តាក់ស៊ី​មួយគ្រឿង​បើក​បុក​មនុស្ស របួស​៨នាក់ នៅ​កណ្ដាល​​ម៉ូស្គូ

ខណៈប្រទេសរ៉ូស្ស៊ីទាំងមូល កំពុងទទួលព្រឹត្តិការណ៍បាល់ទាត់ពិភពលោក នៅកណ្ដាលរដ្ឋធានីម៉ូស្គូឯណោះ រថយន្ដតាក់ស៊ីមួយគ្រឿង បានបើកបុកមនុស្ស ឲ្យរបួស៨នាក់ នៅល្ងាចថ្ងៃសៅរិ៍នេះ។ អាជ្ញាធរបានច្រានចោលភ្លាមៗ ថាហេតុការណ៍នេះ មិនមែន​ជា​ការ​វាយ​ប្រហារ​ណាមួយ​ទេ។
តាក់ស៊ី​មួយគ្រឿង​បើក​បុក​មនុស្ស របួស​៨នាក់ នៅ​កណ្ដាល​​ម៉ូស្គូ
ទិដ្ឋភាពនៅបន្ទាប់ពីរថយន្ដតាក់ស៊ីមួយគ្រឿង បានបើកបុកមនុស្ស នៅចិញ្ចើមថ្នល់ កណ្ដាលរដ្ឋធានីម៉ូស្គូ ក្នុងល្ងាចថ្ងៃសៅរិ៍ ទី១៦ ខែមិថុនា ឆ្នាំ២០១៨។ (រូបថតផ្តិតពីវីដេអូ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៦ មិថុនា ២០១៨
  • កែប្រែចុងក្រោយ: June 16, 2018
  • ប្រធានបទ: ចរាចរណ៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅកណ្ដាលរដ្ឋធានីម៉ូស្គូ រថយន្ដតាក់ស៊ីមួយគ្រឿង បានបើកទៅបុកមនុស្ស បណ្ដាលឲ្យរបួស៨នាក់ ក្នុងល្ងាចថ្ងៃសៅរ៍នេះ។ ហេតុការណ៍បានកើតឡើង នៅមិនឆ្ងាយប៉ុន្មាន ពីទីលានក្រហម ដែលសម្បូរដោយមនុស្សម្នា ក្នុងពេលចុងសប្ដាហ៍។ 

នៅក្រោយហេតុការណ៍ អាជ្ញាធរបានអះអាងភ្លាមៗថា ហេតុការណ៍នេះគ្រាន់តែ ជាគ្រោះថ្នាក់ចរចរណ៍មួយប៉ុណ្ណោះ។ ទីភ្នាក់ងារព័ត៌មានរ៉ូស្ស៊ី «Interfax» បានបញ្ជាក់បន្ថែមថា អ្នកបើកបរទំនង​ កំពុង​ស្ថិត​ក្នុង​សភាពស្រវឹង នៅពេលបង្កគ្រោះថ្នាក់នេះ។ 

ក្រសួងមហាផ្ទៃរ៉ូស្ស៊ី បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ឲ្យដឹងនៅមុននេះបន្តិចថា៖ «អ្នកបើកបររថយន្ដតាក់ស៊ីមួយរូប បានជ្រុល​បញ្ជាយានរបស់ខ្លួន ឲ្យឡើងលើចិញ្ចើមថ្នល់ និងបានជ្រុលទៅបុកអ្នកថ្មើរជើងជាច្រើននាក់។ នៅក្នុងរបាយការណ៍ដំបូង បានឲ្យដឹងថា មានមនុស្ស៨នាក់ បានទទួលការជួយសង្គ្រោះ ពីផ្នែកសេវាសុខភាព។»។

ជនរងគ្រោះទាំងអស់ ត្រូវបានក្រុមអ្នកជួយសង្គ្រោះ យកចិត្តទុកដាក់ភ្លាមៗ និងមិនមានជនរងគ្រោះណាម្នាក់ ស្ថិតក្នុងសភាពធ្ងន់ធ្ងរទេ។ បើតាមទីភ្នាក់ងារព័ត៌មាន «Reuters» បានអះអាងថា ជនរងគ្រោះភាគច្រើន បានពាក់ខោអាវ ដែលមានពណ៌របស់ក្រុមបាល់ទាត់ ម៉ិកសិក។

ដោយឡែក ចំពោះអ្នកបើកបរវិញ ទំនងជាមានបំណងចង់គេចខ្លួន បន្ទាប់ពីបានបង្កហេតុរួច តែត្រូវបានឃាត់ខ្លួនភ្លាមៗ នៅពេលនោះតែម្ដង មុននឹងនាំខ្លួន ទៅកាន់​ស្នងការ​នគរបាល។ សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងមហាផ្ទៃបានបញ្ជាក់ទៀតថា៖ «មូលហេតុនៃគ្រោះថ្នាក់នេះ បណ្ដាលមកពីអ្នកបើកបរ បានបាត់បង់ការបញ្ជា ទៅលើយានយន្ដរបស់ខ្លួន»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...