បាល់ទាត់​ពិភពលោក៖ អេស្ប៉ាញ​យក​ឈ្នះ​អៀរ៉ង់ ទាំង​វេទនា

នៅចំពោះក្រុម អៀរ៉ង់ ដែលចុះមកការពារ សឹងតែណែនណាំ នៅខាងមុខទីរបស់ខ្លួននោះ ក្រុមជម្រើសជាតិអេស្ប៉ាញ បានធ្វើការវាយសម្រុក ម្ដងហើយម្ដងទៀត និងបានឈ្នះ ក្នុងគ្រាប់បាល់ ១-០ ដែលមិនមែនជាគ្រាប់បាល់ពិតប្រាកដ។ ក្នុងពូល B នៅមិនទាន់មានក្រុមណាមួយ ច្បាស់ក្នុងការឆ្លងវគ្គនៅឡើយ បើទោះជាក្រុម ម៉ារ៉ុក មួយ ត្រូវបានជម្រុះចេញ ពីព្រឹត្តិការណ៍ពិភពលោក​ក៏ដោយ។
បាល់ទាត់​ពិភពលោក៖ អេស្ប៉ាញ​យក​ឈ្នះ​អៀរ៉ង់ ទាំង​វេទនា
កីឡាករ ឌីយ៉េហ្គូ កូស្ដា ផ្ទុះក្ដីអំណរឡើង បន្ទាប់ពីររកគ្រាប់បាល់បាន ដោយចៃដន្យរួច។ (រូបថត Fifa)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២០ មិថុនា ២០១៨
  • កែប្រែចុងក្រោយ: June 21, 2018
  • ប្រធានបទ: បាល់ទាត់​ពិភពលោក
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

យើងធ្លាប់ឃើញ ក្រុមជម្រើសជាតិអេស្ប៉ាញ ប្រើបច្ចេកទេសទាត់បាល់ ដើម្បីបង្វិលគូប្រកួតឲ្យវង្វេង... តែលើកនេះ ក្រុម អេស្ប៉ាញ មិនបានធ្វើឲ្យក្រុម អៀរ៉ង់ បាត់ម្ចាស់ការនៅក្នុងការប្រកួតនោះឡើយ។ ក្រុមកីឡាករទាំងមូល របស់ក្រុមបាល់ទាត់ នៃប្រទេសក្នុងទ្វីបអាស៊ីខាងលិច​មួយនេះ បានរួមបញ្ចូលគ្នា សឹងតែក្លាយជាជញ្ជាំងដ៏រឹងមាំមួយ សម្រាប់បាំងរវាងក្រុម អេស្ប៉ាញ និងទីរបស់ផងខ្លួន។

ផ្ទុយទៅវិញ នៅរាល់ការវាយលុកម្ដងៗ របស់ក្រុម អៀរ៉ង់ នៅបន្ទាប់ពីពួកគេដណ្ដើមបាល់បាននោះ ក្រុមនេះបានធ្វើឲ្យខ្សែការពារអេស្ប៉ាញ ខ្វល់ខ្វាយមិនស្ទើទេ។ វានៅខ្វះតែបន្តិចទេ... គឺប្រសិទ្ធិភាពនៃការទាត់បញ្ចូលទី ពីសំណាក់ខ្សែប្រយុទ្ធ របស់ក្រុម អៀរ៉ង់។

បាល់មួយគ្រាប់របស់ក្រុម អេស្ប៉ាញ នៅនាទីទី៥៤ ជារបស់កីឡាករ ឌីយ៉េហ្គូ កូស្ដារ (Diego Costa) មែន តែវាមិនមែនជាគ្រាប់បាល់ពិតប្រាកដ ដែលកីឡាករខ្លួនឯង បានទាត់បញ្ចូលទីនោះឡើយ។ វាជាគ្រាប់បាល់ ដោយចៃដន្យ ដែលកើតឡើង ដោយសារការទាត់ចេញ របស់ខ្សែការពារអៀរ៉ង់ តែបែរជាទៅប៉ះជើង របស់កីឡាករ កូស្ដារ ធ្វើឲ្យបាល់មូលដ៏អកុសល បានរត់ទៅជ្រកក្នុងសំណាញ់ទី ក្រុម អៀរ៉ង់ ទៅហោង។

យ៉ាងណា វាជាជ័យជំនះរបស់ក្រុម អេស្ប៉ាញ ដែលបានផ្ដល់៣ពិន្ទុ ទៅឲ្យក្រុមនេះ ដើម្បីឡើងទៅឈរទន្ទឹម នឹងក្រុម ព័រទុយហ្គាល់ (ដែលមាន៤ពិន្ទុសរុប) នៅក្នុងពូល B ខណៈក្រុម អៀរ៉ង់ មាន៣ពិន្ទុ ដែលរកបានពីជ័យជំនះ ក្នុងការប្រកួតជុំដំបូង ទល់នឹងក្រុម ម៉ារ៉ុក។ នៅក្នុងពូលមួយនេះ មិនទាន់មានក្រុមណាមួយ ទទួលសំបុត្រជាផ្លូវការ ក្នុងការឡើងវគ្គ ទៅកាន់វគ្គ១ភាគ៨ផ្ដាច់ព្រ័ត្រនៅឡើយ បើទោះជាក្រុម ម៉ារ៉ុក មួយ ត្រូវបានជម្រុះចេញ ជាស្ថាពរ ពីព្រឹត្តិការណ៍​ពិភពលោក​ហើយក៏ដោយ។

» វីដេអូសង្ខេប នៃការប្រកួតរវាងក្រុម អេស្ប៉ាញ និងក្រុម អៀរ៉ង់៖

នៅថ្ងៃច័ន្ទខាងមុខនេះ វាសនារបស់ក្រុមទាំងបី នឹងត្រូវស៊ីសងគ្នា។ ក្រុម អេស្ប៉ាញ ប្រកួតទល់នឹងក្រុម ម៉ារ៉ុក ខណៈក្រុម អៀរ៉ង់ ប្រកួតទល់នឹងក្រុម ព័រទុយហ្គាល់។ ក្រុម អៀរ៉ង់ នឹងបានឆ្លងវគ្គ បើប្រកួតឈ្នះក្រុម ព័រទុយហ្គាល់។ ឬបើសូម្បីប្រកួតបានស្មើ ក៏ក្រុម អៀរ៉ង់ នៅតែបានឡើងវគ្គដែរ ក្នុងករណីដែលក្រុម ម៉ារ៉ុក ប្រកួតឈ្នះក្រុម អេស្ប៉ាញ។ ករណីចុងក្រោយនេះ នឹងធ្វើឲ្យក្រុម ម៉ារ៉ុក និងក្រុម អេស្ប៉ាញ ទាំងពីរក្រុម ត្រូវវេចសម្ពាយដូចគ្នា ត្រឡប់ទៅផ្ទះវិញមុនគេ៕ 

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...