បាល់ទាត់​ពិភពលោក៖ អាល្លឺម៉ង់ បន្ត​ជីវិត​បន្ទាប់​ពី​យក​ឈ្នះ ស៊ុយអែដ

នៅចប់ពាក់កណ្ដាលម៉ោងដំបូង បណ្ដាអ្នកស្នេហាកីឡាទាំងឡាយ បានគិតរួចជាស្រេច ថាក្រុមជម្រើសជាតិអាល្លឺម៉ង់ ចប់ហើយ ព្រោះត្រូវក្រុម ស៊ុយអែដ នាំមុខមួយគ្រាប់មុន។ តែក្នុងពាក់កណ្ដាលម៉ោងទីពីរ ម្ចាស់ពានពិភពលោក ឆ្នាំ២០១៤ ដែលត្រូវបានកាត់បន្ថយ មកនៅត្រឹម១០នាក់ បានវាយសម្រុក​រហូតដល់វិនាទីចុងក្រោយ និងបានយកឈ្នះក្រុម ស៊ុយអែដ វិញ ក្នុងគ្រាប់បាល់ ២-១។
បាល់ទាត់​ពិភពលោក៖ អាល្លឺម៉ង់ បន្ត​ជីវិត​បន្ទាប់​ពី​យក​ឈ្នះ ស៊ុយអែដ
ក្រុមជម្រើសជាតិ អាល្លឺម៉ង់ ផ្ទុះក្ដីអំណរ បន្ទាប់ពីបានយកឈ្នះ លើក្រុម ស៊ុយអែដ ចេញពីការប្រកួតដ៏តឹងតែងមួយ។ (រូបថត Fifa)
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២៣ មិថុនា ២០១៨
  • កែប្រែចុងក្រោយ: June 23, 2018
  • ប្រធានបទ: បាល់ទាត់​ពិភពលោក
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អាល្លឺម៉ង់ ម្ចាស់ពានពិភពលោក ឆ្នាំ២០១៤ នៅបន្តជីវិតនៅក្នុងបាល់ទាត់ពិភពលោក ឆ្នាំ២០១៨នេះ បន្ទាប់ពីបានយកជ័យជំនះ ២-១ នៅនាទីចុងក្រោយបំផុត នៃការប្រកួតជុំទី២ ជាមួយនឹងក្រុម ស៊ុយអែដ។ ប៉ុន្តែនៅពាក់កណ្ដាលម៉ោងដំបូង ក្រុមអាល្លឺម៉ង់ និងអ្នកគាំទ្ររបស់ខ្លួន បានរងការភ័យភិតមិនស្ទើទេ ដោយសារគ្រាប់បាល់មួយគ្រាប់ របស់ក្រុម ស៊ុយអែដ នៅនាទីទី ៣២ ដោយកីឡាករ «Ola TOIVONEN» និងជាពិសេស ក្រុម អាល្លឺម៉ង់ ត្រូវឆ្លងកាត់ខ្សែការពារ ដ៏ខ្លាំងក្លារបស់ក្រុម ស៊ុយអែដ។

នៅពេលត្រឡប់ មកក្នុងពាក់កណ្ដាលទីពីរ ក្រុម អាល្លឺម៉ង់ បានផ្លាស់ប្ដូរកីឡាករ និងក្រឡាទាត់ ដែលបានបង្ហាញ ពីកម្លាំងបាល់ខ្លាំងជាងមុន និងរកគ្រាប់បាល់ស្មើ​បានភ្លាម នៅនាទីទី៤៨ ពោលគឺបន្ទាប់ ពីចាប់ផ្ដើម​ប្រកួតឡើងវិញ ទើបតែបាន៣នាទីប៉ុណ្ណោះ។ គ្រាប់បាល់នេះ រកបានដោយកីឡាករ «Ola TOIVONEN»។ ការវាយសម្រុកអាល្លឺម៉ង់ នៅតែបន្តធ្វើទៅមុខ ខណៈក្រុម ស៊ុយអែដ បានខិតខំទប់ទល់យ៉ាងខ្លាំងក្លា ដោយចុះមករៀបចំខ្សែការពារបីជាន់ ពីសំណាក់កីឡាករសឹងតែទាំងអស់។

