អ្នក​បើក​តាក់ស៊ី​ដែល​បុក​មនុស្ស​នៅ​ម៉ូស្គូ ថាបាន​ធ្វើការ​២០ម៉ោង​ក្នុង​១ថ្ងៃ

អ្នកបើកតាក់ស៊ី ដែលបានបុកមនុស្សឲ្យរបួស៨នាក់ កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន  បានថ្លែងឲ្យដឹងថា ខ្លួនបានធ្វើការជ្រុលហួសហេតុ ដែលជាហេតុ បង្កឲ្យអស់កម្លាំង និងងោគងុយ រហូតបណ្ដាលឲ្យមានគ្រោះថ្នាក់ដូច្នេះ។
អ្នក​បើក​តាក់ស៊ី​ដែល​បុក​មនុស្ស​នៅ​ម៉ូស្គូ ថាបាន​ធ្វើការ​២០ម៉ោង​ក្នុង​១ថ្ងៃ
រូបភាពផ្តិតចេញពីវីដេអូ បង្ហាញពីពេល ដែលរថយន្ដតាក់ស៊ី បានវេចង្កូត បុកហ្វូងមនុស្ស។ (រូបថត ផ្តិតពីវីដេអូ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៨ មិថុនា ២០១៨
  • កែប្រែចុងក្រោយ: June 20, 2018
  • ប្រធានបទ: បុក​មនុស្ស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅក្នុងវីដេអូមួយ ដែលត្រូវបានផ្សព្វផ្សាយ ដោយអាជ្ញាធររ៉ូស្ស៊ី បានបង្ហាញពីបុរសម្នាក់ ដែលបានថ្លែងឡើងថា ខ្លួនបានសម្រាក ត្រឹមតែ២ឬ៣ម៉ោងប៉ុណ្ណោះ មុននឹងងើបឡើង មកធ្វើការ។ បុរសនោះ​បានពន្យល់ថា ខ្លួនបានច្រឡំជាន់បន្ថែមល្បឿន ជាជាងជាន់លើហ្វ្រាំង ដែលជាអ្វី ដែលខ្លួនបានបាត់​ការត្រួតពិនិត្យ ទៅលើយានយន្ដរបស់ខ្លួន។

ជាមួយនឹងសំដី សុំការអភ័យទោស ពីបណ្ដាជនរងគ្រោះទាំងអស់នោះ បុរសខាងលើ បានថ្លែងឡើងថា៖ «ខ្ញុំមិនបានដឹងរឿង ដែលបានកើតឡើងទេ»។

បើតាមឯកសារមួយ ដែលត្រូវបានបង្ហោះផ្សាយ ដោយអាជ្ញាធររ៉ូស្ស៊ីដែរនោះ បានពន្យល់ថា បុរសអ្នកបើកតាក់ស៊ីរូបនេះ មានអាយុ២៨ឆ្នាំ និងជាជនជាតិ គៀរជីស្ដង់។ បុរសបានរត់ចេញ ពីកន្លែងកើតហេតុ តែត្រូវបានឃាត់ខ្លួន នៅក្បែរកន្លែងកើតហេតុ ក្នុងពេលបន្តិចក្រោយមក។ អ្នកបើកបរតាក់ស៊ីរូបនេះ បានពន្យល់ ពីការគេចខ្លួនចេញនោះ ថាបណ្ដាលមកពី ខ្លួនបារម្ភខ្លាចត្រូវគេសម្លាប់ នៅនឹងកន្លែង។

ហេតុការណ៍ នៃការបើកបុកមនុស្សនោះ បានកើតឡើង នៅកណ្ដាលរដ្ឋធានី ម៉ូស្គូ ប្រមាណជា ២០០ម៉ែត្រ ពីទីលានក្រហម ដែលសម្បូរដោយអ្នកទេសចរណ៍ និងបណ្ដារអ្នកគាំទ្របាល់ទាត់ នៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឆ្នាំ២០១៨។

នៅលើបណ្ដាញសង្គម និងបណ្ដាញចែករំលែកវីដេអូ គេឃើញវីដេអូមួយចំនួន ត្រូវបានបង្ហោះ ពីហេតុការណ៍នេះ។ វីដេអូមួយ ដែលជារូបភាពកាម៉េរ៉ាសុវត្ថិភាព បានបង្ហាញថា រថយន្ដតាក់ស៊ីបានវេចង្កូតឡើងចិញ្ចើមថ្នល់ ហើយបុកមនុស្សមួយក្រុម ដែលកំពុងឈរនៅទីនោះ។ បន្ទាប់មក មនុស្សជាច្រើននាក់ ដែលទំនង​ជាចង់ស្វែង​រកហេតុផល បានចូលទៅសួរនាំ អ្នកបើកបរតាក់ស៊ី មុននឹងអ្នកបើកបររូបនេះ បានបើកទ្វារថយន្ដរត់ចេញ និងបានរត់ឆ្លងថ្នល់ ទៅរកចិញ្ចើមថ្នល់​ម្ខាងទៀត។ វីដេអូមួយផ្សេង ដែលទំនងជាថតឲ្យអ្នកដំណើរ បានបង្ហាញឲ្យឃើញ បុរសអ្នកបើកបរតាក់ស៊ី កំពុងត្រូវបានមនុស្សជាច្រើននាក់ រត់ដេញវាយពីខាងក្រោយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...