កាសែត​អាល្លឺម៉ង់ លត់​ក្រុម​ជម្រើស​ជាតិ​ខ្លួន

«តើមាននរណាម្នាក់ បានឃើញក្រុមជើងឯកពិភពលោក របស់យើងឬទេ?» សារព័ត៌មានដ៏មានប្រជាប្រិយ ឈ្មោះ «Bild» របស់ប្រទេសអាល្លឺម៉ង់ បានដាក់ចំណងជើងដូច្នេះ ដើម្បីពន្យល់ពីបរាជ័យយ៉ាងអាម៉ាស របស់ក្រុមជម្រើសជាតិអាល្លឺម៉ង់ នៅចំពោះក្រុម ម៉ិចសិក ក្នុងការប្រកួតជុំដំបូង កាលពីថ្ងៃអាទិត្យទី១៧ ខែមិថុនានេះ។
កាសែត​អាល្លឺម៉ង់ លត់​ក្រុម​ជម្រើស​ជាតិ​ខ្លួន
កីឡាករ ណេយ័រ អ្នកចាំទីរបស់ក្រុមអាល្លឺម៉ង់ ស្ទុះចាប់បាល់ ក្រោមការការពាររបស់ខ្សែការពាររបស់ខ្លួន។ (រូបថត Fifa)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៨ មិថុនា ២០១៨
  • កែប្រែចុងក្រោយ: June 20, 2018
  • ប្រធានបទ: បាល់ទាត់​ពិភពលោក
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

យ៉ាងអាម៉ាស់ ដោយហេតុថា ក្រុមអាល្លឺម៉ង់ គឺជាម្ចាស់ពាន ជើងឯកពិភពលោក ឆ្នាំ២០១៤ ដែលជាព្រឹត្តិការណ៍ ក្នុងប្រទេសប្រេស៊ីល មុនព្រឹត្តិការណ៍ពិភពលោក ក្នុងប្រទេសរ៉ូស្ស៊ី នាឆ្នាំ២០១៨នេះ។ នៅក្នុងតារាងចំណាត់ថ្នាក់ប្រចាំឆ្នាំ របស់សហព័ន្ធបាល់ទាត់ពិភពលោក ក៏បានបញ្ជាក់ដែរថា គឺក្រុមជម្រើសជាតិអាល្លឺម៉ង់នេះ ឈរនៅលេខរៀងទីមួយ លើគេបង្អស់ នៃតារាងដែលមាន២០៦ប្រទេស។

ខណៈក្រុមម៉ិចសិកវិញ ឈរនៅលេខរៀង ទី១៥ នៃតារាងចំណាត់ថ្នាក់ខាងលើ តែបែរបានអង្អែលពុកមាត់អាល្លឺម៉ង់ នៅក្នុងការប្រកួតជុំដំបូង នៃវគ្គជម្រុះក្នុងពូល ដោយបំបាក់ក្រុមបាល់ទាត់ ដែលជាម្ចាស់ពាន ឆ្នាំ២០១៤ ក្នុងគ្រាប់បាល់ ១-០។

សម្រាប់សារព័ត៌មានអាល្លឺម៉ង់ វាជាព្រឹត្តិការណ៍ ដែលមិនអាចទទួលយកបាន និងបានបង្កការខកចិត្ត ដ៏ធំមហិមា។ សារព័ត៌មាន «Bild» បានសរសេរនៅក្នុងអត្ថបទរបស់ខ្លួនថា៖ «តើមាននរណាម្នាក់ បានឃើញក្រុមជើងឯកពិភពលោក របស់យើងឬទេ? ទោះឃើញ ឬមិនឃើញក៏ដោយ តែពួកគេមិនបាននៅលើទីលាន នៃការប្រកួត កាលពីល្ងាចថ្ងៃអាទិត្យ នៅរដ្ឋធានីម៉ូស្គូទេ!»។

សារព័ត៌មានបានសង្កៀតធ្មេញ ដាក់ក្រុមជម្រើសជាតិខ្លួនទៀតថា៖ «នៅប៉ុន្មានខែចុងក្រោយនេះ យើងបាននិយាយច្រើនណាស់ អំពីពហិកា នៃការចូលរួម ក្នុងព្រឹត្តិការណ៍ពិភពលោកមួយនេះ ដោយមូលហេតុនយោបាយ (Editor's Note: ជាសង្គ្រាមការទូត​រវាងក្រុង ប៊ែរឡាំង - សហភាពអ៊ឺរ៉ុប និងក្រុង ម៉ូស្គូ)។ តែយើងមិននឹកស្មានដល់ ពីអ្វីដែលក្រុមកីឡាករ ជម្រើសជាតិរបស់យើង បានយកមក​អនុវត្តន៍ នៅលើទីលានប្រកួត ចាប់ពីការប្រកួតលើកទីមួយដូច្នេះសោះ។»

