បាល់ទាត់ពិភពលោក៖ ជប៉ុន​សងសឹក​កូឡំប៊ី​ ដែល​បំបាក់​ខ្លួន​ក្នុង​ឆ្នាំ​២០១៤

បន្ទាប់ពីត្រូវអាជ្ញាកណ្ដាល បណ្ដេញកីឡាករម្នាក់ចេញរួច ក្រុមកូឡំប៊ី ដែលនៅសល់តែ១០នាក់ ត្រូវបានក្រុម ជប៉ុន សង្កត់ជាប់ និងយកឈ្នះ ក្នុងចំនួនគ្រាប់បាល់ ២ទល់នឹង១។
បាល់ទាត់ពិភពលោក៖ ជប៉ុន​សងសឹក​កូឡំប៊ី​ ដែល​បំបាក់​ខ្លួន​ក្នុង​ឆ្នាំ​២០១៤
កីឡាករក្រុមជម្រើសជាតិ ជប៉ុន អបអរគ្រាប់បាល់របស់ខ្លួន។ (រូបថត Fifa)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៩ មិថុនា ២០១៨
  • កែប្រែចុងក្រោយ: June 19, 2018
  • ប្រធានបទ: បាល់ទាត់​ពិភពលោក
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អាចចាត់ទុកថា នេះជាលើកទីមួយ នៅក្នុងប្រវត្តិសាស្ត្របាល់ទាត់ ដែលក្រុមជម្រើសជាតិ ជប៉ុន បានបំបាក់ក្រុមបាល់ទាត់ មកពីប្រទេសមួយ ក្នុងទ្វីបអាមេរិកខាងត្បូង ដែលសុទ្ធសឹងជាប្រទេស ដែលសម្បូរដោយ​កីឡាករដ៏ចំណានៗ។ មិនត្រឹមតែជាក្រុមបាល់ទាត់ ដូចគេឯងនោះទេ តែក្រុមជម្រើសជាតិ កូឡំប៊ី ធ្លាប់ឡើងដល់ វគ្គ១ភាគ៤ផ្ដាច់ព្រ័ត្រ នៅក្នុងការប្រកួតបាល់ទាត់​ពិភពលោក ក្នុងប្រទេសប្រេស៊ីល កាលពីឆ្នាំ២០១៤ និងបានជម្រុះក្រុម ជប៉ុន នៅពេលនោះ ដោយគ្រាប់បាល់ ៤ទល់នឹង១។

តែត្រូវនិយាយថា ជប៉ុន បានធ្វើការសងសឹក​វិញ នៅក្នុងបាល់ទាត់ពិភពលោក ឆ្នាំនេះ។ ការវាយលុកភ្លាមៗ របស់ក្រុមបាល់ទាត់ ជប៉ុន នៅប៉ុន្មាននាទីដំបូង បានពញ៉ាក់ខ្សែការពារ របស់ក្រុម កូឡំប៊ី ឲ្យប្រព្រឹត្តិកំហុស ដ៏ធំមួយ នោះគឺកីឡាករ «Carlos Sanchez» យកដៃទៅទះបាល់ នៅក្នុងតំបន់គ្រោះថ្នាក់ ខាងមុខទីរបស់ខ្លួន បណ្ដាលឲ្យអាជ្ញាកណ្ដាលដកកាតក្រហម បណ្ដេញកីឡាករ «Carlos Sanchez» ចេញពីការប្រកួត និងអនុញ្ញាតឲ្យក្រុមជប៉ុន ទាត់បាល់ពិន័យ១១ម៉ែត្រ បានមួយគ្រាប់ (០-១) ដោយកីឡាករ «Shinji Kagawa» នៅនាទីទី៦។

ទោះជាត្រូវកាត់បន្ថយសមាជិក មកត្រឹមតែ១០នាក់ក៏ដោយ ក៏ក្រុមកូឡំប៊ី បានស្ទុះស្ទារទប់រាល់ការវាយប្រយុទ្ធ របស់ក្រុមជប៉ុន និងរកឱកាសដើម្បីវាយបកបានមួយចំនួន រហូតទទួលបាន ការទាត់បាល់ពិន័យពីចំងាយ បានស្មើមួយគ្រាប់វិញ (១១) នៅ​នាទីទី៣៩ នៅមុនបញ្ចប់ពាក់កណ្ដាលម៉ោងដំបូង។

ប៉ុន្តែ នៅពេលត្រឡប់ចូល មកពាក់កណ្ដាលម៉ោងទីពីរ ចំនួនកីឡាករ តែ១០នាក់ មិនគ្រប់គ្រាន់ និងមិនមានកម្លាំងស្មើ នឹងក្រុមជប់ុន ដែលមានកម្លាំង១១នាក់ ពេញនោះឡើយ។ ក្រុម កូឡំប៊ី នៅតែរងការវាយសន្ធាប់ រហូតលុះត្រាកីឡាករជប៉ុន «Osako» ប្រើក្បាលរបស់ខ្លួន រុញបាល់មួយគ្រាប់ទៀត បញ្ចូលទីកូឡំប៊ី នៅនាទីទី ៧៣។ ក្រុមកូឡំប៊ី បានព្យាយាមធ្វើប្រតិកម្ម ជាពិសេសបានប្ដូរកីឡាករ «James Rodriguez» ឲ្យចូលលេង... ប៉ុន្តែនៅតែមិនអាច រកគ្រាប់បាល់មកវិញបាន។

» វីដេអូសង្ខេប នៃការប្រកួតរវាងក្រុម កូឡំប៊ី និងក្រុម ជប៉ុន៖

ជ័យជំនះរបស់ក្រុម ជប៉ុន បានផ្ដល់៣ពិន្ទុ ឲ្យក្រុមនេះ ឡើងមកឈរលើគេ នៅក្នុងពូល H ជាបណ្ដោះអាសន្ន។ គេត្រូវរង់ចាំលទ្ធផល ចេញពីការប្រកួត រវាងក្រុមពីរទៀត (ប៉ូឡូញ និង សេណេហ្គាល់) ដែលនឹងត្រូវប្រកួតគ្នា នៅប៉ុន្មានម៉ោងខាងមុខ ដើម្បីដឹងពីចំណាត់ថ្នាក់ ក្នុងជុំទីមួយ នៃវគ្គជម្រុះក្នុងពូល៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...