បាល់ទាត់​ពិភពលោក៖ ម៉ិចសិក​ផ្ដួល​អាល្លឺម៉ង ម្ចាស់​ពាន​ឆ្នាំ​២០១៤

ម្ចាស់ជើងឯកពិភពលោក ឆ្នាំ២០១៤ ត្រូវបានក្រុម ម៉ិចស៊ិក បំបាក់ក្នុងល្ងាចនេះ ដោយពិន្ទុ១-០ សម្រាប់ការប្រកួតជុំដំបូង នៃវគ្គជម្រុះក្នុងពូល F។ ជាជ័យជំនះ របស់ក្រុម ម៉ិកស៊ិក ដែលបង្កឲ្យមានការភ្ញាក់ផ្អើល នៅក្នុងពិភពបាល់ទាត់ ដែលកំពុងតាមដាន ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឆ្នាំនេះ ក្នុងប្រទេសរ៉ុស្ស៊ី។
បាល់ទាត់​ពិភពលោក៖ ម៉ិចសិក​ផ្ដួល​អាល្លឺម៉ង ម្ចាស់​ពាន​ឆ្នាំ​២០១៤
កីឡាករ «Hirving Lozano» អបអរគ្រាប់បាល់របស់ខ្លួន ជាមួយកីឡាកររួមក្រុម ម៉ិចសិក ដទៃទៀត បន្ទាប់ពីបានទាត់បញ្ចូលទីក្រុម អាល្លឺម៉ង់ រួច។ (រូបថត Fifa)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៧ មិថុនា ២០១៨
  • កែប្រែចុងក្រោយ: June 17, 2018
  • ប្រធានបទ: បាល់ទាត់​ពិភពលោក
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បាល់មួយគ្រាប់ របស់ខ្សែប្រយុទ្ធម៉ិចស៊ិក កីឡាករ «Hirving Lozano» និងភាពស៊ីចង្វាក់ រវាងខ្សែការពារ និងខ្សែបម្រើរបស់ក្រុមជម្រើសជាតិ ម៉ិចសិក គ្រប់គ្រាន់នឹងផ្ដួលក្រុម អាល្លឺម៉ង់ ដែលកំពុងកាន់ពាន នៅក្នុងដៃ ជាជើងឯកពិភពលោក ឆ្នាំ២០១៤ (ប្រកួតនៅក្នុងប្រទេសប្រេស៊ីល) ឲ្យដួលបះជើង នៅក្នុងការប្រកួតដំបូង នៃវគ្គជម្រុះក្នុងពូល។

ចុះខ្សែប្រយុទ្ធ របស់ក្រុម ម៉ិចសិក នៅឯណា? តាមពិតទៅ ខ្សែប្រយុទ្ធរបស់ក្រុមនេះ មានតែពីរនាក់ប៉ុណ្ណោះ នៅក្នុងប្រព័ន្ធ ៥-៣-២ របស់ខ្លួន គឺកីឡាករ «Lozano» និងកីឡាករ «Chicharito»។ ប៉ុន្តែ គេមិនសូវមើលឃើញ ខ្សែប្រយុទ្ធទាំងពីរនាក់នេះ នៅក្នុងការវាយប្រហារទេ ដោយសារតែពួកគេ តែងចុះមកជួយបម្រើ និងការពារសឹងជាប្រចាំ នៅចំពោះការវាយលុក របស់ក្រុមអាល្លឺម៉ង់ ដែលកើតមាន សឹងនៅពេញមួយប្រកួត។ 

ផ្ទុយទៅវិញ កីឡាករទាំងពីរនាក់នេះ នៅពេលទទួលបាល់ម្ដងៗ ពួកគេបានប្រែខ្លួន ជាខ្សែប្រយុទ្ធពិតៗ និងបានបើកការវាយសម្រុក មកកាន់ទីរបស់ក្រុម អាល្លឺម៉ង់ យ៉ាងរហ័សជាទីបំផុត។ ដូចយ៉ាងនៅនាទីទី ៣៣ ជាដើម កីឡាករ «Chicharito» បានទទួលបាល់ ពីខ្សែបម្រើរបស់ខ្លួន និងបានបណ្ដើរឡើង ទៅជិតទីអាល្លឺម៉ង់ ទើបបញ្ជូនមកឲ្យកីឡាករ «Lozano»។ បន្ទាប់មក កីឡាករ «Lozano» បានប្រើថ្វីជើងដ៏ប៉ិនប្រសព្វរបស់ខ្លួន ពញ៉ាក់ដាច់ ខ្សែការពារអាល្លឺម៉ង់ម្នាក់ មុននឹងបំផ្លោងបាល់ ដោយល្បឿនផ្លេកបន្ទោរ ចូលក្នុងសំណាញ់​អាល្លឺម៉ង់។

បន្ទាប់ពីត្រូវបានក្រុម ម៉ិចសិក នាំមុខរួច ក្រុម អាល្លឺម៉ង់ បានបើកការវាយប្រយុទ្ធ ទាំងគ្មានប្រសិទ្ធិភាព និងជាផ្ទួនៗគ្នា ដើម្បីរកគ្រាប់បាល់ស្មើ ឬដើម្បីយកឈ្នះវិញ។ តែការវាយសម្រុកទាំងនោះ មិនមានលទ្ធផលល្អទេ ដោយហេតុថា ការទាត់បញ្ចូលទី​មួយចំនួន ធ្វើឡើង​ដោយមិនចំទិសដៅ ខណៈគ្រាប់បាល់​ដែលចំទិសដៅ ជាច្រើនគ្រាប់ ត្រូវបានកីឡាករចាំទីម៉ិចសិក ទះចេញ ឬចាប់ជាប់ជានិច្ច។

» វីដេអូសង្ខេប នៃការប្រកួតរវាងក្រុម អាល្លឺម៉ង់ និងក្រុម ម៉ិចសិក៖

ជ័យជំនះដ៏គួរឲ្យកោតស្ងប់ស្ងែង បានផ្ដល់៣ពិន្ទុ ទៅឲ្យក្រុម ម៉ិចស៊ិក ដើម្បីឡើងមកឈរ ជាបណ្ដោះអាសន្ន នៅចំណាត់ថ្នាក់ខាងលើ នៃពូល F ដោយត្រូវរង់ចាំលទ្ធផល ចេញពីការប្រកួតមួយទៀត រវាងក្រុម ស៊ុយអែដ និងក្រុម កូរ៉េខាងត្បូង នៅក្នុងជុំទីមួយ នៃពូល F ដដែល ដែលនឹងប្រព្រឹត្តិទៅ នៅរសៀលថ្ងៃស្អែក៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...