវអនុលោម តាមបរិមាណទឹកទាំងនេះ ជាជាងសាងសង់លូទឹក តាមសាមាអាជីវោ ខូចត្រង់នេះ ទៅធ្វើខាងនោះ ឬធ្វើមួយថ្ងៃ ដើម្បីថ្ងៃ​ស្អែកនោះ។

- ត្រូវគិត ពីការរំដោះទឹកចុងក្រោយ និងការរំដោះទឹក ជាបណ្ដោះអាសន្ន។

ការរំដោះទឹកចុងក្រោយ អាចជាការបង្ហូ​ចូល​ស្ទឹង ឬទន្លេ ដែលត្រូវទទួលទឹកលូពីក្នុងក្រុង បន្ទាប់ពីទឹកលូនោះ មានការច្រោះរួចរាល់ ឲ្យក្លាយជាទឹកស្អាត (បង្កាផ្នែកបរិស្ថាន)។ រីឯអាងរំដោះទឹកបណ្ដោះអាសន្ន ចាំបាច់ត្រូវមាន នៅក្នុងក្រុង ជាពិសេស នៅក្នុងតំបន់ ដែលឧស្សាហ៍រងគ្រោះបំផុត។ គេមិនអាចលប់​ចោល នូវ​អាងរំដោះទឹក ជាបណ្ដោះអាសន្នទាំងនោះ ក្រោមហេតុផលអភិវឌ្ឍន៍ ហើយបែរជាទុកឲ្យក្រុងលិចលង់ ព្រោះទឹកភ្លៀងនោះទេ។ បើ​លប់​អាង​មួយចេញ គម្បីត្រូវបង្កើតអាងមួយទៀត នៅក្បែរនោះ។ ការអភិវឌ្ឍ​ដែលមិនអើពើ ពីប្រព័ន្ធបង្ហូទឹកកខ្វក់ ជាការអភិវឌ្ឍ​បែប«ល្ងីល្ងើ»។

- ប្រព័ន្ធលូ ដើម្បីទទួលទឹកភ្លៀង ត្រូវមានប្រព័ន្ធច្រោះសម្រាម យ៉ាងហោច ក៏ពីរដំណាក់កាលដែរ និងច្រើនដំណាក់កាល នៅតាមបំពង់លូ ដើម្បីបង្កាការហូរសម្រាមធំៗ ចូលទៅក្នុងលូ បង្កការស្ទះនៅក្នុងបំពង់លូ។ នៅពេលភ្លៀង រដ្ឋគម្បីត្រូវចល័តមន្ត្រី ឲ្យដើរពិនិត្យមើលប្រព័ន្ធលូទាំងនោះ និងកាយយកសម្រាមចេញ (មិនមែនចល័ត ដើម្បីថតរូប យកមកផ្សាយម្ដងម្កាល​ទេ)។ មន្ត្រីទាំងនោះ ក៏គួរមានតួនាទី ធ្វើការពិន័យ ទៅលើពលរដ្ឋណា ដែលឆ្លៀតឱកាស យកសម្រាមចោលជាសាធារណៈ នៅពេលភ្លៀងដែរ។

- បង្កើតតំបន់បៃតង់ នៅក្នុងក្រុងឲ្យបានច្រើន។ តំបន់បៃតងនោះ គឺជាឧទ្យានធំៗ មានស្មៅ មានដើមឈើ ដែលត្រូវបង្កើតឡើង នៅគ្រប់សង្កាត់ (ជាជាងប្រមូលយកដី ដែលទំនេរ ទៅលក់ ដើម្បីសង់អាគារ)។ ដើមឈើធំៗ ឬយ៉ាងហោចណាស់ វាលស្មៅ អាចជួយទប់ និងស្រូបទឹកភ្លៀង កុំឲ្យហូរលឿនជ្រុល ចាក់ចូលទៅថ្នល់ ឬទៅកាន់តំបន់ផ្ទះពលរដ្ឋ

 
Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...