ហ៊ុន សែន អះអាងថា​បាន​ស្រក់​ទឹកភ្នែក​រាប់​សែន​ដំណក់ មុន​ចេញ​ទៅ​យួន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទើបនឹងអះអាងដោយខ្លួនលោក ថាលោកបានបង្ហូរទឹកភ្នែក រាប់សែនដំណក់ នៅពេលដែលលោកចាកចេញ ពីជួរកម្មាភិបាលខ្មែរក្រហម ក្នុងឆ្នាំ១៩៧៧ ដើម្បីទៅសុំវៀតណាម ឲ្យចូលមក «រំដោះ» ប្រជាជនកម្ពុជា នៅជាងមួយឆ្នាំក្រោយមក។
ហ៊ុន សែន អះអាងថា​បាន​ស្រក់​ទឹកភ្នែក​រាប់​សែន​ដំណក់ មុន​ចេញ​ទៅ​យួន
លោក ហ៊ុន សែន និងភរិយា សំដែងការយំសោក នៅក្នុងពិធីឧទ្ទិស ដល់ជនរងគ្រោះ ដែលបានស្លាប់ ក្នុងព្រឹត្តិការណ៍រត់ជាន់គ្នា នៅលើស្ពានកោះពេជ្រ កាលពីខែវិច្ឆិកា ឆ្នាំ២០១០។ (រូបថត AP)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១៩ មិថុនា ២០១៨
  • កែប្រែចុងក្រោយ: June 19, 2018
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បើលោកមិនបានអះអាង ដោយខ្លួនលោកទេ ប្រហែលគ្មាននរណាបានគិត ពីមុនមកថា លោក ហ៊ុន សែន ជាមេដឹកនាំ ដែលពូកែយំ រហូតដល់ស្រក់ទឹកភ្នែក រាប់សែនដំណក់នោះទេ។ តែនេះ គឺលោកនាយករដ្ឋមន្ត្រី បានអះអាងដោយខ្លួនលោកផ្ទាល់ អំពីការស្រក់ទឹកភ្នែក រាប់សែនដំណក់នេះ នៅថ្ងៃនេះ ពោលគឺមួយថ្ងៃ មុនថ្ងៃខួប​ទី៤១ឆ្នាំ នៃការចាកចេញ ក្នុងខែមិថុនា ឆ្នាំ១៩៧៧ ទៅសុំឲ្យវៀតណាម លើកទ័ពចូល«រំដោះ» ប្រជាជនកម្ពុជា។

នៅលើបណ្ដាញសង្គម លោក ហ៊ុន សែន បានសរសេរនៅមុននេះបន្តិច ឲ្យដឹងថា៖ «នៅសល់១ថ្ងៃទៀត នឹងដល់ខួបលើកទី៤១ឆ្នាំ នៃថ្ងៃដែល​ខ្ញុំសម្រេចចិត្តដោយការឈឺចាប់ យកជីវិតធ្វើដើមទុន ដើម្បីតស៊ូរំដោះប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត»។

បន្ទាប់មក លោកបានសរសេរបន្តថា៖ «ទោះបីពេលនេះ ខ្លួនខ្ញុំ និងប្រជាជនកម្ពុជា កំពុងទទួលបាននូវសេចក្តីសុខ តែខ្ញុំមិនដែលភ្លេច នូវទឹកភ្នែករាប់មុឺន រាប់សែនដំណក់ នៅពេលដែលខ្ញុំឈានជើង ចេញពីមាតុភូមិចោលប្រជាជនកម្ពុជា ដែលកំពុងរងគ្រោះ ពិសេសចាកចេញចោល ភរិយាដ៏កំសត់ ដែលកំពុងមានផ្ទៃពោះ»។

នាយករដ្ឋមន្ត្រី​បី​ទសវត្សរ៍​ជាង របស់កម្ពុជា បានរៀបរាប់ថា៖ «ខ្ញុំអត់មានជម្រើស ឲ្យល្អជាងនេះទេ ព្រោះយើងមិនអាចសុំការអាណិត ពីពួក ប៉ុល ពត បានឡើយ។ ជម្រើសប្រកបដោយគ្រោះថ្នាក់ និងទឹកភ្នែកនោះហើយ ដែលនាំមកនូវសេចក្តីសុខ និងការរីកចម្រើន រហូតសព្វថ្ងៃនេះ។»។

បើតាមពិនិត្យមើល ក្នុងពេលកន្លងមក មិនមែនលោក ហ៊ុន សែន មិនដែលយំជាសាធារណៈ ឲ្យគេឯងបានឃើញនោះទេ។ ជាក់ស្ដែង លោកធ្លាប់យំ​ខ្សឺតខ្សត​យ៉ាងខ្លាំង ជាមួយនឹងភរិយា​របស់លោក (រូបថតខាងលើ) នៅក្នុងពិធីសាសនា បញ្ជូនកុសលជូន​ទៅជនរងគ្រោះ ក្នុងព្រឹត្តិការណ៍រត់ជាន់គ្នា នៅកោះពេជ្រ កាលពីចុងឆ្នាំ២០១០ ហើយនៅពេលនោះ ទូរទស្សន៍ជាច្រើនប៉ុស្ដិ៍ បានថតពីការយំសោករបស់លោក យកទៅចាក់ផ្សាយបន្ត នៅពាសពេញផ្ទៃប្រទេស។

ប៉ុន្តែ បើនិយាយថា លោកបានបង្ហូរទឹកភ្នែក ដល់ទៅរាប់សែនដំណក់ នោះជារឿងរ៉ាវដ៏ប្លែកមួយ ដែលគេមិនដែលបានឮ ពីមុនមកទេ ជាពិសេស នៅចំពោះចម្រៀងដដែលៗ ដែលលោកតែងយកមកច្រៀង ជារៀងរាល់ឆ្នាំ ទាក់ទងនឹងការចាកចេញ ពីជួរកម្មាភិបាលខ្មែរក្រហម ឆ្លងព្រំដែន ចូលទៅប្រទេសវៀតណាម ដែលសម្រាប់រូបលោក វាជាបេសកកម្ម​ទៅសុំវៀតណាម ឲ្យមកជួយរំដោះ​ប្រជាជនកម្ពុជា ពីរបបវាលពិឃាត។

ផ្ទុយទៅវិញ សម្រាប់អ្នកស្រាវជា្រវឯករាជ្យ បានពន្យល់ពីហេតុការណ៍ខាងលើថា គឺលោក ហ៊ុន សែន ខ្លួនឯងបានគេចខ្លួន ចេញពីប្រតិបត្តិការចម្រោះរបស់ ប៉ុលពត ដែលចង់កម្ចាត់ចោល នូវជនក្បត់បដិវត្តន៍ មុននឹងលោក ហ៊ុន សែន បានភៀសខ្លួន ចូលប្រទេសវៀតណាម និងក្រោយមក បានភ្ជាប់ខ្លួន ទៅនឹងនយោបាយឈ្លានពាន របស់ប្រទេសវៀតណាម ដែលបានគ្រោងទុក តាំងពីច្រើនខែមុន​រួចហើយ ដើម្បីវាយលុក ចូលក្នុងប្រទេសកម្ពុជា៕

» អត្ថបទដែលទាក់ទង៖ ពិត​ឬ បុព្វហេតុ ហ៊ុន សែន ទៅ​ហៅ​យួន​មក​រំដោះ​ខ្មែរ?

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...