សម្រាប់សារព័ត៌មាន «Munich Süddeutsche Zeitung» ដ៏ធំប្រចាំតំបន់ របស់អាល្លឺម៉ង់ បានបញ្ជាក់ថា «មានមូលហេតុច្រើនណាស់ ដែលត្រូវបារម្ភ»។ កាសែតបានសរសេរថា៖ «តាំងពីយូរហើយ ដែលក្រុមជម្រើសជាតិអាល្លឺម៉ង មិនដែលបានបង្ហាញពី ភាពអាណាធិបតេយ្យ និងភាពអស់កម្លាំង ដូចក្រុមជម្រើសជាតិ ក្នុងល្ងាចនេះ ដែលបានប្រកួតចាញ់ក្រុមម៉ិចសិក ០-១។ ការមើលឃើញកាន់តែច្បាស់ថា ក្រុមកីឡាករទាំង១១នាក់ ដែលបានចូលប្រកួត តាំងពីព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក ឆ្នាំ២០០២ បានឈានឡើងកម្រិតកំពូលរបស់ខ្លួន តាំងពី៤ឆ្នាំមុន (ឆ្នាំ២០១៤) រួចហើយ។»។

ចំពោះសារព័ត៌មាន «Zeit online» បានចំអកឲ្យក្រុមជម្រើសជាតិ អាល្លឺម៉ង់ ថានៅមានងារ ជាជើងឯកពិភពលោក សម្រាប់រយៈពេល៣សប្ដាហ៍ទៀត (Editor's Note: សារព័ត៌មានចង់ឌឺដងឲ្យថា នឹងមានជើងឯកពិភពលោកថ្មី សម្រាប់ឆ្នាំ២០១៨នេះ នៅបីសប្ដាហ៍ខាងមុខ មកជំនួសជើងឯកពិភពលោក ឆ្នាំ២០១៤)។ សារព័ត៌មានបានសរសេរថា៖ «យើងបានអបអរសាទរ ងារជាជើងឯកពិភពលោកនេះ អស់រយៈពេល៤ឆ្នាំហើយ អញ្ចឹងវាអាចថា ពេលវេលាសប្បាយរីករាយរបស់យើង បានចប់រួចរាល់។ ក្រុមអាល្លឺម៉ង់ បានបរាជ័យយ៉ាងស័ក្ដិសម ដោយគ្រាប់បាល់ ០-១ ទល់នឹងក្រុមម៉ិចសិក នៅក្នុងការប្រកួតជុំដំបូង នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឆ្នាំ២០១៨។»។

រីឯ «FAZ de Francfort» បានដាក់ចំណងជើងថា «Fiesta Mexicana: ការខកដំណើរដំបូង សម្រាប់ក្រុមអាល្លឺម៉ង់» ដោយពន្យល់ថា ក្រុមម៉ិចសិកបាន «ធ្វើឲ្យភ្លឺភ្នែក ពីភាពទន់ខ្សោយ នៃក្រុមជម្រើសជាតិអាល្លឺម៉ង់»។

ចំពោះទស្សនាវដ្ដី «Kicker» ដែលជំនាញខាងបាល់ទាត់ បានរក្សាជំហររបស់ខ្លួន ក្នុងការវិភាគទៅលើជំនួប រវាងក្រុមជម្រើសជាតិទាំងពីរថា៖ «ក្រុមអាល្លឺម៉ង់ បានទទួលបរាជ័យ ជាលើកទីមួយ ពីក្នុងចំណោមការប្រកួតដំបូងៗ នៃព្រឹត្តិការណ៍ពិភពលោក រាប់ចាប់តាំងពី ឆ្នាំ១៩៨២ មក។ តែបើនិយាយសរុបឲ្យខ្លី វាជាបច្ចេកទេសដ៏ឈ្លាសវៃ របស់ក្រុមម៉ិចសិក ដែលបានធ្វើ ឲ្យក្រុមជម្រើសជាតិ​អាល្លឺម៉ង់ ទទួលបរាជ័យ នៅល្ងាចថ្ងៃអាទិត្យនេះ។»៕

Loading...

មតិ-យោបល់

 
Loading...