នៅនាទីទី ៨២ ក្រុម អាល្លឺម៉ង់ បានបន្ថយសមាជិកមកនៅត្រឹមតែ ១០នាក់ តែហាក់មិនបានប៉ះពាល់ ទៅដល់កម្លាំងបាល់ របស់ក្រុមម្ចាស់ពាន ឆ្នាំ២០១៤មួយនេះឡើយ។ ផ្ទុយទៅវិញ ក្រុមយក្សខាងបាល់ទាត់មួយនេះ រកបានឱកាសជាច្រើន ដូចជានៅនាទីទី ៨៨ (អ្នកចាំទីស៊ុយអែដ បានទះចេញទាន់) និងនៅនាទីទី ៩០+២ (បានប៉ះ នឹងបង្គោលទីស៊ុយអែដ)។ តែឱកាសចុងក្រោយមួយ គឺបាល់ពិន័យពីខាងឆ្វេង នៅនាទីទី ៩០+៥ បានក្លាយជាគ្រាប់បាល់ ទាត់ដោយកីឡាករ តូនី គ្រូស (Toni Kroos) ផ្ដល់ជ័យជំនះ ២-១ ទៅឲ្យក្រុមខ្លួន នៅនាទីចុងក្រោយ។

» វីដេអូសង្ខេប នៃការប្រកួតរវាងក្រុម អាល្លឺម៉ង់ និងក្រុម ស៊ុយអែដ៖

ជ័យជំនះរបស់ក្រុម អាល្លឺម៉ង បានផ្ដល់៣ពិន្ទុដំបូង ឲ្យទៅម្ចាស់ពានឆ្នាំ២០១៤ ឲ្យឡើងមកនៅចំណាត់ថ្នាក់លេខពីរ ក្នុងពូល F ក្រោមក្រុម ម៉ិចសិក (៦ពិន្ទុ) ដែលបានប្រកួតឈ្នះក្រុម កូរ៉េខាងត្បូង ក្នុងថ្ងៃនេះ កាលពីប៉ុន្មានម៉ោងមុន។ សម្រាប់ក្រុម ស៊ុយអែដ វិញ ចុះមកឈរនៅលេខរៀងទី៣ ជាមួយនឹង៣ពិន្ទុដដែល ដែលខ្លួនរកបាន បន្ទាប់ពីប្រកួតឈ្នះ ក្រុម កូរ៉េខាងត្បូង កាលពីការប្រកួតជុំដំបូង។

ដូច្នេះ ការប្រកួតជុំចុងក្រោយ នៅថ្ងៃពុធ សប្ដាហ៍ខាងមុខ ជាការប្រកួតយកស្លាប់រស់ សម្រាប់ក្រុមទាំងបួន។ ក្រុម ម៉ិចស៊ិក ត្រូវប្រកួតយ៉ាងហោច មានលទ្ធផលស្មើ  ខណៈក្រុមបីទៀត ចាំបាច់ត្រូវតែយក​ឈ្នះរៀងៗខ្លួន និងរកគ្រាប់បាល់ឲ្យច្រើនបំផុត ដើម្បីមានសង្ឃឹម ឡើងទៅវគ្គ ១ភាគ៨ ផ្ដាច់ព្រ័ត្របាន។ ការប្រកួតទាំងពីរ ក្នុងជុំចុងក្រោយនោះ គឺ៖ កូរ៉េខាងត្បូង ទល់នឹង អាល្លឺម៉ង់ និង ស៊ុយអែដ ទល់នឹង ម៉ិចសិក។

សម្រាប់ក្រុម កូរ៉េខាងត្បូង ដែលគ្មានពិន្ទុសោះ និងឈរនៅក្រោមគេបង្អស់ នៃពូល F អាចនឹងមានសង្ឃឹម ឆ្លងវគ្គ ប្រសិនជាក្រុមបាល់ទាត់មួយនេះ ប្រកួតឈ្នះក្រុម អាល្លឺម៉ង់ បានគ្រាប់បាល់ច្រើន ហើយក្រុម ម៉ិចសិក ត្រូវប្រកួតឈ្នះក្រុម ស៊ុយអែដ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...