សម រង្ស៊ី៖ ទណ្ឌកម្ម​ដាក់​លើ ហ៊ីង ប៊ុនហៀង គឺ​សំដៅ​ ហ៊ុន សែន

ប្រធានចលនាសង្គ្រោះជាតិ បានអះអាងក្នុងយប់នេះ ជុំវិញការដាក់ទណ្ឌកម្មបង្កកទ្រព្យ និងហាមជាន់ទឹកដី ពីសំណាក់សហរដ្ឋអាមេរិក ទៅលើលោក ហ៊ីង ប៊ុនហៀង មេបញ្ជាកការកងអង្គរក្សនាយករដ្ឋមន្ត្រី ថាមានគោលដៅ ទៅរកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការវែកមុខជនឧក្រិដ្ឋ ដែលនៅពីក្រោយ អំពើភេរវកម្មគប់គ្រាប់បែក នៅខាងមុខវិមានរដ្ឋសភាចាស់ កាលពីចុងខែមិនា ឆ្នាំ១៩៩៧កន្លងមក។
សម រង្ស៊ី៖ ទណ្ឌកម្ម​ដាក់​លើ ហ៊ីង ប៊ុនហៀង គឺ​សំដៅ​ ហ៊ុន សែន
ការខ្សឹបខ្សៀវ រវាងលោក សម រង្ស៊ី (ខាងឆ្វេង) និងលោក ហ៊ុន សែន នៅក្នុងរដ្ឋសភា កាលពីអំឡុងចុងឆ្នាំ២០១៤។ (រូបថត MONOROOM.info)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៥ មិថុនា ២០១៨
  • កែប្រែចុងក្រោយ: June 16, 2018
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«គោលជំហរ និងនយោបាយ សហរដ្ឋអាមេរិក នៅពេលនេះ នឹងនាំទៅដល់ការចោទប្រកាន់ ទាំង ហ៊ីង ប៊ុនហៀង ទាំង ហ៊ុន សែន ថាពីរនាក់នេះជាជនឧក្រិដ្ឋ ពាក់ព័ន្ធក្នុងអំពើភេរវកម្ម ដ៏ឃោរឃៅមួយ ដែលតុលាការអន្តរជាតិ ត្រូវតែផ្តន្ទាទោសជាចាំបាច់» នេះ ជាការអះអាងឡើង របស់លោក សម រង្ស៊ី មេដឹកនាំប្រឆាំង និងជាគូបដិបក្ខដ៏ស្រួចស្រាវ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

ការថ្លែងរបស់លោក សម រង្ស៊ី ធ្វើឡើង​នៅលើបណ្ដាញសង្គម ក្នុងយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ នៅពីរ-បីថ្ងៃ ក្រោយការដាក់លោក ហ៊ីង ប៊ុនហៀង ឧត្ដមសេនីយ៍ផ្កាយ៤ និងជាមេបញ្ជាការ កងអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលទៅក្នុងបញ្ជីខ្មៅ នៃជនដែលរងការបង្កទ្រព្យ ហាមជាន់ទឹកដីអាមេរិក និងហាមទំនាក់ទំនង ជាមួយជនជាតិអាមេរិក ពីសំណាក់ក្រសួង​រតនាគារ​ជាតិ​អាមេរិក។

ប្រធានចលនាសង្គ្រោះជាតិ ដែលកំពុងស្ថិតនៅក្នុងរដ្ឋធានី ប៉ារីស ប្រទេសបារាំង បានសរសេរបន្តថា៖ «ទណ្ឌកម្ម ដែលសហរដ្ឋអាមេរិក ទើបតែដាក់មកលើ ហ៊ីង ប៊ុនហៀង គឺសំដៅទៅ ហ៊ុន សែន ក្នុងការវែកមុខជនឧក្រិដ្ឋ ដែលនៅពីក្រោយអំពើភេរវកម្មគប់គ្រាប់បែក នៅទីក្រុងភ្នំពេញ ថ្ងៃ ៣០ មិនា ឆ្នាំ ១៩៩៧»។

