ករណី​ឃុំ​ខ្លួន កឹម សុខា «ត្រូវ​បាន​ប្ដឹង​ឡើង​ទៅ អ.ស.ប»

បណ្ដឹងនោះ ត្រូវបានធ្វើឡើងដោយក្រុមមេធាវីបរទេសមួយក្រុម ដាក់ទៅកាន់ក្រុមការងារ នៃអង្គការសហប្រជាជាតិ ទទួលបន្ទុកលើករណីឃុំខ្លួន តាមទំនើងចិត្ត (UN Working Group on Arbitrary Detention)។ នេះ បើតាមការលើកឡើង របស់កញ្ញា កឹម មនោរវិទ្យា កូនស្រីលោក កឹម សុខា និងជាមន្ត្រីជាន់ខ្ពស់ របស់គណបក្សសង្គ្រោះជាតិ។
ករណី​ឃុំ​ខ្លួន កឹម សុខា «ត្រូវ​បាន​ប្ដឹង​ឡើង​ទៅ អ.ស.ប»
ទិដ្ឋភាពនៃការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ នៅដល់គេហដ្ឋានរបស់លោក។ (រូបថតពីនគរបាល)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២២ ធ្នូ ២០១៧
  • កែប្រែចុងក្រោយ: December 22, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កញ្ញា កឹម មនោវិទ្យា កូនស្រីលោក កឹម សុខា ដែលកំពុងមានវត្តមាន នៅសហរដ្ឋអាមេរិកបានឲ្យដឹងថា ករណីឃុំខ្លួនឪពុករបស់កញ្ញា ដោយអាជ្ញាធររដ្ឋាភិបាលកម្ពុជា ត្រូវបានក្រុមមេធាវីអន្តរជាតិ ក្រោមការពឹងពាក់ របស់ក្រុមគ្រួសាររបស់កញ្ញា ដាក់ទៅកាន់ក្រុមការងារ នៃអង្គការសហប្រជាជាតិ ទទួលបន្ទុកករណីឃុំខ្លួន តាមទំនើងចិត្ត ហើយពាក្យបណ្ដឹងនោះ ត្រូវបានក្រុមការងារខាងលើ ទទួលយកទៅចាត់ការហើយ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧នេះ។ 

មន្ត្រីជាន់ខ្ពស់ របស់គណបក្សសង្គ្រោះជាតិរូបនេះ បានថ្លែងដូច្នេះនៅក្នុងវីដេអូផ្សាយផ្ទាល់មួយ នៅលើទំព័រហ្វេសប៊ុករបស់លោក កឹម សុខា កាលពីមុននេះបន្តិច។ កញ្ញាអះអាងថា៖ «ក្នុងពេលទៅមុខទៀត អ្វីដែលនឹងអាចកើតឡើង គឺគេ(ក្រុមការងារ)នឹងសិក្សា ពីពាក្្យបណ្ដឹងនោះ គេនឹងទាក់ទងទៅខាងអាជ្ញាធរកម្ពុជា និងរដ្ឋាភិបាលជាដើម ដើម្បីសុំព័ត៌មានបន្ថែម ហើយគេក៏អាចបង្កើតជាការស៊ើបអង្កេតមួយ ដែលនឹងចុះទៅត្រួតពិនិត្យផ្ទាល់ នៅក្នុងប្រទេសកម្ពុជាផងដែរ»។

 

លោក កឹម សុខា ប្រធានគណបក្សប្រឆាំងធំ តែមួយគត់នៅកម្ពុជា ត្រូវបានកងកម្លាំងនគរបាល ចូលទៅចាប់ខ្លួន នៅវេលាម៉ោង ០០ និង៣៥នាទី យប់​រំលង​អាធ្រាត ឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ដល់ក្នុងគេហដ្ឋានរបស់លោក ដែលស្ថិតនៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។ មេដឹកនាំបក្សប្រឆាំងរូបនេះ ត្រូវបានបញ្ជូនទៅឃុំខ្លួន មកទល់នឹងពេលនេះ នៅឯពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ ជិតព្រំដែនខ្មែរ-យួន។ លោកបានរងការចោទប្រកាន់ ពីសំណាក់អយ្យការ អមសាលាដំបូងរាជធានី ពីបទ«សន្ទិដ្ឋិភាពជាមួយបរទេស» ដែលជាបទល្មើសមួយ ក្នុងទង្វើក្បត់ជាតិ មានចែងនៅក្នុងមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌកម្ពុជា។

ករណីដ៏ប្រទាំងប្រទើសខាងលើ រួមនឹងការរំលាយគណបក្សប្រឆាំង ត្រូវបានព្រះអង្គម្ចាស់ ហ្សេដ រ៉ាអាដ អាលហ៊ូសេន (Zeid Ra'ad Zeid Al-Hussein) ឧត្ដមស្នងការជាន់ខ្ពស់ អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ចេញមុខប្រតិកម្មដោយផ្ទាល់ ចំនួនពីរលើកហើយ។ ដើម្បីដឹងលំអិត ពីប្រតិកម្មទាំងនោះ របស់ព្រះអង្គម្ចាស់ សូមចុចចូលអាន នៅទីនេះ និងទីនេះ

ដោយឡែក នៅក្នុងជំនួបដោយផ្ទាល់ ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីពាក់កណ្ដាលខែមុន លោក អង់តូនីញ៉ូ ហ្គូតែរ៉េស (António Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ បានសំដែងការរំពឹងទុកថា កម្ពុជាត្រូវបង្កលក្ខខណ្ឌចាំបាច់ សម្រាប់ការបោះឆ្នោតសភា ដោយសេរី និងប្រជាធិបតេយ្យ នៅឆ្នាំ២០១៨ខាងមុខ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...