សុំទោស បន្ទាប់​ពី​«ថើបថ្ពាល់​និង​ស្ទាប​សុដន់»​អ្នក​កាសែត

បុរសជាតិរូស្ស៊ីម្នាក់ ដែលរងការចោទប្រកាន់ ពី«បៀតបៀនផ្លូវភេទ» ទៅលើស្ត្រី​អ្នកសារព័ត៌មានមួយរូបនោះ បានធ្វើការសុំអភ័យទោស នៅចំពោះកំហុសនេះ។ រឿងរ៉ាវនេះ បានរីករាយដាលឡើងខ្លាំង បន្ទាប់ពីវីដេអូ នៃបទល្មើសជាក់ស្ដែងនោះ ត្រូវបានបង្ហោះ និងចែករំលែក នៅពាសពេញបណ្ដាញសង្គម។
សុំទោស បន្ទាប់​ពី​«ថើបថ្ពាល់​និង​ស្ទាប​សុដន់»​អ្នក​កាសែត
បុរសជាតិរូស្ស៊ី បានពន្លេចខ្លួនឡើង នៅខណៈស្ត្រីអ្នកសារព័ត៌មាន កំពុងផ្សាយផ្ទាល់ ហើយបានថើបថ្ពាល់ និងដាក់ដៃក្ដោប លើសុដន់របស់នាង។ (រូបថតផ្តិតពីវីដេអូ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២៣ មិថុនា ២០១៨
  • កែប្រែចុងក្រោយ: June 24, 2018
  • ប្រធានបទ: ហួសចិត្ត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅខណៈ នាងកញ្ញា «Julieth Gonzalez Theran» មានដើមកំណើត កូឡំប៊ី កំពុងផ្សាយបន្តផ្ទាល់ សម្រាប់បណ្ដាញ​ទូរទស្សន៍​សាធារណៈមួយ របស់ប្រទេសអាល្លឺម៉ង់ ឈ្មោះ «Deutsche Welle» ស្រាប់តែបុរសម្នាក់ បានបង្ហាញខ្លួន ដោយស្ទុះមកថើប ស្ត្រីអ្នកសារព័ត៌មាន។ ហេតុការណ៍បានកើតឡើង ក្នុងថ្ងៃពុធកន្លងមក ចេញពីក្រុង «Saransk» ទីកន្លែងដែលកាលពីមួយថ្ងៃមុន មានការប្រកួត រវាងក្រុម កូឡំប៊ី និងក្រុម ជប៉ុន នៃបាល់ទាត់ពិភពលោក ក្នុងប្រទេសរ៉ូស្ស៊ី។

ត្រឹមតែថើប ដែលគ្មានការយល់ព្រម ពីនរណាម្នាក់នោះ អាចចាត់ទុកថា ជាអំពើបំពានមួយហើយ តែនេះ បុរសនៅប្រើដៃឆ្វេង​របស់ខ្លួន មកក្ដោបសុដន់ របស់ស្ត្រីអ្នកសារព័ត៌មាន​ថែមទៀត នៅពេលចាប់ថើបនោះ។

វីដេអូពីសកម្មភាពនោះ ត្រូវបានបណ្ដាញទូរទស្ស៍ និងស្ត្រីម្ចាស់ខ្លួន យកមកបង្ហោះ នៅលើបណ្ដាញសង្គម បណ្ដាឲ្យមានការចែករំលែក និងប្រតិកម្ម យ៉ាងខ្លាំងក្លា។ នៅ​ចំពោះ ការរីករាលដាលនោះ បុរសខាងលើបានទាក់ទង មកកាន់បណ្ដាញទូរទស្សន៍ ដើម្បីធ្វើការសុំទោស និងសុំទោស កញ្ញា «Julieth Gonzalez Theran» ដោយផ្ទាល់ តាមប្រព័ន្ធ «Skype»។ បុរសបានអះអាងថា នោះគ្រាន់ជាការ«លេងសើច» និងដោយសារ មានការ«ភ្នាល់»មួយ ជាមួយមិត្តភ័ក្រ។

បុរសដែលមិនប្រាប់ឈ្មោះរូបនេះ បានថ្លែងថា៖ «មានប្រតិកម្មច្រើនណាស់ ជុំវិញ"ការភ័ន្ដច្រឡំ" និង"ការលេងសើច" ដ៏គួរឲ្យសោកស្ដាយនេះ។ វាជាការថើបថ្ពាល់មួយ ដែលប្រែក្លាយ​ជាការបំពាន ផ្នែកផ្លូវភេទ។»។

បុរសបន្តថា៖ «ខ្ញុំសុំការអភ័យទោស ដោយសុទ្ធចិត្ត ជាទីបំផុត។ ខ្ញុំបានប្រព្រឹត្តិទង្វើមួយ ដែលខ្ញុំមិនបានត្រិះរិះ ហើយខ្ញុំមិនបានគិតថា រឿងនេះវាពុះកញ្ជ្រោលខ្លាំង នៅក្នុងប្រទេសអ្នកឯង និងធ្វើឲ្យអ្នកឯងផ្ទុះកំហឹង ដូច្នេះឡើយ។»។

នាង «Julieth Gonzalez Theran» បានថ្លែងតបវិញថា៖ «អ្វីដែលបានកើតឡើងនោះ មិនអាចទទួលយកបាន និងជាការម៉ាក់ងាយ តែ (...) ខ្ញុំសុខចិត្ត​ទទួលយក ការសុំទោស របស់អ្នកឯង»។

អ្នកស្រី «Ines Pohl» នាយិកានិពន្ធរបស់ទូរទស្សន៍អាល្លឺម៉ង់ខាងលើ បានចាត់ទុកទង្វើនេះ ជាការបំពានផ្លូវភេទ។ អ្នកស្រីថ្លែងឡើងថា៖ «ការបំពារបំពានបែបនេះ មិនអាចទទួលយក បានទេ។ យើងទាំងអស់គ្នា ត្រូវតែប្តេជ្ញាចិត្ត ដើម្បីឱ្យអ្នកកាសែតជាស្ត្រី អាចធ្វើការងាររបស់ពួកគេបាន ក្នុងកំឡុងពេល នៃព្រឹត្តិការណ៍កីឡាធំ ៗ។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...