លោក សម រង្ស៊ី បានយកទឡ្ហីករណ៍ មកបញ្ជាក់ថា៖ «របាយការណ៍មួយ ចេញពីព្រឹទ្ធសភាសហរដ្ឋអាមេរិក ក្នុងឆ្នាំ ១៩៩៩ បានសន្និដ្ឋានថា (១) សមាជិក នៃកងកម្លាំងអង្គរក្សរបស់ ហ៊ុន សែន បានចូលរួមក្នុងការរៀបចំគម្រោង និងការអនុវត្តន៍ ការវាយប្រហារ ថ្ងៃ ៣០ មិនា ឆ្នាំ ១៩៩៧។ (២) ហ៊ុន សែន ស្ថិតក្នុងចំណោមមនុស្សតែពីរនាក់ ដែលអាចបញ្ជាកងកម្លាំងអង្គរក្សនេះ ដូច្នេះ គាត់ច្បាស់ជាបានដឹង និងបានយល់ព្រមពីការវាយប្រហារនេះ។»។

ទណ្ឌកម្មអាមេរិក ដាក់លើឧត្ដមសេនីយយោធាខ្មែរ​ ត្រូវបានស្ថាប័ន និងសេនាធិការជាច្រើន របស់រដ្ឋាភិបាលកម្ពុជា ធ្វើការច្រានចោល ដោយចាត់ទុកទណ្ឌកម្មនេះ ថាជាបានរំលោភច្បាប់កម្ពុជា ធ្វើឡើងតាមបែបភាពល្ងង់ខ្លៅ និងបែបគគ្លើន ។ល។ ពីសំណាក់រដ្ឋាភិបាលសហរដ្ឋអាមេរិក។

លោក ហ៊ីង ប៊ុនហៀង ខ្លួនឯង បានចេញ​លិខិតឆ្លើយតប​មួយច្បាប់ ទៅនឹងការសម្រេច របស់ក្រសួងរតនាគារ​ជាតិ​អាមេរិក​នោះ ដោយអះអាងឡើងថា លោកជាពលរដ្ឋខ្មែរ ដូច្នេះលោកមិនចាំបាច់គោរព តាមច្បាប់អាមេរិក ហើយក៏គ្មានទ្រព្យសម្បត្តិ សម្រាប់ទុកឲ្យសហរដ្ឋអាមេរិកបង្កក ក៏ដូចជាគ្មានបំណង ចង់មានទំនាក់ទំនង ជាមួយបណ្ដាជនអាមេរិក ឬក៏ទៅជាន់ទឹកដីអាមេរិកនោះដែរ។

មេបញ្ជាការ​កងអង្គរក្ស​នាយករដ្ឋមន្ត្រី ថែមទាំងអះអាងបន្តថា លោកត្រៀម​ខ្លួន ​ដើម្បី​ទប់ស្កាត់ និង​ប្រឆាំង​ដាច់ខាត ​ចំពោះ​«ជន​ក្បត់ជាតិ និង​បក្ខពួក​ប្រឆាំង ​ដែល​មាន​បំណង​​ធ្វើ​បដិវត្តន៍​ពណ៌ ​នៅ​កម្ពុជា​ [និងដែល]មាន​បរទេស​នៅ​ពី​ក្រោយ​ខ្នង»។ លោកថា ​លោក«ប្ដេជ្ញាការពារសន្តិសុខសុវត្ថិភាព» ជូនលោក ហ៊ុន សែន និងភរិយា រួមនឹងក្រុមគ្រួសារ ឲ្យ«បានជាដាច់ខាត»។

សម្រាប់​អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ បានពន្យល់ថា កាយវិការចុងក្រោយ របស់លោក ហ៊ីង ប៊ុនហៀង ជាការភ័យខ្លួន។ មេដឹកនាំប្រឆាំង បានលើកយកសម្ដី របស់លោក ហ៊ីង ប៊ុនហៀង ដែលផ្ដល់សម្ភាស ទៅឲ្យវិទ្យុក្រុងស្រុក មកធ្វើជាអំណះអំណាង ដោយសរសេរឡើងថា៖ «ឥឡូវនេះ ហ៊ីង ប៊ុនហៀង កំពុង​តែភ័យខ្លួន ហើយចាប់ផ្តើមឆ្លើយដាក់ ហ៊ុន សែន ថាជាអ្នកបញ្ជាគាត់ ឲ្យប្រព្រឹត្តរាល់អំពើហិង្សា (...) ចាំមើលបន្តិចទៀត នរណាកម្ចាត់នរណាមុន ដល់ពេល ពាលស៊ីពាល»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...